ឧត្តរមានជ័យ: សត្វ​ទន្សោង​ឈ្មោល​ ១ ​ក្បាល​ ដែល​គេ​ប្រទះឃើញ​ងាប់​ក្នុង​សភាព​ស្អុយរលួយ​នៅ​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​កាលពី​ថ្ងៃទី​ ២០ ខែ​មិថុនា ​ត្រូវ​បាន​យក​មក​រៀបចំ​ពិធី​បង្សុកូល​កាលពី​ម្សិលមិញ​ ខណៈ​ប្រធាន​ព្រៃ​សហគមន៍​នេះ​​ និង​មន្ត្រី​ថា ការងាប់​នេះ​គឺជា​ស្នាដៃ​ព្រានព្រៃ​លួច​បាញ់​។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្រុមការងារ​ចម្រុះ​ដឹកនាំ​ដោយ​ព្រះភិក្ខុ ប៊ុន សាលួត ព្រះមេគណ​ខេត្ត​ឧត្តរមានជ័យ និង​ជា​ប្រធាន​ព្រៃ​សហគមន៍​សង្ឃរុក្ខវ័ន ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ឧទ្យានុរក្ស និង​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​មន្ត្រី​នគរបាល និង​ទាហាន​បាន​ពិនិត្យ​ខ្មោចសត្វ​ទន្សោង​នេះ​។ ​តាម​ការសន្និដ្ឋាន សត្វទន្សោង​នេះ​បាន​ងាប់​ជាង​ ១០ ​ថ្ងៃ​ហើយ ដោយសារ​ត្រូវ​​គ្រាប់កាំភ្លើង​របស់​ព្រានព្រៃ ហើយ​មាន​បាក់ឆ្អឹង​ជំនីរ​ចំនួន​ ២ ​កាំ​នៅ​ផ្នែក​ខាងឆ្វេង​។

លោក​បាន​ឲ្យ​ដឹងថា នេះ​ជា​​សត្វ​ទន្សោង​ទី​ ៦ ​ហើយ​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្នុង​ព្រៃ​សហគមន៍​សង្ឃរុក្ខវ័ន​ក្នុង​រយៈពេល​​ ៦ ​ខែ​ចុង​ក្រោយ​នេះ​។ សត្វ​ទន្សោង​ទី​ ៥ ដែល​បាន​រកឃើញ​កាលពី​ថ្ងៃទី​ ២៤ ខែឧសភា និង​បាន​ងាប់​ដោយ​ការជាប់​អន្ទាក់​របស់​ព្រានព្រៃ ក្រោយពី​ការខិតខំ​ជួយសង្គ្រោះ​ជីវិត​ពី​គ្រូពេទ្យសត្វ ខណៈ​ទន្សោង​ញី​ឈ្មោល​ ៤ ​ក្បាល​ផ្សេងទៀត​បាន​​ងាប់​ដោយ​ការជាប់​អន្ទាក់ និង​ដោយសារ​អន្ទាក់​ឆក់​កាលពី​ដើម​ឆ្នាំ​ ២០២០​។

លោក​ នេត្រ ភក្ត្រា បញ្ជាក់​ថា​៖ «​យើង​ត្រូវតែ​បន្ត​ស៊ើបអង្កេត​ស្វែងរក​ជនខិលខូច​ដែល​ប្រព្រឹត្ត​បទល្មើស​បរបាញ់​សត្វ​ដាក់​អន្ទាក់​សត្វ ហើយ​សូម​ស្នើសុំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ដឹង​ព័ត៌មាន​ពី​ជន​បំផ្លាញ​សត្វព្រៃ សូមជួយ​ផ្តល់​ការសហការ និង​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​ដើម្បី​អនុវត្ត​ច្បាប់​»​។

លោក​បាន​សម្ដែង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​សត្វកម្រ​ដោយសារ​ស្នាដៃ​ក្រុម​ព្រានព្រៃ​គ្មាន​ក្តីមេត្តា​នេះ ហើយ​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ បន្ត​សហការគ្នា​បន្ថែម​ទៀត​ដើម្បី​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ និង​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​បំផុត​ចំពោះ​ពលរដ្ឋ​ដែល​ចូល​ព្រៃ​រក​អនុផល​ព្រៃឈើ​ផ្សេងៗ​​ដើម្បី​កុំ​ឲ្យ​ពួកគាត់​លួចលាក់​អាវុធ​ពិត ឬ​អាវុធ​កែច្នៃ អន្ទាក់​ចូលក្នុង​ព្រៃ​ប្រព្រឹត្ត​បទល្មើស​ធនធាន​ធម្មជាតិ​។

ព្រះតេជព្រះគុណ ប៊ុន សាលួត ព្រះមេគណ​ខេត្ត​ឧត្តរមានជ័យ និង​ជា​ប្រធាន​ព្រៃ​សហគមន៍​សង្ឃរុក្ខវ័ន​មាន​សង្ឃដីកា​ពី​ម្សិលមិញ​ថា ខ្មោចសត្វ​ទន្សោង​នេះ​ត្រូវបាន​ដឹក​មកកាន់​ទីស្នាក់ការ​សហគមន៍​ព្រៃ​សង្ឃរុក្ខវ័ន​ហើយ ដើម្បី​ធ្វើ​ពិធី​បង្សុកូលឧទ្ទិស​កុសល​តាមបែប​ពុទ្ធសាសនា​នៅ​ថ្ងៃទី​ ២១ មិថុនា មុន​នឹង​កប់​ទន្ទឹម​ផ្នូរ​ទន្សោង​ដែល​បាន​ងាប់​កាលពី​ថ្ងៃទី​ ២៤ ខែ​ឧសភា​ កន្លងទៅ​។

ព្រះអង្គ​បន្ដថា សត្វ​ទន្សោង​នេះ​ត្រូវ​បាន​គេ​បាញ់​ត្រូវ​បាក់​ឆ្អឹងជំនីរ​ចំនួន​ ២ ​កាំ ហើយ​បាន​ព្យាយាម​រត់គេច​ពី​ក្រុម​ព្រានព្រៃ​មក​ដេក​ងាប់​កន្លែង​កើត​ហេតុនេះ​។ ​សកម្មភាព​លួច​បរបាញ់​សត្វ និង​ការដាក់​អន្ទាក់​ចាប់​សត្វ​នៅតែ​បន្ត​កើតមាន​ឡើងជា​បន្តបន្ទាប់ ហើយ​អន្ទាក់​គឺជា​ឃាតករ​លាក់​មុខ​បន្ត​សម្លាប់​សត្វព្រៃ​ជា​រៀងរាល់ថ្ងៃ​។ រីឯ​មន្ត្រី​ឧទ្យានុរក្ស និង​សហគមន៍​តំបន់​សង្ឃរុក្ខវ័ន​បាន​បង្ក្រាប និង​ទប់ស្កាត់​ជា​ហូរហែ​។

ព្រះអង្គ​បញ្ជាក់ថា​៖ «​សត្វទន្សោង​ជា​ប្រភេទ​សត្វកម្រ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក ហើយ​​ចំពោះ​កម្ពុជា​យើង​នៅ​សេសសល់​ខ្លះ​។ អ៊ីចឹង​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​ការពារ និង​អភិរក្ស​សត្វព្រៃ​ឲ្យ​បាន​គង់វង្ស យើង​ទាំងអស់​គ្នា​គួរតែ​បញ្ឈប់​ការជួញដូរ​សត្វព្រៃ សូមកុំ​បរិភោគ​សាច់សត្វ​ព្រៃ និង​កុំ​បរបាញ់ និង​ចាប់​សត្វព្រៃ​បន្ត​ទៀត​»​។

បើ​តាម​លោក នេត្រ ភក្ត្រា ចាប់តាំងពី​ខែ​មករា​ដល់​ខែ​មិថុនា​​នេះ​មាន​សត្វ​ទន្សោង​យ៉ាង​ហោច​​ណាស់​ ១០ ​ក្បាល​ត្រូវ​បាន​ប្រទះ​ឃើញ​ងាប់​ក្នុង​តំបន់​ការពារ​​ធម្មជាតិ​របស់​កម្ពុជា​ក្នុង​នោះ ១ ​ក្បាល ​រកឃើញ​ងាប់​ដោយ​ជាប់អន្ទាក់​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​។ រីឯ​ ៦ ​ក្បាល​ (​ឈ្មោល ៣ ​ក្បាល និង​ញី ៣ ​ក្បាល​) ងាប់​ដោយ​ជាប់អន្ទាក់​ក្នុង​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន ខេត្ត​ឧត្តរមានជ័យ និង​ ២ ​ក្បាល​ ងាប់​ក្នុង​តំបន់​ជាប់​នឹង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ដោយសារ​ការបាញ់សម្លាប់ និង​កូន​ទន្សោងញី​ ១ ​ក្បាល រកឃើញ​ងាប់​ក្នុង​ដែនជម្រក​សត្វព្រៃ​លំផាត់ ខេត្តមណ្ឌលគិរី ដោយសារ​ជាប់អន្ទាក់​ដែរ​៕