ក្រចេះ: មន្ត្រី​នគរបាល​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ បាន​អះអាង​កាលពី​ម្សិលមិញ​ថា សាកសព​យុវ​សិស្ស​ ២ ​នាក់​ត្រូវ​បាន​រកឃើញ​អណ្ដែត​នៅ​លើ​ផ្ទៃ​ទឹក ក្រោយពី​មាន​ឧបទ្ទវហេតុ​លិច​ទូក​ក្នុង​ទន្លេ​មេគង្គ​កាលពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ​។

លោក​ ឆុង តូរ៉ាន់ អធិការ​ស្រុក​ឆ្លូង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា យុវសិស្ស​ដែល​បាត់​ខ្លួន​ទាំង​ ២ ​នោះ​រួម​មាន​ឈ្មោះ រឿន សុធារិទ្ធ ភេទ​ប្រុស អាយុ​ ១៧ ​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ វ៉ាន់ ពុទ្ធនិរន្ទ៍ ភេទ​ប្រុស អាយុ​ ១៨ ​ឆ្នាំ​។ ពួកគេ​ជា​កូន​ប្រជាកសិករ​នៅ​ភូមិ​ជ្រោយថ្ម​ក្រោម ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ហើយ​រៀន​នៅ​វិទ្យាល័យ​សិលាវេទី​គាតឈន់​។

លោក តូរ៉ាន់ ថ្លែង​ថា ក្រោយ​ពី​មុជទឹក​ និង​តាម​រុករក​អស់​រយៈពេល​ ៣ ​ថ្ងៃ​រួចមក​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​វេលា​ម៉ោង​ ៩:៣០ ​នាទី​ក្រុម​សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​សាកសព​របស់​ពួកគេ​ផុស​អណ្ដែត​ឡើង​លើ​ផ្ទៃ​ទឹក​ទន្លេ​មេគង្គ​នៅ​ ២ ​កន្លែង​ផ្សេង​គ្នា ​ក្នុង​នោះ​សព​របស់​យុវសិស្ស​ឈ្មោះ​ រឿន សុធារិទ្ធ ត្រូវ​បាន​ប្រទះ​ឃើញ​អណ្ដែត​លើ​ផ្ទៃ​ទឹក​ក្នុង​ចម្ងាយ​ប្រមាណ​មួយ​គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ ខណៈ​សព​របស់​យុវសិស្ស​ឈ្មោះ​ វ៉ាន់ ពុទ្ធនិរន្ទ៍ ត្រូវ​បាន​ប្រទះឃើញ​អណ្ដែត​ឡើង​នៅ​ឃុំ​ជំនីក ស្រុក​ក្រូចឆ្មារ ដែល​មាន​ចម្ងាយ​ប្រមាណ​ ១០ ​គីឡូម៉ែត្រ​ពី​កន្លែង​កើត​ហេតុ​។

លោក​បាន​បន្ត​ថា នៅ​ពេល​នេះ​សព​របស់​ពួកគេ​ទាំង​ ២ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​របស់​ពួកគេ ដើម្បី​នាំ​ទៅ​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​។

កាលពី​ថ្ងៃ​សៅរ៍​​ មាន​ករណី​លិច​ទូក​មួយ​ក្នុង​ទន្លេ​មេគង្គ​ក្រោយ​ចេញ​ដំណើរ​បាន​ប្រមាណ​ជាង​ ១០០ ​ម៉ែត្រ​ពី​មាត់កំពង់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​មុខ​វត្ត​ហាន់ជ័យ ក្នុង​ភូមិ​ហាន់ជ័យ​ទី​ ២ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​៕