ភ្នំពេញៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ បានសាកសួរលោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា (CCHR) និងលោក មាស គឹមសេង អតីតមន្ត្រីសមាគមធាងត្នោតមកឆ្លើយ ចំពោះមុខតុលាការក្នុងនាមជាសាក្សីក្នុងសំណុំរឿងករណី ក្បត់ជាតិ របស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុង។
លោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការក្រុងភ្នំពេញបានថ្លែងថា៖ «ថ្ងៃនេះ ចៅក្រមស៊ើបសួររបស់សាលាដំបូងរាជធានីភ្នំពេញ បានសាកសួរមនុស្សចំនួន ២ នាក់គឺ លោកស្រី ចក់ សុភាព និងលោក មាស គឹមសេង ពាក់ព័ន្ធសំណុំរឿងរបស់លោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ»។
លោកស្រី សុភាព បានអះអាងថាតុលាការបានសាកសួរលោកស្រីអំពីបទពិសោធការងាររបស់លោកស្រីនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជាកន្លែងដែលលោក កឹម សុខា ធ្លាប់ធ្វើជាប្រធានមជ្ឈមណ្ឌលមួយនេះ។
លោកស្រី ចក់ សុភាព ថ្លែងថា៖ «អ្វីដែលខ្ញុំបានបញ្ជាក់គឺទាក់ទងទៅនឹងការចាប់ផ្តើមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានរឿងច្រើនដែលខ្ញុំមិនដឹង។ គាត់ [ចៅក្រម] បានសាកសួរអំពីការងាររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅក្រោមការគ្រប់គ្រងរបស់លោក កឹម សុខា និងការងារបច្ចុប្បន្នរបស់មជ្ឈមណ្ឌល CCHR»។
លោកស្រីលើកឡើងថាលោកស្រីចង់ឃើញរឿងក្តីនេះប្រព្រឹត្តទៅដោយឯករាជ្យ និងធានាដល់សិទ្ធិរបស់សាក្សីក៏ដូចជាកាត់ទោសដោយយុត្តិធម៌សម្រាប់អ្នកដែលត្រូវបានចោទប្រកាន់។
ទោះបីយ៉ាងណាលោកស្រីបានបដិសេធផ្តល់ព័ត៌មានលម្អិតអំពីសំណួរដែលទាក់ទងទៅនឹងការឧបត្ថម្ភរបស់សហរដ្ឋអាមេរិកចំពោះអង្គការមួយនេះ។ មនុស្សជាច្រើនបានគិតថាទីកន្លែងរបស់អង្គការសង្គមស៊ីវិលនៅក្នុងព្រះរាជាណាចក្រកម្ពុជាហាក់បានក្លាយជាអរិភាពក្នុងរយៈពេល ៦ ខែចុងក្រោយនាឆ្នាំនេះ។
កាលពីខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងមិនបិទទ្វារទេ ទោះបីជាមានការចោទប្រកាន់ថាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយនេះកំពុងបម្រើផលប្រយោជន៍បរទេសក្តី។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០២ ដោយលោក កឹម សុខា ដែលក្រោយមកលោកបានទៅបង្កើតគណបក្សសិទ្ធិមនុស្ស ហើយបន្ទាប់មកបានរួមបញ្ចូលគ្នាជាមួយគណបក្សសមរង្ស៊ី ក្លាយជាគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា។ លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញាឆ្នាំមុនពីបទក្បត់ជាតិ ហើយគណបក្សរបស់លោកក៏ត្រូវបានតុលាការកំពូលរំលាយចោលផងដែរពីបទសមគំនិតជាមួយរដ្ឋាភិបាលបរទេសដើម្បីបង្កើតបដិវត្តន៍។
លោក មាស គឹមសេង មិនអាចទាក់ទងសុំការបំភ្លឺបានទេ។
លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានថ្លែងថា រួមទាំងអ្នកទាំង ២ គឺមានសាក្សី ៣ នាក់ដែលត្រូវចូលខ្លួនមកបំភ្លឺ ប៉ុន្តែម្នាក់បានអវត្តមាន ទោះបីជាយ៉ាងណាលោកមិនបានបញ្ជាក់លម្អិតទេ។ លោក បានថ្លែងថា៖ «តុលាការនឹងបន្តការសាកសួរសាក្សីផ្សេងទៀតនៅសប្តាហ៍ក្រោយ»។
តុលាការកាលពីពាក់កណ្ដាលខែឧសភាបានចេញដីកាកោះហៅមនុស្ស ៨ នាក់ក្នុងនាមជាសាក្សីមកបំភ្លឺដល់តុលាការក្នុងសំណុំរឿងលោក សុខា៕ NS