ព្រះសីហនុៈ សហជីព​ការងារ​មួយ​នៅ​កម្ពុជា​ស្នើ​ឲ្យ​ដោះ​លែង​សមាជិក​របស់​ខ្លួន​និង​សកម្មជន​ដីធ្លី ១ រូប ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​ឥត​លក្ខខណ្ឌ ហើយ​ថា ការ​ចាប់​ខ្លួន​សកម្មជន​ទាំង ២ ជា​ទង្វើ​អយុត្តិធម៌ និង​នាំ​ឲ្យ​ពលរដ្ឋ​ជា​ម្ចាស់​ដី​មាន​ការ​ភ័យ​ខ្លាច ខណៈ​អាជ្ញាធរ​អះអាង​ថា​ការ​ចាប់​ខ្លួន​នេះ គឺ​អនុវត្ត​ទៅ​តាម​ច្បាប់។

កាលពី​ថ្ងៃ​ចន្ទ មន្ត្រី​សហភាព​ការងារ​កម្ពុជា​ម្នាក់ គឺ​លោក ទេព សុ​ផា និង​សកម្មជន​ដីធ្លី​ជា​អតីត​ចៅ​សង្កាត់​រង​មក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក​ឆាយ រ័ត្ន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ចំណុច​ក្រុម ១៨ ភូមិ ១ សង្កាត់​លេខ ១ ខេត្ត​ព្រះសីហនុ ស្រប​ពេល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​និង​គ្រឿង​ចក្រ​ចុះ​កាយ​ព្រំដី​តំបន់​ការពារ​ទឹក​ស្អាត​នៅ​តំបន់​ក្បាល​ឆាយ​ដែល​ពលរដ្ឋ​អះអាង​ថា ប៉ះពាល់​ដី​ពួកគាត់។

សេចក្តីថ្លែងការណ៍​រប​ស់​សហភាព​ការងារ​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​ដីធ្លី និង​បុគ្គលិក​របស់​ខ្លួន ដោយ​អះអាង​ថា ករណី​នេះ ផ្តើម​ចេញ​ពី​សកម្មភាព​របស់​អាជ្ញាធរ​ដែល​ជីកដី​កាយ​ព្រំ​រំលោភ​លើដី​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង ១០០ គ្រួសារ ជា​ហេតុ​នាំ​ឲ្យ​ពួក​គាត់​ខឹង​សម្បា និង​ចុះ​ទៅ​យំ​ស្រែក​ក្នុង​ប្រឡាយ​នោះ។

សហភាព​ការងារ​កម្ពុជា​បន្តថា ទង្វើ​អយុត្តិធម៌​នេះ បានធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ភ័យខ្លាច និង​ព្រួយ​បារម្ភ​ខ្លាំង​ពី​សុវត្ថិភាព​លំនៅ​ឋាន និង​សិទ្ធិ​ដីធ្លី​របស់​ពួកគាត់ ខណៈ​សកម្មជន​ទាំង ២ រូប​ដែល​ត្រូវ​បាន​ចាប់​ខ្លួន មិន​ទាន់​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​នៅ​ឡើយ។

សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា៖ «សហភាព​ការងារ​កម្ពុជា​ស្នើ​អាជ្ញា​ធរ​ខេត្ត​ដោះ​លែង​សកម្មជន​ដី​ធ្លី​ទាំង ២ រូប ឈ្មោះ​ទេព សុផា និង​ឈ្មោះ ឆាយ រ័ត្ន ដោយ​ឥត​លក្ខខណ្ឌ និង​ដោះស្រាយ​វិវាទ​ដីធ្លី​ខាង​លើ​ជា​បន្ទាន់ ដើម្បី​ឲ្យ​ពួកគាត់​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ស្រប​ច្បាប់​លើដី​កម្មសិទ្ធិ​ទាំង​នោះ»។

បើតាម​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ថ្លែង​ក្រោយ​ការ​ចាប់​ខ្លួន ១ ថ្ងៃ​ថា បច្ចុប្បន្ន ប្រជា​ពលរដ្ឋ​រង​គ្រោះ​ទាំង​នោះ កំពុង​ស្វែងរក​កិច្ច​អន្តរា​គមន៍​ពី​ស្ថ-ប័ន​មាន​សមត្ថកិច្ច ខណៈ​លោក​ទទូច​ឲ្យ​អាជ្ញាធរ​ដោះ​លែង​ពួកគេ​ទាំង ២ នាក់​នេះ។

លោក​បញ្ជាក់ថា៖ «បុគ្គលិក​ស្ម័គ្រចិត្ត​យើង​ម្នាក់ គ្រាន់តែ​គាត់​ទៅ​មើល​ទេ អត់​ទាន់​បាន​ទៅ​ពន្យល់​ពលរដ្ឋ​ផង។ ដោយ​សារ​ពលរដ្ឋ​ហ្នឹង​ចូល​កន្លែង​គេ​កាយ​ហ្នឹង ហើយ​គាត់​ថា ឲ្យ​ងើប​ឡើង​វិញ​មក កុំ​ឲ្យ​នៅ​ហ្នឹង​អាច​មាន​ការ​ប៉ះពាល់​អី​អ៊ឹចឹង ដល់​ពេល​អ៊ីចឹង​ទៅ​ចាប់​គាត់​ដាក់​ខ្នោះ​តែ​ម្តង។ បន្ទាប់​មក​មាន​ពលរដ្ឋ​ម្នាក់​ទៀត គ្រាន់​តែ​ឃើញ​គាត់ ចាប់​ដាក់​ខ្នោះ​តែ​ម្តង»។

តាម​សេចក្តីថ្លែងការណ៍​របស់​សហភាព​ការងារ​កម្ពុជា បាន​ឲ្យ​ដឹងថា ក្រៅ​តែ​ពី​ចាប់​ខ្លួន​សកម្មជន ២ រូប​នេះ អាជ្ញាធរ​ក៏បាន​ប្រើ​ហិង្សា (ផ្ទុះ​អាវុធ​ចំនួន ៣ គ្រាប់) និង​វាយ​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ទាំង​នោះ​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​មួយ​ចំនួន​ផង​ដែរ។

ប៉ុន្តែ​លោក​ ស្រ៊ុន ស្រ៊ន់ អ្នក​នាំពាក្យ​ខេត្ដ​ព្រះសីហនុ​និង​ជា​ប្រធាន​គណៈ​កម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី ខេត្ដ​ព្រះសីហនុ បាន​អះអាង​ថា ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍ ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ទាំង ២ រូប​នេះ គឺជា​សិទ្ធិ​សេរីភាព​របស់​ពួកគាត់។ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ពួកគេ គួរ​ពិនិត្យ​លក្ខខណ្ឌ​ច្បាប់ និង​សិក្សា​ពី​ករណី​នេះ​ឲ្យ​បាន​ច្បាស់ ព្រោះ​អាជ្ញាធរ​បាន​អនុវត្ត​ទៅ​តាម​ច្បាប់។

លោក​ថា៖ «គាត់​ថ្លែង​ការណ៍​មិន​មើល​ការពិត​នៅ​ទីនេះ មិន​មើល​ឯកសារ​ច្បាប់​គាត់​ចេះតែ​ថ្លែង​ការណ៍​អ៊ឹចឹង​ទៅ។ តែ​ការ​ពិត​គោល​ការណ៍​ខេត្ត អនុវត្ត​ទៅ​តាម​អ្វី​ដែល​ជា​ចំណុច​និយាម​ការ​ដែល​រដ្ឋ​ត្រូវ​ការពារ​តំបន់ ក្បាល​ឆាយ​នេះ»។

បើតាម​លោក​ ស្រ៊ុន ស្រ៊ន់ សកម្មជន​ទាំង ២ រូប​ត្រូវបាន​ចាប់ខ្លួន ដោយ​សារ​បាន​បង្ក​ការ​រំខាន​ដល់​ការងារ​របស់​អាជ្ញាធរ ហើយ​ពួកគេ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន ដោយ​រង់ចាំ​នីតិវិធី​បន្ត​របស់​តុលាការ។

ជម្លោះដីធ្លី​រហូត​ឈានដល់​មានការ​ចាប់ខ្លួន​សកម្ម​ជន​ទាំង ២ រូប កើត​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត ធ្វើការ​ស្តារ និង​កាយ​ព្រំដី​ដើម្បី​ការពារ​ទឹកស្អាត​នៅ​តំបន់​ក្បាល​ឆាយ ដែល​អាជ្ញាធរ​អះអាង​ថា​បាន​ដោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​រួច​ហើយ ចំណែក​ពលរដ្ឋ​តវ៉ា អះអាង​ថា ជា​ដី​របស់​ខ្លួន ហើយ​ការ​ដោះ​ស្រាយ​លើដី​ជាង ៩ ហិកតា​ដែល​កាត់​ចេញ​ពី​តំបន់​ការពារ​នេះ​គ្មាន​តម្លាភាព៕