ភ្នំពេញៈ សាលារាជធានីភ្នំពេញបានកំពុងសិក្សាគម្រោងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុង ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ជាពិសេសជនពិការមានផ្លូវថ្មើរជើងសម្រាប់ធ្វើដំណើរឆ្លងកាត់។ នេះបើតាមហ្វេសប៊ុកសាលារាជធានីភ្នំពេញកាលពីថ្ងៃអង្គារ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា គម្រោងនេះកំពុងស្ថិតក្នុងការសិក្សានៅឡើយដោយចំណាយថវិការបស់សាលារាជធានី។ សាលារាជធានីចង់កែលម្អមហាវិថីនេះឱ្យល្អប្រសើរដើម្បីលើកកម្ពស់សោភណភាពទីក្រុង និងដើម្បីឱ្យបានជាប្រយោជន៍ទៅអ្នកធ្វើដំណើរថ្មើរជើង និងលើកកម្ពស់លទ្ធភាពសម្រាប់ជនពិការដោយរៀបចំឱ្យមានផ្លូវថ្មើរជើង មានលក្ខណៈគ្រើមដើម្បីធានាសុវត្ថិភាពដល់ពួកគាត់។
លោក ម៉េត មាសភក្តី ថ្លែងថា៖ «វាមិនមែនលើកទី ១ ទេ។ អាហ្នឹងយើងមាននៅលើផ្លូវសហព័ន្ធរុស្ស៊ី។ យើងមាននៅលើផ្លូវព្រះនរោត្តមអីនេះហើយ។ គ្រាន់តែយើងពង្រីកបន្ថែមទៀតឱ្យបានល្អឱ្យបានច្រើន។ គ្រាន់តែថា ផ្លូវធំៗ ឬគេហៅថាមហាវិថីហ្នឹងអាទិភាពមុនគេ»។
លោកបន្តថា៖ «ជាទស្សនវិស័យជាគម្រោងជាគំនិត យើងចង់រៀបចំផ្លូវថ្មើរជើងឱ្យបានច្រើន ព្រោះ side walk (ផ្លូវដើរ) យើងមានស្រាប់ហើយ។ យើងអត់ទៅពង្រីកផ្លូវទៀតទេ។ កន្លែងណាសម្រាប់ជនពិការ យើងនឹងធ្វើគ្រើមៗ ពកៗ ហើយកន្លែងណាសម្រាប់យើងអាចដើរបាន យើងចែកគ្នា»។
លោក យ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា គម្រោងនេះគឺជាការប្រសើរ ព្រោះដើម្បីកាត់បន្ថយបរិស្ថានផង និងលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋផង។
លោក យ៉ង់ គិមអេង ថ្លែងថា៖ «យើងមានផ្លូវថ្មើរជើងដែលអាចធ្វើដំណើរបាន ខ្ញុំថាជាការលើកទឹកចិត្ត ហើយសម្រាប់អ្នកដើរ ជាពិសេសជនពិការដែលមានសញ្ញាបង្ហាញផ្លូវគាត់ហ្នឹង គឺជារឿងមួយសំខាន់ដែលគាត់អាចដើរបាន។ គឺជារឿងមួយល្អ»។
លោក យ៉ង់ គិមអេង ថ្លែងថា អាជ្ញាធរក៏ត្រូវត្រួតពិនិត្យដែរថា ផ្លូវថ្មើរជើងគឺជាផ្លូវដែលអាចធ្វើដំណើរបានដោយមិនមានការរំខានពីការចតឡាន ចតម៉ូតូ ឬដាក់លក់ដូរផ្សេងៗ។
លោក ម៉េត មាសភក្តី បានអះអាងថា លោក ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញបានចាប់ផ្តើមដាក់ចេញជាយុទ្ធសាស្ត្រការងារផ្សេងៗដែលក្នុងនោះមានការដោះស្រាយបញ្ហាសណ្តាប់ធ្នាប់ផ្លូវថ្មើរជើងផងដែរ ដែលធ្វើយ៉ាងណាមិនឱ្យមានការប្រើប្រាស់ផ្លូវថ្មើរជើង ឬចិញ្ចើមផ្លូវខុសពីគោលបំណងរបស់ផ្លូវថ្មើរជើងនោះទេ ដែលពីដើមមានការចត តាំងលក់ទំនិញ ដែលរាំងខ្ទប់មិនឱ្យអ្នកថ្មើរជើងធ្វើដំណើរបាន។
លោក ឃួង ស្រេង បានដឹកនាំកិច្ចប្រជុំស្ដីពីការសុំច្បាប់ និងបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងរបស់ក្រុមហ៊ុន Space Media ដោយបានសម្រេចទទួលយកតាមគម្រោងគំរូប្លង់សាងសង់របស់ក្រុមហ៊ុននេះ ហើយតម្រូវឱ្យក្រុមហ៊ុនចុះសិក្សារួមគ្នាជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដើម្បីសាងសង់ស្ពានអាកាសថ្មើរជើងនៅចំណុចផ្លូវប្រសព្វជា ៤ ស្ថិតនៅស្តុបសន្ធរម៉ុក មហាវិថីម៉ៅសេទុងកែងប្រសព្វនឹងមហាវិថីកម្ពុជាក្រោមដើម្បីផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សឆ្លងកាត់ដោយថ្មើរជើងទៅមកសាលារៀន និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។ នេះបើយោងតាមហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន៕