ភ្នំពេញៈ នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានថ្មីសម្រាប់អាណត្តិទី ១៣។ បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងសម្រាប់ធ្វើជាប្រធាននៅក្នុងអាណត្តិថ្មីនេះមាន ៥ រូប រួមមានលោក លី ច័ន្ទតុលា លោក កែត ឃី លោក សំ សុគង់ លោក សេក សោភ័ណ និងលោក ស សូវាន។
ខាងក្រោមនេះ គឺជាសារ និងទស្សនវិស័យរបស់បេក្ខជនដោយបានប្តេជ្ញាយកទៅអនុវត្តដើម្បីធ្វើឱ្យស្ថាប័នគណៈមេធាវី កាន់តែមានភាពប្រសើរឡើង ប្រសិនបើពួកគាត់ត្រូវបានសហភាតាបោះឆ្នោតគាំទ្រឱ្យធ្វើជាប្រធាននៅក្នុងអាណត្តិទី ១៣ ខាងមុខ ៖
លោក លី ច័ន្ទតុលា វ័យ ៤២ ឆ្នាំ បានធ្វើជាមេធាវីជិត ២០ ឆ្នាំមកហើយមានអត្តលេខ ៥៨១។ បច្ចុប្បន្នលោកជាមេធាវីនៅក្រុមហ៊ុនមេធាវី អេស វី ភី។ លោក ច័ន្ទតុលា បានបញ្ចប់បរិញ្ញាបត្រច្បាប់ឯកជននៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនៅឆ្នាំ ១៩៩៩ ហើយលោកទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលនៃប្រទេសបារាំងទៅបន្តការសិក្សា និងបញ្ចប់បរិញ្ញាបត្រច្បាប់ឯកជននៅទីនោះនៅឆ្នាំ ២០០០។
នៅឆ្នាំ ២០០២ លោកក៏ទទួលបានបរិញ្ញាបត្រថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ JEAN MOULIN LYON 3។ ក្នុងឆ្នាំ ២០០៩ លោកត្រូវបានព្រះមហាក្សត្រតែងតាំងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ហើយបន្ទាប់មកលោកត្រូវបានដំឡើងឋានៈជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់មានឋានៈស្មើរដ្ឋមន្ត្រីដល់បច្ចុប្បន្ន។
បើសិនបានជាប់ឆ្នោតជាប្រធានគណៈមេធាវីលោក លី ច័ន្ទតុលា ប្តេជ្ញាថា៖ បន្តអនុវត្ត និងបំពេញបន្ថែមនូវចំណុចខ្វះខាតដែលគណៈមេធាវីធ្លាប់ជួបប្រទះកន្លងមកពង្រឹងសមត្ថភាពមេធាវីដែលមានស្រាប់ និងបណ្តុះបណ្តាលអ្នកដែលចង់ក្លាយជាមេធាវី។ ពង្រឹងកិច្ចសហការផ្តល់តម្លៃ និងការយោគយល់គ្នាជាមួយស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសជាមួយស្ថាប័ននគរបាលយុត្តិធម៌ ពន្ធនាគារ និងស្ថាប័នតុលាការផងដែរ។
ជំរុញឱ្យសមាជិកគណៈមេធាវីទាំងអស់ចូលរួមឱ្យបានសកម្មជាងមុន នៅក្នុងការជួយជ្រោមជ្រែងដល់គណៈមេធាវី និងនៅក្នុងការជួយគ្នាដើម្បីលើកតម្កើងវិជ្ជាជីវៈមេធាវី ការពារផលប្រយោជន៍មេធាវី និងជួយដល់ការងារយុត្តិធម៌ក្នុងសង្គម។ លើសពីនេះក្នុងនាមជាស្ថាប័នមួយក្នុងចំណោមស្ថាប័នដែលជួយដល់វិស័យយុត្តិធម៌ គណៈមេធាវីនឹងសហការដោយស្មើភាពជាមួយរាជរដ្ឋាភិបាល និងគ្រប់ស្ថាប័ន និងអង្គការទាំងអស់ឱ្យតែមានប្រយោជន៍ដល់វិជ្ជាជីវៈមេធាវី។
លោក កែត ឃី មានវ័យ ៥៣ ឆ្នាំ។ លោកបានប្រកបវិជ្ជាជីវៈជាមេធាវីជាង ២០ ឆ្នាំមានអត្តលេខ ០៧៩ នៅក្រុមមេធាវីពន្លឺយុត្តិធម៌។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិឯកជនពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចពីឆ្នាំ ២០០៣-២០០៦។ ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០០ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកនីតិសាស្ត្រពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកក៏បញ្ចប់វិញ្ញាបនបត្រវិជ្ជាជីវៈមេធាវីពីឆ្នាំ ១៩៩៦-១៩៩៧ ផងដែរ។ នៅឆ្នាំ ១៩៨៨-១៩៩០ លោកបានបញ្ចប់សញ្ញាបត្រមធ្យមនីតិសាស្ត្រពីសាលាកម្មាភិបាល រដ្ឋបាល និងនីតិសាស្ត្រ។
លោក កែត ឃី មានបទពិសោធជាក្រឡាបញ្ជីនៅតុលាការកំពូលពីឆ្នាំ ១៩៩០-១៩៩៧។ នៅឆ្នាំ ១៩៩៨ លោកធ្វើជាសមាជិកគណៈកម្មការរាជធានីភ្នំពេញរៀបចំការបោះឆ្នោត។ ក្នុងឆ្នាំ ២០០៨ លោកធ្វើជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំនៃអតីតគណបក្សសមរង្ស៊ី និងពីឆ្នាំ ២០១២-២០១៣ លោកក្លាយជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំម្តងទៀត។ នៅក្នុង ២០១៤-២០១៧ លោកជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។
បើជាប់ឆ្នោតជាប្រធានគណៈមេធាវីលោកប្តេជ្ញាថា៖នឹងការពារលើកកម្ពស់ និងពង្រឹងវិជ្ជាជីវៈមេធាវីគ្រប់គ្រងវិជ្ជាជីវៈមេធាវីដោយតម្លាភាព មិនប្រព្រឹត្តអំពើពុករលួយ និងចូលរួមប្រឆាំងនឹងអំពើអយុត្តិធម៌។ គណៈមេធាវីនឹងចេញមុខការពារសហភាតាដែលត្រូវបានចោទប្រកាន់ក្នុងពេលប្រកបវិជ្ជាជីវៈឱ្យបាននូវសុវត្ថិភាព និងឯករាជភាពនៃស្ថាប័នគណៈមេធាវី។ ពង្រឹងសមត្ថភាពវិជ្ជាជីវៈមេធាវីប្រកបដោយគុណភាព គុណធម៌ ឯករាជ្យ សេចក្តីថ្លៃថ្នូរស្របតាមច្បាប់ ក្រមសីលធម៌ បទបញ្ជាផ្ទៃក្នុង ការពារ និងពង្រឹងតួនាទីមេធាវីដែលច្បាប់ប្រគល់ឱ្យដោយមិនអនុញ្ញាតឱ្យបុគ្គល ឬស្ថាប័នដទៃទាញយកការងារមេធាវីឡើយ និងពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធគណៈមេធាវី ការងារបុគ្គលិករដ្ឋបាល ហិរញ្ញវត្ថុ និងមូលនិធិផ្សេងៗ។
លើសពីនេះចូលរួមតស៊ូមតិ និងការពារសិទ្ធិពលរដ្ឋផ្តល់សេវាការពារជនក្រីក្រឱ្យមានតុល្យភាពសិទ្ធិជាមួយអ្នកមានប្រាក់ និងអ្នកមានអំណាច និងសិក្សារាល់សេចក្តីសម្រេចសំខាន់ៗរបស់តុលាការ និងស្ថាប័នផ្សេងៗដែលមិនសមហេតុផលដើម្បីតស៊ូមតិ។
លោក សំ សុគង់ វ័យ ៤៥ ឆ្នាំ បានចូលប្រកបវិជ្ជាជីវៈជាមេធាវីប្រមាណជិត ២០ ឆ្នាំមកហើយដែលមានអត្តលេខ ៣២១។ បច្ចុប្បន្នជាមេធាវីនៅការិយាល័យ BBC។ លោកបានបញ្ចប់បរិញ្ញាបត្រច្បាប់នៅឆ្នាំ ២០០១ ហើយបានបញ្ចប់ថ្នាក់អនុបណ្ឌិតច្បាប់នៅឆ្នាំ ២០១៤។ លោកក៏បានបញ្ចប់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេសនៅឆ្នាំ ២០១០ ហើយបច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតច្បាប់អន្តរជាតិជាភាសាអង់គ្លេសនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ។
លោកក៏កំពុងបំពេញតួនាទីជាសហមេធាវីជាតិតំណាងដើមបណ្តឹងរដ្ឋប្បវេណីនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតាំងពីឆ្នាំ ២០១០ រហូតដល់បច្ចុប្បន្ន និងធ្លាប់ជាទីប្រឹក្សាច្បាប់នៅគណៈកម្មការសិទ្ធិមនុស្សនៅស្ថាប័នរដ្ឋសភាក្នុងអាណត្តិទី ៥ និងធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាលអង្គការក្រៅរដ្ឋាភិបាល។
បើសិនបានជាប់ឆ្នោតជាប្រធានគណៈមេធាវីលោក សំ សុគង់ ប្តេជ្ញាថា៖ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងគណៈមេធាវីដែលធ្វើឱ្យមេធាវីទាំងអស់មានការសាមគ្គីគ្នាមិនមានការបែងចែកថា មេធាវីនេះជាមេធាវីគណបក្សប្រឆាំង ឬមេធាវីនោះជាមេធាវីរបស់រដ្ឋាភិបាល។ គណៈមេធាវីមិនអាចឱ្យស្ថាប័នណា ឬបុគ្គលណា រំលោភបំពានបាននោះទេ ហើយសមាជិកសមាជិកាគឺត្រូវតែរួមការពារ។ ការគ្រប់គ្រងតាមគោលការណ៍តម្លាភាពគណនេយ្យភាព និងភាពស្អាតស្អំក៏មិនអាចខ្វះបាននោះដែរព្រោះគណៈមេធាវីគឺច្បាស់ណាស់ មិនត្រូវឱ្យមានអំពើពុករលួយនោះឡើយ។ ពង្រឹងកិច្ចសហការជាមួយគណៈមេធាវីអន្តរជាតិ បង្កើតកិច្ចសហការជាមួយស្ថាប័នជាតិ និងអន្តរជាតិធ្វើទំនើបកម្ម និងប្រសិទ្ធភាពការគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុ។
ដឹកនាំគណៈមេធាវីឱ្យមានឯករាជភាពមិនឱ្យស្ថិតក្រោមគណបក្សនយោបាយក៏ដូចជាក្រោមស្ថាប័នណានោះទេ។ កន្លងមកមានការប្រព្រឹត្តមិនត្រឹមត្រូវដែលមានមេធាវីមួយចំនួនបានទៅបម្រើការងារនៅស្ថាប័នផ្សេងៗ ហើយមេធាវីដទៃទៀត គឺបម្រើគណបក្សតែម្តងដែលប៉ះពាល់ធ្ងន់ធ្ងរទៅដល់វិជ្ជាជីវៈមេធាវី។ សមត្ថភាពរបស់មេធាវីគឺជាបញ្ហា ខណៈមេធាវីមានចំនួនច្រើនតែសមត្ថភាព និងការប្រកួតប្រជែងជាមួយមេធាវីអន្តរជាតិ គឺនៅមានកម្រិតទាបណាស់។
លោក សេក សោភ័ណ វ័យ ៤៥ ឆ្នាំ ប្រកបវិជ្ជាជីវៈជាមេធាវីជិត ១០ ឆ្នាំហើយមានអត្តលេខ ៨១៧។ បច្ចុប្បន្នក្រៅពីដឹកនាំការិយាល័យមេធាវី R- &L លោក ក៏ជាទីប្រឹក្សាផ្នែកច្បាប់របស់ធនាគារពិភពលោកផងដែរ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់នៅឆ្នាំ ១៩៩៩ និងបញ្ចប់ថ្នាក់អនុបណ្ឌិតច្បាប់ឯកជននៅឆ្នាំ ២០០៨។ បទពិសោធការងារលោកធ្លាប់បម្រើការងារជាមន្ត្រីរាជការ បន្ទាប់មកក៏បានចេញមកបម្រើការនៅអង្គការក្រៅរដ្ឋាភិបាល។
លោកធ្លាប់ជាមន្ត្រីអង្គការសហប្រជាជាតិខាងការងារ និងធ្លាប់ជាសាស្ត្រាចារ្យច្បាប់ ហើយឆ្លងកាត់បទពិសោធការងារទាំងនេះមានរយៈពេលប្រមាណ ១០ ឆ្នាំ។
បើសិនបានជាប់ឆ្នោតជាប្រធានគណៈមេធាវីលោក លី សេក សោភ័ណ ប្តេជ្ញាថា៖ លោក នឹងកែប្រែពីរបៀបនៃការបោះឆ្នោតជ្រើសរើសប្រធានដោយមិនឱ្យបេក្ខជនម្នាក់ៗចំណាយលុយខ្លួនឯងក្នុងការជប់លាងដោយមិនមានតម្លាភាពនោះទេ។ មានន័យថា រាល់ការរៀបចំពិធីជប់លៀងស្វែងរកសំឡេងឆ្នោត គឺជាការទទួលខុសត្រូវរបស់គណៈមេធាវី ហើយបេក្ខជនប្រធានគណៈមេធាវីទាំងអស់គឺមានសិទ្ធិស្មើភាពគ្នាក្នុងការបង្ហាញសមត្ថភាពដែលធ្វើឡើងដោយគណៈមេធាវី។ លើសពីនេះលោកក៏មានផែនការបង្កើតផែនការយុទ្ធសាស្ត្ររួមមួយរយៈពេល ១០ ឆ្នាំសម្រាប់ការដឹកនាំរបស់គណៈមេធាវី ដើម្បីរៀបចំគោលការណ៍ដឹកនាំស្ថាប័ន និងវិជ្ជាជីវៈនេះឱ្យស្របទៅតាមគុណតម្លៃរបស់គណៈមេធាវី និងវិជ្ជាជីវៈ។
ភ្នំពេញប៉ុស្តិ៍បានព្យាយាមទាក់ទងទៅបេក្ខជនប្រធានគណៈមេធាវីម្នាក់ទៀត គឺ លោក ស សូវាន ដើម្បីស្នើសុំលោកធ្វើការអធិប្បាយពីបញ្ហានេះ ប៉ុន្តែលោកបានមានប្រសាសន៍ក្នុងសំឡេងខ្សាវៗថា លោកកំពុងមានជំងឺមិនអាចធ្វើអត្ថាធិប្បាយបានឡើយ។
សូមបញ្ជាក់ថា តំណែងប្រធានគណៈមេធាវីក្នុងមួយអាណត្តិមានរយៈពេល ២ ឆ្នាំដែលត្រូវជ្រើសតាំងតាមរយៈការបោះឆ្នោតដោយសមាជិកគណៈមេធាវីដែលមានប្រមាណជាង ២ ០០០ នាក់៕