ភ្នំពេញៈ សហជីព​មួយចំនួន​បាន​អំពាវនាវ​ឲ្យ​មាន​ការប្រកាស​ព្យួរការងារ​កម្មករ​ក្នុង​អំឡុង​ពេលនេះ​អាច​ជា​រឿង​មួយ​ដែល​ល្អ​សម្រាប់​កម្មករ ដោយ​ពួកគេ​អាច​គេច​ចេញពី​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ដែល​កំពុង​បន្ត​រាតត្បាត​នៅក្នុង​ប្រទេស បើទោះ​ជា​ពួកគាត់​អាច​ប្រឈម​នឹង​ការខ្វះខាត​ផ្នែក​ហិរញ្ញវត្ថុ​ក៏ដោយ​។

លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​បាន​សរសេរ​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ម្សិលមិញ​ថា សម្ព័ន្ធ​សហជីព​ជាតិ​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួង​ការងារ​គួរ​ផ្អាក​សកម្មភាព​ការងារ​កម្មករ​នៅ​តាម​សិប្បកម្ម រោងចក្រ សហគ្រាស នានា​ក្នុង​រាជធានី​ភ្នំពេញ​មួយរយៈ​សិន ដើម្បី​ទប់ស្កាត់​ហានិភ័យ​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក សាលី ថ្លែងថា ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​នេះ​គឺជា​បញ្ហា​ដែល​ចាំបាច់​បំផុត​ក្នុង​ការបង្ការ​ឲ្យ​ទាន់​ពេលវេលា​ចៀសវាង​ការឆ្លង​ដោយ​ប្រការ​ណាមួយ​ដល់​កម្មករ​ដែល​ធ្វើឲ្យ​ពិបាក​ខ្លាំង​។

លោក​ថ្លែង​ថា​៖ «​យើងខ្ញុំ​បាន​អង្កេត​ឃើញថា កម្មករ​ធ្វើ​ការងារ​រួមគ្នា​ញាំ​អាហារ​រួមគ្នា មិន​សូវ​យល់ដឹង​អំពី​ការបង្ការ​អនាម័យ គ្មាន​ទឹក​អាល់កុល​លាងដៃ និង​សាប៊ូ​គ្រប់គ្រាន់​ក្នុង​រោងចក្រ​សហគ្រាស ពេល​ហូប​អាហារ​នៅ​ខាងក្រៅ​គ្មាន​ទឹក និង​សាប៊ូ​លាងដៃ និង​អាហារ​គ្មាន​អនាម័យ​ត្រឹមត្រូវ​ដែល​អាហារ​ទាំងនោះ​គឺ​បាន​កាន់​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ រួមទាំង​អ្នកលក់​ជាដើម​ទាំងនេះ​គឺជា​បញ្ហា​ប្រឈម​»​។

លោក សាលី បាន​ឲ្យ​ដឹង​ទៀតថា​ការ​ឲ្យ​កម្មករ​ឈប់​សម្រាក​មួយរយៈ បើទោះបី​ជា​ត្រូវ​បាត់បង់​ប្រាក់​ឈ្នួល​មួយ​ចំនួន​ធំក្តី ប៉ុន្តែ​មធ្យោបាយ​នេះ​បាន​ផ្តល់​នូវ​សន្តិភាព​ផ្លូវ​អារម្មណ៍ និង​ត្រូវបាន​គិតគូរ​អំពី​សុខុមាលភាព និង​សុខភាព​ពេញលេញ ដើម្បី​ចៀសវាង​ការឆ្លង​ដល់​បងប្អូន​កម្មករនិយោជិត​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​បាន​ថ្លែងថា ការព្យួរ​ការងារ​នេះ វា​ក៏​ជា​រឿង​ល្អ​ដែរ សម្រាប់​រោងចក្រ​ដែល​ព្យួរ ទោះបី​កម្មករ​ប្រឈម​នឹងខ្វះ​ខាត​ហិរញ្ញវត្ថុ តែ​បងប្អូន​កម្មករ ពួកគាត់​អាចមាន​សុវត្ថិភាព​ពី​ការឆ្លង​ជំងឺ​កូវីដ​១៩ ព្រោះ​ស្ថានភាព​ពេលនេះ​បងប្អូន​កម្មករ​ហាក់​ពុំមាន​អារម្មណ៍​ធ្វើការ​នោះទេ ដោយសារ​បារម្ភ​អំពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ហើយ​ជំងឺ​នេះ​បាននិង​កំពុង​បន្ត​កើនឡើង​ជា​បន្តបន្ទាប់​»​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មិន​អាច​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​បាន​ទេ​កាលពី​ថ្ងៃ​ចន្ទ​៕