ភ្នំពេញៈ អង្គ​បុរេ​ជំនុំជម្រះ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ.វ.ត.ក​) មាន​គម្រោង​នឹង​បើក​សវនាការ​នៅ​ខែវិច្ឆិកា​ខាងមុខ​នេះ​ប្រឆាំង​នឹង​ដីកា​លើកលែង​ការចោទ​ប្រកាន់​លើ មាស មុត អតីត​​មេបញ្ជាការ​ជើង​ទឹក​ក្នុង​របប​ខ្មែរក្រហម​ដែល​ចេញ​ដោយ​សហចៅក្រម​ស៊ើបអង្កេត​ជាតិ​កាលពី​ចុងឆ្នាំ​ ២០១៨ ក្នុង​​សំណុំ​រឿង​ ០០៣​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ អ.វ.ត.ក ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២៤ ខែ​តុលា​នេះ​ បាន​ឲ្យ​ដឹងថា សវនាការ​នឹងត្រូវ​ធ្វើឡើង​ដើម្បី​ស្ដាប់​ទឡ្ហីករណ៍​ពី​ភាគី​នៅក្នុង​សំណុំរឿង​មុន​ពេលដែល​អង្គ​ជម្រះ​ចេញ​សាលដីកា​លើ​បណ្ដឹងឧទ្ធរណ៍​។ សវនាការ​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​ ២៧ ថ្ងៃទី​ ២៨ និង​ថ្ងៃទី​ ២៩ ខែ​វិច្ឆិកា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​សហព្រះរាជអាជ្ញា​ជាតិ សហព្រះរាជអាជ្ញា​អន្តរជាតិ និង​សហមេធាវី​ជាតិ-អន្តរជាតិ ការពារ​ក្តី​ជន​ត្រូវ​ចោទ​នឹង​មាន​សិទ្ធិ​លើកឡើង​ពី​ទឡ្ហីករណ៍​របស់ខ្លួន​។ បើសិន​ជន​ត្រូវ​ចោទ​មាន​វត្តមាន ជន​ត្រូវ​ចោទ​នឹង​ទទួល​បាន​ឱកាស​ដើម្បី​ធ្វើ​សេចក្តី​សន្និដ្ឋាន​ផ្ទាល់ខ្លួន​នៅ​ចុងបញ្ចប់​បិទ​សវនាការ​។ នៅពេល​បិទ​បញ្ចប់​សវនាការ អង្គបុរេ​ជំនុំជម្រះ​នឹង​ធ្វើការ​ពិចារណា​ដើម្បី​ចេញ​សាលដីកា​សម្រេច​»​។

អង្គ​បុរេ​ជំនុំជម្រះ​នៃ អ.វ.ត.ក មាន​សមាសភាព​ចៅក្រម​ជាតិ​ចំនួន​ ៣ ​រូប និង​ចៅក្រម​អន្តរជាតិ​ចំនួន​ ២ ​រូប​។ ក្នុងនាម​ជា​អង្គជំនុំជម្រះ​ដោះស្រាយ​បណ្ដឹងឧទ្ធរណ៍ អង្គ​បុរេ​ជំនុំជម្រះ​អាច​បើក​សវនាការ​លើ​សំណើ និង​បណ្ដឹងឧទ្ធរណ៍​ប្រឆាំង​នឹង​ដីកា និង​សេចក្ដី​សម្រេច​ដែល​ចេញ​ដោយ​សហចៅក្រម​ស៊ើបអង្កេត​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្តថា សវនាការ​នេះ​នឹងធ្វើ​ឡើងជា​សាធារណៈ​នៅពេល​ដែល​ចាប់ផ្តើម​ឧទ្ទេសនាម​ភាគី​នៅក្នុង​សំណុំរឿង​ជូន​អង្គ​ជំនុំជម្រះ​នៅពេល​ដែល​អង្គ​ជំនុំជម្រះ​អាន​សេចក្តីរាយការណ៍​អំពី​សំណុំ​រឿងនេះ និង​នៅពេល​ដែល​ចៅក្រម​សួរ​សំណួរ​ផ្សេងៗ​ទៅកាន់​ភាគី​។ ក្រៅពីនេះ​អង្គ​បុរេ​ជំនុំជម្រះ​នឹង​ស្តាប់​ទឡ្ហីករណ៍​ពី​ភាគី​នៅក្នុង​សំណុំ​រឿង​នៅក្នុង​សវនាការ​សម្ងាត់​វិញ​។

អង្គ​បុរេ​ជំនុំជម្រះ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ.វ.ត.ក) បាន​ទទួល​បណ្តឹង​ឧទ្ធរណ៍​ដាក់​ដោយ​សហព្រះរាជអាជ្ញា​ជាតិ​នៅ​ថ្ងៃទី​ ៥ ខែ​ មេសា ឆ្នាំ​ ២០១៩ បណ្តឹងឧទ្ធរណ៍​ដាក់​ដោយ​សហមេធាវី​ការពារ​ក្តី​ឲ្យ មាស មុត នៅ​ថ្ងៃទី​ ៨ ខែ ​មេសា ឆ្នាំ​ ២០១៩ ប្រឆាំង​នឹង​ដីកា​ដំណោះស្រាយ​ដែល​ចេញ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​នៅ​ថ្ងៃទី​ ២៨ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៨ នៅក្នុង​សំណុំរឿង ០០៣ និង​បណ្តឹង​ឧទ្ធរណ៍​ដាក់​ដោយ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ នៅ​ថ្ងៃទី​ ៨ ខែ​ មេសា ឆ្នាំ​ ២០១៩ ប្រឆាំង​នឹង​ដីកា​លើកលែង​ចោទប្រកាន់​លើ​ មាស មុត ដែល​ចេញ​ដោយ​សហចៅក្រម​ស៊ើបអង្កេត​ជាតិ​នៅ​ថ្ងៃទី​ ២៨ ខែ វិច្ឆិកា ឆ្នាំ​ ២០១៨ នៅក្នុង​សំណុំ​រឿង ​០០៣​។

លោក ​ឆាំង ​យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ថ្លែងថា កត្តា​ដែល​ធ្វើ​ឲ្យ​មាន​ការខ្វែង​គំនិត​គ្នា​រវាង​ចៅក្រម​ភាគី​ជាតិ និង​ចៅក្រម​ភាគី​អន្តរជាតិ​គឺ ដោយសារតែ​សមត្ថភាព​នៃ​ការបកស្រាយ​ច្បាប់ ហើយ​ការកំណត់​ភ័ស្តុតាង​។

លោក យុ ថ្លែង​ថា​៖ «​ប្រសិនបើ​ពិនិត្យមើល​ភ័ស្តុតាង​ផ្លូវច្បាប់ និង​នីតិវិធី វា​នឹងមិន​មាន​ការលំបាក​សម្រាប់​អង្គបុរេ​ជំនុំជម្រះ​ធ្វើការ​វិនិច្ឆ័យ​នោះទេ​។ យើង​ត្រូវ​ផ្អែកទៅ​លើ​ភ័ស្តុតាង​ជា​ផ្លូវ​ក្នុងការ​ធ្វើការ​សម្រេចចិត្ត​។ ការផ្តល់​យុត្តិធម៌​ត្រូវតែ​ធ្វើ​ដោយ​ខាន​ពុំ​បាន​ដោយ​ឈរលើ​គោល​ច្បាប់ និង​នីតិវិធី​»​។

លោក មាស មុត ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​សំណុំ​រឿង ០០៣ ឲ្យ​ស្ថិតក្រោម​ការត្រួត​ពិនិត្យ​របស់​តុលាការ​ដោយ​កំបាំងមុខ​កាលពី​ថ្ងៃទី​ ៣ ខែ​ មីនា ឆ្នាំ​ ២០១៥ ដោយ​ចោទ​ពី​បទ​មនុស្សឃាត ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។

ខណៈ​លោក មាស ភក្តិ កូនប្រុស​របស់​លោក មាស មុត បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ឪពុក​របស់​លោក​កំពុង​ស្នាក់នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង មិន​បាន​ផ្លាស់​ទីលំនៅ​ទៅណា​ផ្សេង​ទេ បើ​ទោះបី​កំពុង​ស្ថិត​នៅក្រោម​ការពិនិត្យ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ក៏ដោយ​។ លោក ភក្ដិ ថា​៖ «​គាត់​នៅផ្ទះ គាត់​ចាស់​ហើយ​សុខភាព​ ១ ​ថ្ងៃ​កាត់​ ១ ​ថ្ងៃកោរ នៅពេល​ខ្លះ​មាន​សុខភាព​ល្អ ពេល​ខ្លះ​ឈឺ​»៕