
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឈរក្បែរកូនឈើប្រណីតដែលត្រៀមសម្រាប់យកទៅដាំនៅលើឧទ្យានជាតិរាជធានីភ្នំេពញ គ្រោងធ្វើឡើងនៅបឹងតាមោក។ រូបថត សហការី
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញកំពុងត្រៀមកូនឈើប្រណីតប្រមាណ ១០ ម៉ឺនដើម ដើម្បីយកទៅដាំនៅទីតាំងគម្រោងឧទ្យានជាតិរាជធានីភ្នំពេញដែលនឹងធ្វើនៅបឹងតាមោក ដើម្បីលើកសោភណភាពឱ្យមានជាជម្រកពណ៌បៃតង មានបរិស្ថានល្អ និងដើម្បីទុកជាកេរដំណែលសម្រាប់អ្នកជំនាន់ក្រោយ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា គម្រោងដាំកូនឈើប្រណីតប្រភេទធ្នង់ចំនួន ១០ ម៉ឺនដើម នឹងធ្វើឡើងនៅបឹងតាមោកលើផ្ទៃដីទំហំ ៧៥ ហិកតា ដែលជាគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្ត្រីក្នុងការបង្កើតឱ្យមានឧទ្យានជាតិ ដោយមានការគាំទ្រពីក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកថ្លែងថា៖ «ក្រោយមានការចង្អុលបង្ហាញពីនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំទីតាំង ១ នៅក្នុងបឹងតាមោកដែលមានទំហំដី ៧៥ ហិកតា ដើម្បីធ្វើជាទ្យានជាតិសម្រាប់ជាគម្របបៃតងជូនដល់ប្រជាជនរាជធានីភ្នំពេញក៏ដូចជាសម្រាប់ប្រជាជនកម្ពុជាទូទៅ ព្រោះទីតាំងនេះជាកន្លែង ១ សម្រាប់កម្សាន្តផង និងបង្ហាញអំពីគម្របបៃតងផង»។
យ៉ាងណាក្ដី លោកអភិបាលរាជធានីភ្នំពេញមិនបានបញ្ជាក់ពីវេលាណាឱ្យប្រាកដសម្រាប់ដាំកូនឈើទាំងនោះទេ។ ប៉ុន្តែលោកបញ្ជាក់ថា ប្រសិនបើមិនមានបញ្ហាកូវីដ ១៩ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងបញ្ចប់ការធ្វើឧទ្យានជាតិរាជធានីភ្នំពេញនោះឱ្យរួចរាល់ក្នុងរយៈពេល ៣ ឆ្នាំ រាប់គិតចាប់ពីឆ្នាំ ២០២០ មក។
លោកថ្លែងថា៖ «តាមពិតទៅ ប្រសិនបើកូវីដកុំវាយលុកយើងក្នុងរយៈពេល ៣ ឆ្នាំនឹងធ្វើឱ្យហើយ ប៉ុន្តែមកទល់ឥឡូវនេះ ថវិកាជាតិមានកម្រិតដោយត្រូវ បង្វែរថវិកាជាមួយនឹងជំងឺរាតត្បាតវិញ ហេតុនេះយើងផ្អាកសកម្មភាពសិន នៅពេលវេលាសមស្របនឹងអនុវត្តបន្តទៀត»។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានសម្តែងការសាទរ ចំពោះគម្រោងបង្កើតឱ្យមានឧទ្យានជាតិថ្មីនៅបឹងតាមោកនេះ ប៉ុន្តែលោកថា ក្នុងនាមជាពលរដ្ឋម្នាក់ និងជាអ្នកធ្វើការងារ សង្គម លោកស្នើឱ្យអាជ្ញាធរ មានសមត្ថកិច្ចចាត់ចែងគម្រោង អភិវឌ្ឍន៍ឧទ្យានក៏ដូចជាតំបន់នៅបឹងតាមោកប្រកបដោយតម្លាភាព និងមានគណនេយ្យភាពដើម្បីកុំឱ្យការអភិវឌ្ឍនេះក្លាយជាករណីបឹងកក់ទី ២។
លោកបានបញ្ជាក់ថា៖ «ខ្ញុំស្នើឱ្យមានការបង្កើនការដាំដើមឈើទាំងនៅជុំវិញបឹងតាមោកក៏ដូចជា តំបន់តាមដងផ្លូវដទៃទៀតនៅក្នុងទីក្រុងភ្នំពេញយើងហ្នឹង។ ដោយសារភ្នំពេញសព្វថ្ងៃខ្វះឧទ្យានខ្វះសួនសាធារណៈដើម្បីពលរដ្ឋទៅលម្អែទៅហាត់ប្រាណដែលជាតម្រូវការចាំបាច់មួយនៅក្នុងសង្គមយើង» ។
បើតាមលោក ច័ន្ទរឿន ការបង្កើននូវការដាំដើមឈើនៅតាមដងផ្លូវ និងតាមលំនៅឋានក្នុងរាជធានីភ្នំពេញក៏ជាវិធីមួយដើម្បីបង្កើនសម្រស់រាជធានីភ្នំពេញ ព្រោះរាជធានីភ្នំពេញធ្លាប់ត្រូវបានគេស្គាល់ថា ជាក្រុងបៃតងជាទីក្រុងសួនច្បារ ដូចសម័យលោក លី ក្វាន់យូ មកធ្វើទស្សនកិច្ចនៅឆ្នាំ ១៩៦០។
លោក ច័ន្ទរឿន បញ្ជាក់ថា ការប្រែក្លាយរាជធានីភ្នំពេញបច្ចុប្បន្នជាទីក្រុងបៃតងគឺជាមធ្យោបាយមួយរួមចំណែកក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្តរបស់ពលរដ្ឋផងដែរ។
យោងតាមលិខិតលេខ ៣៦៨ សជណ.មយ ចុះថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២០ ដែលចុះហត្ថលេខាដោយលោក ឈិត សុខុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកជួយសម្របសម្រួលការងារក្រសួងមហាផ្ទៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថានបញ្ជាក់ថា រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោកទំហំ ៧៥ ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញដើម្បីបង្កើតសួន និងឧទ្យានធម្មជាតិសាធារណៈនៅរាជធានីភ្នំពេញ៕