ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​ទុក​ពេល​ ៣០ ​ថ្ងៃ​ ឲ្យ​ម្ចាស់​ដី​ពាក់​ព័ន្ធនៅ​បឹង​ជើងឯកសហការ​​វាស់​វែង​ដី​ដែល​បម្រុង​ទុកអភិវឌ្ឍជា​សម្បតិ្ត​រដ្ឋ និងសម្រាប់​កសាង​ហេ​ដ្ឋារ​ចនា​សម្ព័​ន្ធ។ កាល​ពី​ម្សិល​មិញសាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ស្ដី​ពី​ការ​វាស់​វែង​ និង​ការ​កំណត់​ព្រំដី​ក្នុង​បឹង​ជើង​ឯក ក្នុង​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ដង្កោ។

សេចក្តី​ជូនដំ​ណឹងប​ញ្ជាក់​ថា ក្រុម​ការងារ​បាន​ចុះ​ស្វែង​រក​ចំណុច​ព្រំដីទំហំ ១៩០ ហិកតា ដែល​បម្រុង​ទុក​សម្រាប់​អភិវឌ្ឍនិង​ស្វែង​រក​ចំណុច​ព្រំដី​អ្នក​កាន់​កាប់​ដី​ ១៩០​ ហិកតា ដែល​រក្សា​ទុក​សម្រាប់​អភិវឌ្ឍ។ ក្រុម​ការងារ​ក៏​បាន​ចុះ​រក​ចំណុច​ព្រំដី​ផ្ទៃ​បឹង​ទំហំ ​១៨១​ ហិកតា ដែល​ទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋព្រម​ទាំង​បាន​ចុះ​វាស់​កំណត់​និយាមកា​សម្រាប់​បណ្ដាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទៅ​កាន់​ទីតាំង​បឹង​ជើងឯក​ផងដែរ។

បើតាមសេចក្តី​ជូន​ដំណឹង​នេះ ការ​វាស់​វែង​ក្នុង​ភូមិសាស្ត្រ​ខាង​លើ​ស្ទើរ​ចប់​ទាំង​ស្រុង​ហើយ «ប៉ុន្តែ​ដោយ​ពិនិត្យ​ឃើញ​ថា​ម្ចាស់​ក្បាល​ដី​ពាក់​ព័ន្ធមួយ​ចំនួន​នៅ​មិន​ទាន់​បាន​ផ្ដល់​កិច្ច​សហការ​នោះ ក្រុម​ការងារ​នឹង​ទុក​រយៈពេល​ ៣០ ​ថ្ងៃ​ទៀតគិត​ចាប់​ពី​ថ្ងៃ​ទី ​១៥ កក្កដា ឆ្នាំ​ ២០១៩ រហូត​ដល់​ថ្ងៃ​ទី​ ១៥ ខែ សីហា ឆ្នាំ ​២០១៩ ជា​កំហិត»។

លោក ម៉េត មាស​ភក្ដី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ និង​លោក​ សារិន​ វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី​នគរូបនីយកម្ម សំណង់​និង​សុរិយោដី មិន​អាច​សុំ​​ការបញ្ជាក់​បន្ថែម​បាន​ទេពី​ម្សិលមិញ​ដោយ​លោក​ថា​ជាប់​ប្រជុំ។

ស្រប​ពេល​ជាមួយ​គ្នា​នេះទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​​បាន​ធ្វើ​មោឃភាព​បណ្ណ​សម្គាល់​កម្មសិទ្ធិ​កាន់​កាប់​អចលនវត្ថុ​របស់​ក្រុម​ហ៊ុន ​អាយអិនជី​ ហូលឌីង ចំនួន​ ៥ ​បណ្ណ របស់​ឧក​ញ៉ា អុឹង ប៊ុនហ៊ូវ។ នេះ​បើ​តាម​លិខិត​របស់​ទី​ស្ដី​ការគណៈ​រដ្ឋ​មន្ត្រី​ចុះ​ថ្ងៃ​ទី​ ២១​ ឧសភា ​ដែល​ភ្នំពេញប៉ុស្តិ៍​ទទួល​បាន​ពី​ម្សិលមិញ។

ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា ការ​ធ្វើ​មោឃភាព​នេះ​ដោយ​សារ​ក្រុម​ហ៊ុន «​មិន​អនុវត្ត​តាម​ការ​សម្រេច​របស់​​រាជ​រដ្ឋាភិបាលពាក់​ព័ន្ធ​នឹង​ការ​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​ក្នុង​ផ្ទៃ​បឹង​ជើង​ឯក​ក្នុង​ខណ្ឌ​មាន​ជ័យ​ និង​ខណ្ឌ​ដង្កោ និង​ក្នុង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល។

តំណាង​ពលរដ្ឋ​ម្នាក់ គឺ​លោក ហូ សុខេង រស់​នៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​​តាខ្មៅ បាន​ថ្លែង​ពី​ម្សិល​មិញ​ថា សហគមន៍​លោក​ ៣៥០ គ្រួសារ កំពុង​មាន​ទំនាស់​​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន អាយ​អិន​ជី។ ប៉ុន្តែ​លោក​ថា ដី​ដែល​ត្រូវ​បាន​ធ្វើ​មោឃ​ភាព​នោះ​មិន​ស្ថិត​នៅ​លើ​ដី​សហគមន៍​របស់​លោកទេ។​ តែចំ​ពោះ​ដី ​១៩០ ហិកតា​ លោក​មិន​ច្បាស់​ទេ​ថា​​វា​គ្រប​ដណ្ដប់​លើ​​ដី​សហគមន៍​ឬ​ក៏អត់៕