មណ្ឌលគិរីៈ សហគមន៍ជនជាតិដើមព្នងនៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា បានដាក់ពាក្យប្ដឹងទៅតុលាការខេត្តមណ្ឌលគិរីកាលពីម្សិលមិញ ដើម្បីប្ដឹងក្រុមអាជ្ញាធរនៅឃុំដាក់ដាំ ស្រុកអូររាំង ពីបទបណ្ដែតបណ្ដោយឱ្យមានករណីកាប់ព្រៃឈើទន្ទ្រានយកដីក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ បន្ទាប់ពីសមាជិករបស់គេ ១៥ នាក់ ចុះល្បាតព្រៃកាលពីថ្ងៃទី ១២ កញ្ញា ហើយបានរកឃើញសកម្មភាពលួចកាប់ព្រៃទន្ទ្រានយកដីនៅចំដែនជម្រកសត្វព្រៃនៅទីតាំងខាងលើនោះ។
លោក គ្រើង តុលា សកម្មជនការពារព្រៃឈើ ឃុំប៊ូស្រា ប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃទី ១៦ កញ្ញា ថា នៅក្នុងពាក្យបណ្ដឹងនោះគឺប្ដឹងមេឃុំដាក់ដាំ នគរបាលប៉ុស្ដិ៍ដាក់ដាំ ពីបទបណ្ដែតបណ្ដោយធ្វើឱ្យមានបទល្មើសក្នុងដែនរដ្ឋបាលរបស់ខ្លួន។ ជាមួយគ្នានេះក៏មានការប្ដឹងជនសង្ស័យជាអ្នកភូមិម្នាក់ ឈ្មោះ កាំ គឹមវ៉ី និងបក្ខពួកផងដែរ ដែលជាអ្នកជួល ឬបញ្ជាឱ្យកាប់ព្រៃទន្ទ្រានយកដីស្ថិតក្នុងដែនជម្រក សត្វព្រៃភ្នំណាមលៀរ។ លោកថាពាក្យបណ្តឹងត្រូវបានដាក់ជូនតុលាការរួចអស់ហើយ ។
លោក គ្រើង តុលា អះអាងថា៖ «ពាក្យបណ្ដឹងហ្នឹងគឺមានផ្ដិតមេដៃដោយតំណាងសហគមន៍នៅភូមិពូលុចំនួន ២ នាក់»។
កាលពីថ្ងៃទី ១២ ខែកញ្ញា សហគមន៍ជនជាតិដើមព្នងនៅភូមិពូលុចំនួន ១៥ នាក់បានចុះល្បាតព្រៃ និងបានប្រទះឃើញបុរសចំនួន ៣ នាក់កំពុងធ្វើសកម្មភាពអារឈើផ្ដួលរលំដើម្បីទន្ទ្រានយកដីស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរដែលមានទីតាំងក្នុងភូមិពូរលេះ ឃុំដាក់ដាំ។
លោក ក្លាង ថូល ប្រធានសហគមន៍ភូមិពូលុបានលើកឡើងថាក្នុងការចុះល្បាតទប់ស្កាត់បទល្មើសព្រៃឈើនេះ គឺរឹបអូសបានម៉ាស៊ីនអារឈើចំនួន ២ គ្រឿង ហើយបានប្រគល់ឱ្យមន្ត្រីបរិស្ថាននៅឃុំប៊ូស្រា។ ចំណែកជនល្មើស ៣ នាក់ គឺ ២ នាក់រត់គេចរួច និងម្នាក់ទៀតដែលសហគមន៍ឃាត់ខ្លួនបាន ជនរូបនោះបានឆ្លើយសារភាពថា គឺជាកម្មករដែលឈ្មោះ កាំ គឹមវ៉ី ជួលឱ្យអារឈើដើម្បីទន្ទ្រានយកដីនោះ។
លោកបញ្ជាក់ថា៖ «ម្នាក់ដែលយើងឃាត់បានឆ្លើយថា គឺជាអ្នកស៊ីឈ្នួលគេ ហើយក្នុង ១ [ហិកតា] ទទួលបានប្រាក់ ១ លានរៀល។ តាមអ្វីដែលយើងបានឃើញគឺបានកាប់ឈើផ្ដួលរំលំហ្នឹងអស់ប្រហែល ២ [ហិកតា]។ ដោយសារយើងមិនមែនជាមន្ត្រីអនុវត្តច្បាប់ អ៊ីចឹងគ្មានសិទ្ធិចាប់ខ្លួនជនល្មើសអារឈើនោះទេ ប៉ុន្តែបើចម្លើយសារភាពគឺពួកគេទាំង ៣ នាក់គ្រោងនឹងកាប់ព្រៃទាំងអស់ចំនួន ៧ ហិកតា»។
ប្រធានសហគមន៍រូបនេះបន្ថែមថា ទីតាំងមានការអារឈើទន្ទ្រាននេះគឺជាតំបន់ព្រៃក្រាស់សម្រាប់កប់ខ្មោច ហើយឈើដែលគេបានអារផ្ដួលរលំ គឺមានទាំងប្រភេទដើមឈើតូច និងឈើធំដែលខ្លះមានទំហំរហូតដល់ ២ ឱបមនុស្ស។
លោក ក្លាង ថូល អះអាងថាក្នុងការចុះល្បាតកាលពីថ្ងៃព្រហស្បតិ៍ គឺមិនបានសុំកិច្ចសហការ និងផ្ដល់ដំណឹងជាមុនទៅប៉ូលិសប៉ុស្ដិ៍ ឬមន្ត្រីបរិស្ថានឡើយ។ លោកថាការផ្ដល់ដំណឹងទៅអាជ្ញាធរ ២-៣ ថ្ងៃមុនការចុះល្បាតគឺតែងធ្វើឱ្យជនល្មើសដឹងខ្លួនមុន។
មេឃុំដាក់ដាំលោក ចាស់ ណា បដិសេធចំពោះការចោទប្រកាន់ថាលោកបណ្ដែតបណ្ដោយឱ្យមានការកាប់ព្រៃទន្ទ្រានយកដីក្នុងដែនអភិរក្សនេះ។
លោកអះអាងថា រូបលោក និងនគរបាលប៉ុស្ដិ៍នឹងចុះទៅពិនិត្យករណីកាប់ព្រៃនេះ ប៉ុន្តែមិនបានបញ្ជាក់ថាក្រុមលោកនឹងចុះទៅពេលណានៅឡើយទេ ដោយសារទីតាំងដែលសហគមន៍រកឃើញមានបទល្មើសព្រៃឈើ គឺស្ថិតក្នុងព្រៃជ្រៅមានចម្ងាយពីសាលាឃុំប្រហែល ៤០ គីឡូម៉ែត្រ។
លោកនិយាយថា៖ «មិនបានបណ្ដែតបណ្ដោយអីទេ ហើយខាងសហគមន៍ហ្នឹងបានតេមកខ្ញុំហើយ ហើយខ្ញុំនឹងចុះទៅមើលមើល៍ ទីតាំងហ្នឹង»។
ចំណែកលោក សុក សុជាតិ ប្រធានស្នាក់ការបរិស្ថានទួលស្វាយនៅភូមិពូរលេះបានឆ្លើយតបថា នៅថ្ងៃម្សិលមិញលោកបានចុះទៅពិនិត្យទីតាំងដែលសហគមន៍បានរាយការណ៍ប្រាប់លោកថា មានការទន្ទ្រានយកដីក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរនោះ ដើម្បីរាយការណ៍បន្តទៅមន្ទីរបរិស្ថានខេត្តដើម្បីអនុវត្តទៅតាមច្បាប់។
លោកនិយាយថា៖ «ចាំមើលរាយការណ៍ទៅមន្ទីរ ហើយមន្ទីរគាត់ថាម៉េច អាហ្នឹងចាំមើលវិធានការរបស់មន្ទីរ [បរិស្ថាន]»។
កាលពីម្សិលមិញ ភ្នំពេញប៉ុស្ដិ៍មិនអាចទាក់ទងសុំការបញ្ជាក់ពីលោក កែវ សុភ័ក្រ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានទេ ដោយសារទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។
លោក អ៊ាង ម៉េងលី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស (អាដហុក) ខេត្តមណ្ឌលគិរី លើកឡើងថា សហគមន៍តែងអះអាងពីផលលំបាកនៅពេលពួកគេចង់សហការក្នុងការចុះល្បាតព្រៃជាមួយអាជ្ញាធរមូលដ្ឋាន។ ជាពិសេសមន្ត្រីជំនាញបរិស្ថានដូចជាការធ្វើឱ្យជនល្មើសដឹងខ្លួនមុន ការសួររកលិខិតស្នាមផ្សេងៗក្នុងការអនុញ្ញាតឱ្យចុះល្បាត និងការគេចវេះមិនព្រមចុះល្បាតជាមួយសហគមន៍ជាដើម។
លោកថា៖ «ទាំងនេះជារូបភាពបង្ហាញថា ធ្វើឱ្យសហគមន៍អស់ជំនឿទៅលើការសហការជាមួយអាជ្ញាធរ។ អ៊ីចឹងអ្វីដែលខ្ញុំទាមទារឱ្យអាជ្ញាធរសហការនោះ គឺនៅពេលសហគមន៍មានបញ្ហា ស្នើសុំ (អាជ្ញាធរ) ឱ្យមានការចាត់ការទាន់ពេលវេលា និងទាន់សភាពការណ៍»។
ពាក្យបណ្ដឹងរបស់សហគមន៍ដែលប្ដឹងទៅតុលាការកាលពីថ្ងៃចន្ទសរសេរថា មាត្រា ១០០ ច្បាប់ស្ដីពីព្រៃឈើគឺមន្ត្រីអាជ្ញាធរដែនដី នគរបាល និងកងយោធពលខេមរភូមិន្ទដែលផ្ដល់ការអនុញ្ញាតដោយផ្ទាល់ ឬដោយប្រយោលជួយដល់អាជីវកម្មព្រៃឈើខុសច្បាប់ គឺត្រូវបានចាត់ទុកជាបទល្មើសដែលអាចជាប់ពន្ធនាគារពី ១ ឆ្នាំដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ១០ ទៅ ១០០ លានរៀល៕