ភ្នំពេញៈ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវចូលរួមពង្រឹងក្រមសីលធម៌ និងសុជីវធម៌ក្នុងការផ្សព្វផ្សាយព័ត៌មានឱ្យមានសុក្រឹតភាព ដើម្បីពង្រឹងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីអំពាវនាវរបស់ ស.ស.ស.ក បានឱ្យដឹងថា៖ «យើងមានចំណែកជាភាគហ៊ុននៅក្នុងសង្គមជាតិរបស់យើង។ ការផ្សាយព័ត៌មានមួយគឺវាងាយស្រួលណាស់ ប៉ុន្តែការផ្សាយអំពីមុខមាត់ប្រទេសជាតិ គួរតែត្រូវបានគិតឱ្យបានគ្រប់ជ្រុងជ្រោយ។ យើងគួរតែយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់បំផុតថា រូបភាព និងខ្លឹមសារដែលខ្លួនបានផ្សាយចេញទៅបានបម្រើឱ្យគោលដៅអ្វី មានសារប្រយោជន៍ ឬវាជាការបំផ្លាញតម្លៃសាមគ្គីប្រជាជន បំផ្លាញមុខមាត់ និងតម្លៃជាតិរួមរបស់យើង? អ្នកជាវិចិត្រករចូលរួមគូររូបភាពប្រទេសជាតិរបស់អ្នកដែលបង្ហាញនូវតម្លៃអារ្យធម៌ និងភាពស៊ីវិល័យរបស់ប្រទេសជាតិយើងទាំងមូលផងដែរ»។
ស.ស.ស.ក កាលពីថ្ងៃទី ១ ខែមេសា បានលើកឡើងថា សម្រាប់ប្រទេសកម្ពុជាក៏ដូចជាពិភពលោកទាំងមូលដែរ គឺត្រូវការការចូលរួមផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ប៉ុន្ដែក្នុងពេលថ្មីៗនេះ ស.ស.ស.ក កត់សម្គាល់ឃើញមានការបង្កើតព័ត៌មានក្លែងក្លាយតាមរយៈបណ្តាញសង្គម Facebook, YouTube និង TikTok បាននិងកំពុងកើនឡើងរហូត។ សកម្មភាពនៃការបង្កើតព័ត៌មានក្លែងក្លាយក្រសួងព័ត៌មានក៏បានសម្រេចចិត្តតាមផ្លូវច្បាប់លុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានមួយចំនួនផងដែរ។
ស.ស.ស.ក ថ្លែងថា៖ «អ្នកសារព័ត៌មាន រួមទាំងអ្នកប្រើប្រាស់បណ្តាញសង្គម សូមចូលរួមដោយមនសិការ ចៀសវាងឆក់ឱកាសនៅក្នុងគ្រាលំបាកនេះបង្កើត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងព័ត៌មានបំពុលដែលនាំឱ្យមានការយល់ខុសបង្កើតទោសកំហុសឱ្យខ្លួនឯង និងបង្កើតភាពអាប់អួក្នុងសង្គម»។
ស.ស.ស.ក ក៏បានទទួលស្គាល់ពហុមតិគឺជាសួនច្បារនៃប្រជាធិបតេយ្យ។ ក៏ប៉ុន្តែបើពហុមតិពោរពេញដោយការប្រមាថ ការបំភ្លៃ និងការបំពុលនោះគឺជាទង្វើដែលនាំឱ្យអាប់ឱនដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិ និងជាមេរោគសង្គមទៅវិញទេ។ បញ្ហាឥឡូវនេះ មិនមែនគ្មានលម្ហសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនោះទេ។ ប៉ុន្តែគឺបញ្ហាប្រើប្រាស់សិទ្ធិសេរីភាពហួសព្រំដែន ប៉ាតណាប៉ាតណី ខ្វះការទទួលខុសត្រូវ និងគ្មានសុជីវធម៌។
ស.ស.ស.ក បញ្ជាក់ថា៖ «ភាសាប្រមាថចំពោះអ្នកចាក់វ៉ាក់សាំងថា ជាសត្វត្រូវគេពិសោធ និងការប្រឌិតព័ត៌មានចំពោះអ្នកស្លាប់ថា ស្លាប់ដោយសារការចាក់វ៉ាក់សាំងនេះ គឺជាទង្វើអសីលធម៌អាក្រក់ហួសហេតុ»។
ស.ស.ស.ក បានឱ្យដឹងថា អ្នកសារព័ត៌មានគួរចាត់ទុកខ្លួនឯងជាបញ្ញវ័ន្ត ហើយបញ្ញវ័ន្ត ដែលមានចំណេះដឹង ដែលចេះក្រែង និងចេះមានភាពខ្មាសអៀននឹងមិនបញ្ចេញមតិគំនិតយោបល់ប៉ាតណាប៉ាតណីនោះទេ។
លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មានវិទ្យា និងសោតទស្សន៍នៃក្រសួងព័ត៌មានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីម្សិលមិញថា ក្រសួងព័ត៌មានបានរកឃើញប្រភពព័ត៌មាននានា ដោយបានផ្សព្វផ្សាយព័ត៌មានមិនពិត និងដំណឹងក្លែងក្លាយ ញុះញង់ រិះគន់ និងជេរប្រមាថថ្នាក់ដឹកនាំ ចំនួន ១៩២ ករណីក្នុងខែមីនា ឆ្នាំ ២០២១ នេះក្នុងនោះបានលុបអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយចំនួន ៣ ដែលផ្សាយបំពានច្បាប់ធ្ងន់ធ្ងរ។
លោកថ្លែងថា៖ «គណនីបណ្ដាញទំនាក់ទំនងសង្គមដែលផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានឈ្មោះចុះបញ្ជីត្រឹមត្រូវគឺយើងប្រាប់ឱ្យធ្វើការកែតម្រូវ ឬដកព័ត៌មាននោះចេញ។ គណនីបណ្ដាញទំនាក់ទំនងសង្គមដែលគ្មានការចុះបញ្ជីផ្លូវការត្រឹមត្រូវយើងបានបញ្ជូនទៅក្រសួងមហាផ្ទៃ ឬស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការពិនិត្យស្រាវជ្រាវចាត់ការតាមច្បាប់»។
ទោះជាយ៉ាងណាក៏ដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី ៣០ ខែមីនា កន្លងមកនេះ បានចេញផ្សាយរបាយការណ៍ដំបូងអំពី «ស្ថានភាពអ្នកសារព័ត៌មានកម្ពុជាឆ្នាំ ២០២០» បានរកឃើញថា អ្នកសារព័ត៌មានភាគច្រើនដែលត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០២០ ត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងជំរិតទារប្រាក់។
ខេមបូចា ឱ្យដឹងថា៖ «ភាពញឹកញាប់នៃការយាយីប្រឆាំងនឹងអ្នកសារព័ត៌មានដែលជារឿយៗត្រូវបានគេដៅដោយអយុត្តិធម៌ចំពោះការអនុវត្តសិទ្ធិស្របច្បាប់ និងសេរីភាពរបស់ពួកគេនៅក្នុងការរាយការណ៍ព័ត៌មាន»។យ៉ាងហោចណាស់អ្នកសារព័ត៌មាន ៧២ នាក់ ទទួលរងការយាយីក្នុងឆ្នាំ ២០២០៕