មណ្ឌលគិរីៈ សហគមន៍ជនជាតិភាគតិចព្នងនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានអះអាង នៅថ្ងៃទី ២៣ សីហានេះថា សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ក្នុងមួយយប់មានរថយន្តចាប់ពី ២០ ទៅ ៣០ គ្រឿង ចេញពីដែនជម្រកសត្វព្រៃណាំលៃរ ប៉ុន្ដែអាជ្ញាធរថា សកម្មភាពនេះត្រូវបានបង្ក្រាបរួចរាល់ហើយ។
លោក ច្រើង តុលា តំណាងក្រុមសកម្មជនតស៊ូមតិ និងការពារព្រៃឈើក្នុងសហគមន៍ព្នងឃុំប៊ូស្រាបានលើកឡើងថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតែបន្តជារៀងរាល់ថ្ងៃ ដោយគ្មានការបង្ក្រាបពីអាជ្ញាធរសមត្ថកិច្ចនោះទេ។ ជាក់ស្ដែង ជារៀងរាល់យប់គេឮសំឡេងរថយន្តដឹកឈើចេញពីតំបន់ដែនជម្រកសត្វព្រៃណាំលែរជាហូរហែ។
លោកបន្តថា កន្លងមកពេលដែលពលរដ្ឋបានឃើញសកម្មភាពនេះ តែងតែទៅរាយការណ៍ប្រាប់សមត្ថកិច្ច ឬចុះបង្ក្រាបផ្ទាល់តែម្ដងប៉ុន្ដែមិនបានលទ្ធផលអ្វីទេ ព្រោះជនល្មើសមានអាវុធគ្រប់ដៃ។ លើសពីនេះ ពួកគេបានគំរាមសម្លាប់ប្រជាសហគមន៍ដែលហ៊ានរារាំងពួកគេទៀតផង។
លោកបញ្ជាក់ថា៖«បទល្មើសនៅតែកាប់ដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេង ហើយអនាធិបតេយ្យក្នុងឃុំប៊ូស្រាយើងនេះ ក្នុងនាមខ្ញុំអ្នកតស៊ូមតិ និងជាអ្នកការពារព្រៃឈើ ស្នើសុំឯកឧត្តម ស្វាយ សំអ៊ាង គណៈនៃគណៈអភិបាលខេត្តជួយទប់ស្កាត់បទល្មើសនិងបង្កើនប្រសិទ្ធភាព ក្នុងការការពារឲ្យមានចីរភាព ព្រៃឈើផង ព្រោះវាជិតរលាយហើយ»។
លោក កែវ សុភ័គ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានប្រាប់នៅថ្ងៃទី២៣សីហានេះថា កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបរួចរាល់ហើយគឺរឹបអូសឈើដែលក្រុមជនល្មើសបានលួចកាប់រាប់រយដុំលាក់ទុកនៅក្បែរមាត់អូរក្នុងតំបន់ណាំលែរ ប៉ុន្ដែមនុស្សបានរត់គេចខ្លួនបាត់។
លោកបញ្ជាក់ថា៖«យើងចុះបង្ក្រាបរយៈពេលមួយសប្ដាហ៍ហើយ ជាពិសេសយើងបានទៅពិនិត្យក្នុងក្រុមហ៊ុនវៀតណាមមួយដែលបានដីសម្បទានសេដ្ឋកិច្ចនៅក្បែរតំបន់ដែនជម្រកសត្វព្រៃណាំលែរហើយបានឃើញឈើជាច្រើនកំណាត់ដែរ។ ខ្ញុំគិតថា ក្រុមហ៊ុនហ្នឹងអាចវាជួលពលរដ្ឋដែលនៅក្បែរនោះចូលទៅកាប់ ហើយយកទៅលាក់ក្នុងដីក្រុមហ៊ុន»។
លោក អៀង ម៉េងលី មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃអង្គការ ADHOC ប្រចាំខេត្តមណ្ឌលគិរីបានឲ្យដឹងថា ដូចនូវអ្វីដែលពលរដ្ឋក្នុងសហគមន៍លើកឡើងដែរ គឺសមត្ថកិច្ចមិនសូវមានសកម្មភាពឬបង្ហាញលទ្ធផលនៃការបង្ក្រាបទេ។ ម្យ៉ាងវិញទៀតបើសមត្ថកិច្ចបង្ក្រាបបាន លុះត្រាតែមានគ្រោះថ្នាក់ចរចរណ៍ដោយចៃដន្យ និងបង្ក្រាបបានតែពលរដ្ឋដែលដឹកតាមកង់ឬម៉ូតូបន្ដិចបន្ដូចប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖«ពួកគេចាប់បានដែរតែបានអ្នកដែលជិះកង់ឬដឹកអុសបន្ដិចបន្ដួចហ្នឹង ហើយទ្រង់ទ្រាយធំគឺមិនងាយបានឃើញសមត្ថកិច្ចបង្ក្រាបបានទេ។ ដូច្នេះ បានជាពលរដ្ឋក្នុងសហគមន៍ គាត់ចេះតែបង្ហាញក្ដីបារម្ភជុំវិញការបាត់បង់ព្រៃឈើទាំងនេះ»។
សហគមន៍ភូមិពូលុបានចុះបញ្ជីកំណត់អត្តសញ្ញាណជនជាតិដើមព្នងទទួលស្គាល់ផ្លូវការដោយក្រសួងអភិវឌ្ឍន៍ជនបទ។
សហគមន៍អភិរក្សព្រៃតំបន់នោះដើម្បីចុះបញ្ជីជាព្រៃគោរពបូជានិងជាព្រៃត្រៀមបម្រុងសហគមន៍ ក៏ប៉ុន្តែប៉ុន្មានឆ្នាំកន្លងទៅ ព្រៃនេះត្រូវបានជនល្មើសលួចកាប់ធ្វើអាជីវកម្មក្នុងប្រទេសនិងលួចដឹកឆ្លងដែនទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាមដែលមានព្រំដែនជាប់នឹងតំបន់នោះ៕