ឧត្តរមានជ័យៈ គណៈកម្មការសង្ឃសហគមន៍រុក្ខាវ័នបានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ទៅអង្គការអាដហុក និងលីកាដូរឿងទាហានវ៉ៃ និងគំរាមសម្លាប់ ខណៈដែលខណ្ឌរដ្ឋបាលព្រៃឈើមិនទាន់បានបញ្ជូនសំណុំរឿងទាហានដណ្តើមឈើខុសច្បាប់នេះទៅតុលាការនៅឡើយ។
លោក លឿត ឡោះ អាយុ ២៧ ឆ្នាំដែលជាគណៈកម្មការសង្ឃសហគមន៍រុក្ខាវ័នបានដាក់ពាក្យប្តឹងទៅអង្គការសិទ្ធិមនុស្សអាដហុក និងលីកាដូ កាលពីម្សិលមិញដើម្បីសុំអន្តរាគមន៍រឿងទាហានឈ្មោះ ដូង នៅ វរៈ ៤២៤ នៃកងពល ៤២ វាយដណ្តើមយកឈើល្មើសច្បាប់ និងគំរាមយកសាំងដុតសម្លាប់ចោល ដោយសារតែខឹងនឹងរូបលោក និងរដ្ឋបាលព្រៃឈើ ចាប់ដកហូតឈើធ្នង់ចំនួន ៨ សន្លឹកនៅក្រុងសំរោងកាលពីល្ងាចថ្ងៃទី ២៨ ខែមករា។
លោក ឡោះ បានធ្វើកំណត់ហេតុ និងប្តឹងទៅតុលាការ តាមរយៈខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ២ ថ្ងៃក្រោយពេលកើតហេតុ។ ប៉ុន្តែអស់រយៈពេល ១០ ថ្ងៃមកហើយសំណុំរឿងនេះមិនទាន់ត្រូវបានបញ្ជូនទៅតុលាការនោះទេ។
លោកបន្តថា កាលពីលើកដំបូងលោកគិតថា ខាងរដ្ឋបាលព្រៃឈើនឹងដាក់ពាក្យបណ្តឹងទៅតុលាការព្រោះមន្ត្រីរដ្ឋបាលព្រៃឈើក៏ត្រូវបានទាហានគំរាម និងប្រមាថផងដែរ។ «បើខ្ញុំវិញ ខ្ញុំមិនទុក [បណ្តឹង] មិនបានទេ។ គេមើលងាយ ដល់ថ្នាក់នោះហើយ...ខ្ញុំស្តាប់មើលជនល្មើសនោះដូចជាមិនខ្លាច និងមិនទៅណាទេ។ មើលទៅរាងយូរហើយ»។
លោក ឡោះ យល់ស្របថា ការយឺតយ៉ាវក្នុងការស៊ើបអង្កេត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការរបស់រដ្ឋបាលព្រៃឈើ អាចបណ្តាលមកពីការខ្លាចអំណាចរបស់ក្រុមទាហាន។
ព្រះតេជគុណ ប៊ុន សាលួត ប្រធានសង្ឃសហគមន៍រុក្ខាវ័ន មានសង្ឃដីកាថា កាលពីថ្ងៃពុធព្រះអង្គបានសួរខាងរដ្ឋបាលព្រៃឈើពីរឿងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការនោះហើយខាងព្រៃឈើថា មិនទាន់បានដាក់ទៅទេ។
លោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានឲ្យដឹងថា សំណុំរឿងនេះកំពុងតែត្រូវបានស៊ើបអង្កេតទៅតាមដំណាក់កាល និងតាមការងារជំនាញ ដើម្បីប្រមូលធាតុផ្សំនៃបទល្មើស។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនទាន់ [ដាក់] ទេ។ យើងត្រូវប្រមូលធាតុផ្សំចាត់ការវា...ដូចយើងចាប់ពស់វែកអ៊ីចឹង បើយើងចាប់មិនស្រួល ពស់ចឹកយើងវិញងាប់»។
លោកស្រី ណារ៉េន អ្នកសម្របសម្រួលអង្គការអាដហុក ប្រចាំខេត្តឧត្តរមានជ័យឲ្យដឹងថា បន្ទាប់ពីទទួលបណ្តឹងពីលោក ឡោះ លោកនឹងធ្វើការស្រាវជ្រាវពីករណីនេះបន្ថែមនៅមុនពេលរៀបចំឯកសារដាក់ទៅតុលាការខេត្ត។
លោក ណារ៉េន ឲ្យដឹងថា ប្រសិនបើគ្មានចំណាត់ការណាមួយទៅលើជនដៃដល់នោះទេ នោះវាជាអំពើនិទ្ទណ្ឌភាពមួយហើយធ្វើឲ្យជនល្មើសបានចិត្ត និងនៅតែបន្តប្រព្រឹត្តបទល្មើសទៀត។
លោក ឡោះ ថាលោកកំពុងតែព្រួយបារម្ភពីសុវត្ថិភាពនៅពេលដែលចេញល្បាតព្រៃ និងធ្វើដំណើរកាត់បន្ទាយទាហាន នៅពេលដែលទាហានឈ្មោះ ដូង ជាជនដៃដល់ឃើញមានវត្តមាននៅតំបន់នោះនៅឡើយ។
ព្រះតេជគុណ សាលួត ក៏មានសង្ឃដីកាផងដែរថា ករណីដែលបង្កឡើងដោយទាហាននោះគឺជាទោសឧក្រិដ្ឋ។ បើមិនជំរុញឲ្យមានចំណាត់ការច្បាប់ទេនោះថ្ងៃក្រោយអាចបណ្តាលឲ្យបាត់បង់ជីវិតដល់អ្នកខិតខំការពារព្រៃឈើ។ «នេះជាការគំរាមកំហែងធំណាស់ មិនមែនធម្មតាទេ។ រឿងជាមួយទាហានច្រើនដងហើយ។ បាញ់គំរាម ៧-៨ គ្រាប់, បាញ់ ១៨ គ្រាប់ ពេលយើងកំពុងចាប់ម៉ាស៊ីនអារឈើ គោយន្តដឹកឈើមកប្លន់យកទៅវិញ»៕