ក្រុម​គណៈ​កម្មការ​សហគមន៍​សង្ឃរុក្ខវ័ន​ និយាយថា ​បទល្មើសព្រៃ​ឈើ​និង​សត្វព្រៃ​នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​សង្ឃ​រុក្ខ​វ័ន ​បានផ្ទុះ​កក្រើក​ឡើងវិញ​គួរឲ្យ​កត់សម្គាល់ ​និង​អំពាវនាវ​ដល់​សមត្ថកិច្ចពាក់​ព័ន្ធ​ ពិសេស​អាជ្ញាធរ​មូលដ្ឋាន ​ចូល​រួម​ឲ្យ​បាន​សកម្ម​នៅក្នុង​កិច្ច​ការពារ ​ទប់​ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ក្នុង​តំបន់នេះ​ឲ្យមាន​ប្រសិទ្ធភាព។

ខណៈ​កំពុង​បន្ត​ដំណើរ​ចុះល្បាត​ព្រៃ​ក្នុង​ភូមិសាស្ត្រ​តំបន់​ ភ្នំ​ស្វាយ ​និង​ភ្នំក្រោល ​នៃ​ដែន​ជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន ​ដែលមាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​លំទង ​ស្រុក​អន្លង់វែង ​ខេត្ត​ឧត្តរ​មានជ័យ ​កាលពី​ព្រឹក​ថ្ងៃពុធ ​ព្រះតេជគុណ​ ប៊ុន សាលួត ​ប្រធាន​គណៈ​កម្ម​ការ​សហគមន៍​សង្ឃរុក្ខវ័ន ​បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ​បទល្មើស​សត្វព្រៃ​និង​ព្រៃឈើ​ក្នុងតំបន់​ដែនជម្រក​សត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​ បានផ្ទុះ​កក្រើក​ឡើង​វិញ​គួរ​ឲ្យកត់​សម្គាល់​។

ព្រះអង្គ​មានព្រះ​ថេរដីកា​ថា​៖«ក្នុង​ដំណើរ​ចុះល្បាត​ព្រៃ​រយៈពេល​១សប្ដាហ៍​កន្លង​មកនេះ ​ក្រុម​ការងារ​របស់​អាត្មា ​បានរក​ឃើញ​សត្វ​ទន្សោង ​១ ក្បាល ​និង​សត្វប្រើស​ ២ ក្បាល​ងាប់​នៅក្បែរ​ខ្សែលួស ​ដែលជា​អន្ទាក់​ភ្ជាប់​ដោយ​ឧបករណ៍​ឆក់ ​នៅ​ចំណុច​ភូមិសាស្ត្រ​ភ្នំស្វាយ ​និង​ភ្នំ​ក្រោល ។ សព​សត្វព្រៃ​ទាំងនោះ ​ បាន​រលួយ​នៅសល់​តែ​ស្បែក​និង​គ្រោង​ឆ្អឹង។ ក្រៅពី​នេះ ​ក្រុមការងារ​របស់​អាត្មា ​ក៏បាន​រកឃើញ​ករណី​កាប់ផ្ដួល​រំលំ​ដើមឈើ​ថ្មីៗ​ប្រមាណ ​៤០ ដើម ​ព្រមទាំង​រណាយន្ត​ចំនួន​ ១ គ្រឿង​ ដែល​ក្រុមជន​ប្រព្រឹត្ត​បទល្មើស​បានលាក់​ទុក​នៅក្នុង​តំបន់​នោះ​ផង​ដែរ»។

ព្រះ​តេជគុណ​ ប៊ុន សាលួត ​មានព្រះ​ថេរដីកា​បន្តថា ​កាលពី​ខែមីនា​កន្លង​ទៅនេះ ​ក្រុម​គណៈកម្មការ​សហគមន៍​សង្ឃរុក្ខវ័ន​ បាន​រក​ឃើញ​សពសត្វ​ទន្សោង​១ក្បាល ​និង​សពសត្វ​ប្រើស​ចំនួន​៤ក្បាល​ ព្រមទាំង​ខ្សែអន្ទាក់​សរុបជាង​ ៣០០ ខ្សែ ​និង អន្ទាក់​ខ្សែ​លួសជាង ​៣ ០០០ ម៉ែត្រ ​ដែលមាន​ភ្ជាប់​ដោយ​ឧបករណ៍​ឆក់​អាគុយ​៣គ្រឿង ​និង​ ដុំ​អាំង​ស៊ី​វាទ័រ​ចំនួន​៣គ្រឿង។

ជាមួយ​គ្នានេះ​ព្រះអង្គ​បានអំពាវនាវ ​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំងអស់​ រួមទាំង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មូលដ្ឋាន ​ចូលរួម​ឲ្យ​បាន​សកម្ម​ក្នុង​កិច្ចការពារ​ទប់​ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ​និង​សត្វព្រៃ​នៅក្នុង​តំបន់​ដែនជម្រក​មួយនេះ ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សាធារណជន​ទូទៅ​នៅក្នុង​ប្រទេស​កម្ពុជា ​និង​នៅ​ទូទាំង​សកលលោក​ទាំង​មូល។

ព្រះ​អង្គមាន​ព្រះ​ថេរដីកា​ថា ​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន​ ជាតំបន់​ចុងក្រោយ​បំផុត​នៃ​ខេត្ត​ភាគឧត្តរ​នៃ​ប្រទេស​កម្ពុជា ​ដែល​នៅ​មានវត្ត​មាន​សត្វព្រៃ​ច្រើន​ជាង​គេ។ ពិសេស​ប្រភេទ​សត្វកម្រ ​និង​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក ​ដូចជា ​សត្វ​ទន្សោង​ ប្រើស​ ខ្ទីង​ ខ្លា ​សត្វ​ទោច ​និង​ ស្វាព្រាម​ជា​ដើម។

ជុំវិញ​ករណីនេះ ​លោក​ភួង លីណា ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ ​បាន​ប្រាប់ភ្នំពេញ​ប៉ុស្តិ៍​នៅថ្ងៃពុធ​ថា ​លោក​បាន​ទទួល​ដំណឹង​អំពី​ករណី​ប្រទះ​ឃើញ​សព​សត្វ​ទន្សោង​និង​សត្វ​ប្រើស​នោះ​ពី​ក្រុម​មន្ត្រី​ឧទ្យានុរក្ស ​ដែលបាន​ចូល​រួមចុះ​ល្បាត​ជាមួយ​គណៈកម្មការ​សហគមន៍​សង្ឃរុក្ខវ័ន​នោះ​ហើយ។

លោក​ថ្លែង​បន្តថា​៖«ដោយ​ឡែក​ករណី​គល់ឈើ​ប្រមាណ​ ៣០-៤០​ ដើម ​ដែលក្រុម​គណៈកម្មការ​សហគមន៍​ សង្ឃរុក្ខវ័ន ​បាន​ប្រទះ​ឃើញ​នោះ ​គឺ​មិនមែន​ជាករណី​ថ្មី​ទេ។ ករណី​នេះ​ត្រូវបាន​ក្រុម​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​យើង ​ស្រាវជ្រាវ​រកឃើញ​និង​បង្ក្រាប​ចាប់​ជនប្រព្រឹត្ត​បទល្មើស ​ព្រមទាំង​រឹបអូស​គោយន្ត​ ២០ គ្រឿង​តាំងពី​ជាង ១​ សប្ដាហ៍​មុន​មក​ម្ល៉េះ ​ហើយ​ករណីនេះ​ សមត្ថកិច្ច​យើង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រួចហើយ​ដែរ»។

បើ​តាម​លោក​លីណា ​កាលពី​៣ថ្ងៃ​មុន ​ក្រុមមន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ ​បានសហការ​ជាមួយ​មន្ត្រី​ឧទ្យានុ​រក្ស​ស្នាក់ការ​ភ្នំ​រូង​ដែក​ ចុះល្បាត​ការពារ​បទល្មើស​ធនធាន​ធម្មជាតិ ​ហើយបាន​ប្រទះ​ឃើញ​និង​បង្ក្រាប​ចាប់រឹប​អូស​គោយន្ត​ដឹក​បទល្មើស​ព្រៃឈើ​១គ្រឿង​ថែមទៀត​នៅ​ចំណុច​ភ្នំក្រោល​ ស្ថិត​ក្នុង​ភូមិចារ​ ឃុំ​លំទង ​ស្រុក​អន្លង់​វែង។

លោក​បានបន្ត​ថា ​នៅពេល​នេះ​លោក​កំពុង​ដំណើការ​សាងសង់​ប៉មយាម​ចំនួន​២ ​និង​ទីស្នាក់ការ​បរិស្ថាន​ចំនួន​១បន្ថែម​ទៀត​ ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខវ័ន​ ដើម្បី​ពង្រឹង​និង​សម្រួល​ដល់ការងារ​ចុះល្បាត​ការពារ​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​និង​សត្វ​ព្រៃ។ មកទល់​ពេល​នេះ ​ប៉មយាម​និង​ស្នាក់ការ​នោះ​ត្រូវបាន​សង់​រួចបាន​ប្រមាណ​៦០​ភាគរយ​ហើយ។ ទីស្នាក់​ការ​បរិស្ថាន​ថ្មី​នេះ ​មាន​ទីតាំង​នៅក្នុង​តំបន់​ភ្នំ​អណ្ដូង ​មានចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ ​ពីស្នាក់​ការ​បរិស្ថាន​ភ្នំ​រូង​ដែក។

លោក​បន្ថែម​ទៀតថា​៖ «នៅ​ថ្ងៃសៅរ៍​ចុង​សប្ដាហ៍នេះ ​ខ្ញុំ​នឹង​ដឹកនាំ​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​ពី​ថ្នាក់​ខេត្ត​បន្ថែម​ទៀត ​ទៅ​ចូល​រួម ជាមួយ​ក្រុមការងារ​នៃ​គណៈកម្មការ​សហគមន៍​សង្ឃរុក្ខវ័ន ​ដែលដឹកនាំ​ដោយ​ព្រះតេជគុណ ​ប៊ុន សាលួត ​ដើម្បី​រួម​ជា​កម្លាំង​ឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត»៕