ភ្នំពេញៈ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រើនរំឭកដល់ម្ចាស់ ឬនាយកសហគ្រាស ឬគ្រឹះស្ថាន និងជនបរទេសថា ប្រសិន បើពួកគេចង់ប្រើពលកម្មបរទេសសម្រាប់ឆ្នាំ ២០១៩ តែមិនបានស្នើការអនុញ្ញាត ឬសុំពន្យារ [កូតា] តាមកាលកំណត់ទេនឹងត្រូវប្រឈមការពិន័យតាមឆ្នាំប្រព្រឹត្ត។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងនេះកាលពីម្សិលមិញ។
ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងបានចេញសេចក្ដីជូនដំណឹងមួយកាលពីថ្ងៃទី ២០ ខែសីហាដោយតម្រូវឱ្យស្ថាប័នណាដែលប្រើប្រាស់កម្លាំងពលកម្មជាជនបរទេសត្រូវមកសុំការអនុញ្ញាតប្រើប្រាស់ចាប់ពីថ្ងៃទី ១ ខែកញ្ញា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨។
ជាមួយនេះសេចក្ដីជូនដំណឹងដដែលក៏បានតម្រូវឱ្យអ្នកសុំពន្យារប័ណ្ណ ឬសៀវភៅការងារសម្រាប់ឆ្នាំ ២០១៩ មកបំពេញបែបបទផងដែរគិតចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ ដោយនីតិវិធីស្នើសុំ និងពន្យារត្រូវធ្វើតាមរយៈគេហទំព័រ www.fwcms.mlvt.gov.kh ហើយថានឹងវិធានការអនុវត្តការផាកពិន័យតាមទោសប្បញ្ញត្តិដែលមានចែងក្នុងជំពូកទី ១៦ នៃច្បាប់ស្ដីពីការងារផងដែរ ប្រសិនបើមិនអនុវត្តតាម។
លោក ហេង សួរ បានថ្លែងថាសហគ្រាសទាំងអស់ដែលមានកាតព្វកិច្ចប្រើប្រាស់ជនបរទេសគឺត្រូវសុំកូតា ហើយបើគាត់អត់មានកូតាមានន័យថាមិនអាចប្រើប្រាស់កម្លាំងពលកម្មជាជនបរទេសបានទេ។ រីឯជនបរទេសណាដែលធ្វើការងារនៅស្ថាប័នដែលគ្មានកូតាក៏ខុសច្បាប់ដែរ។
លោកបានបញ្ជាក់ថា៖ «ចំពោះសហគ្រាស ឬជនបរទេសណាដែលមិនបានសុំកូតា ឬការអនុញ្ញាតការងារគាត់អាចត្រូវពិន័យ ឧបមាថាគាត់ត្រូវបង់ប្រាក់ចំនួន ៤៥០០០០ រៀលក្នុងរយៈពេល ១ ឆ្នាំ ហើយអាក់ខានគឺគាត់ត្រូវបង់ប្រាក់គុណនឹង ២ ហើយបើគាត់ខកខាន ២ ឆ្នាំត្រូវបង់គុណនឹង ៣»។
លោក ហេង សួរ បានបន្ថែមថា៖ «យើងគ្រាន់តែជូនដំណឹងពីឥឡវរហូតដល់ចុងឆ្នាំដើម្បីឲ្យក្រុមហ៊ុន ឬស្ថាប័នដែលចង់ប្រើប្រាស់ជនបរទេសមកចុះកូតាដែលក្រសួងនឹងទុកពេលឲ្យរហូតដល់ចុងឆ្នាំសល់ពេលប្រមាណ ៥ ខែទៀតសម្រាប់ការចុះឈ្មោះកូតាថ្មីនេះ»។
ទាក់ទងនឹងការសុំកូតានេះលោក ហេង សួរ បានបញ្ជាក់ថាក្នុងឆ្នាំ ២០១៧ ជនបរទេសដែលសុំកូតានៅកម្ពុជាច្រើនជាងគេគឺនៅតំបន់អាស៊ី តែលោកមិនទាន់អាចបញ្ជាក់បានថាជាជនជាតិណាទេ។
លោកថា៖ «ឆ្នាំ ២០១៧ មានជនជាតិអាស៊ីច្រើនជាងគេចំពោះការសុំកូតា ប៉ុន្ដែមិនទាន់ដឹងជនជាតិណាដែរទាល់តែខ្ញុំពិនិត្យមើលស្ថិតិសួរជំនាញសិន។ ឆ្នាំ ២០១៧ ជនបរទេសបានមកសុំកូតាដោយរលូនមិនមានការយឺតយ៉ាវទេ»។
លោក ហេង សួរ អះអាងថា៖ «សេចក្ដីជូនដំណឹងនេះគឺសម្រាប់សាធារណៈបើទោះបីដល់ ឬមិនដល់សហគ្រាសដែលប្រើប្រាស់ជនបរទេសឲ្យតែដល់កាលបរិច្ឆេទត្រូវពិន័យគឺពិន័យហើយសហគ្រាសដែលធ្លាប់ប្រើប្រាស់ជនបរទេសគឺគាត់ដឹងរួចរាល់ហើយ អ៊ីចឹងយើងមិនរំពឹងថាមានការខ្វះខាតទៀតទេ។ បើនៅតែមានការខ្វះខាតមានន័យថាគាត់ល្មើសនឹងច្បាប់គឺគួរតែពិន័យចំពោះគាត់ មិនគួរលើកលែងឲ្យគាត់ទេ»។
យ៉ាងណាក្ដីលោក ហេង សួរ ថាមិនទាន់អាចដឹងពីចំនួនអ្នកមកស្នើសុំបាននៅឡើយទេចាប់ពីជូនដំណឹងនេះមក។
លោកថា៖ «អត់ទេ ទាល់តែដាច់ឆ្នាំបានយើងដឹងក្នុងឆ្នាំអ៊ីចឹងយើងម៉េចដឹងរឿងហ្នឹងក្នុង ១ ឆ្នាំទើបធ្វើម្ដង...យើងទុកពេលឲ្យក្រុមហ៊ុន ឬសហគ្រាសដល់ចុងឆ្នាំ យើងគ្រាន់តែជូនដំណឹងពីឥឡូវដល់ចុងឆ្នាំប៉ុណ្ណោះ» ៕