ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​សាមី​ខ្លួន សាច់ញាតិ ឬ​អ្នក​ដែល​ស្គាល់​អ្នក​ជំងឺ​កូវីដ ៩ រូប ត្រូវ​ប្រញាប់​បង្ហាញ​ខ្លួន​ក្នុង​រយៈពេល ៣ (បី) ថ្ងៃ​ជា​កំហិត គិត​ចាប់​ពី​ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១ តទៅ ដើម្បី​មក​ទទួល​យក​ការ​ព្យាបាល ដោយ​ទាក់ទង​មក​កាន់​លេខ ១២៩៩ ឬ ១១៥។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ១២ ខែ​មេសា​នេះ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា ក្នុង​ករណី​សាមី​ជន​មិន​បាន​មក​បង្ហាញ​ខ្លួន​តាម​ការ​កំណត់​ខាង​លើ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ដោយ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យការ ព្រោះ​សកម្មភាព​នេះ គឺ​ជា​អំពើ​គេចវះ​ពី​ការ​តម្រូវ​ឱ្យ​ទទួល​ការ​ព្យាបាល ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥.០០០.០០០ (ប្រាំ​លាន) រៀល ទៅ ២០ ០០០.០០០ (ម្ភៃលាន) រៀល ហើយ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ កាល​បើ​អំពើ​ខាង​លើ​នេះ​បាន​បណ្តាល​ឱ្យ​មាន​ការ​ចម្លង​ជំងឺ​កូវីដ ១៩ ដល់​អ្នក​ដទៃ អនុលោម​តាម​មាត្រា ៨ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ទៀត​ថា ផ្ទុយ​ទៅ​វិញ​បើ​អ្នក​ជំងឺ​កូវីដ ១៩ ទាំង ៩ រូប​ខាង​លើ បាន​មក​បង្ហាញ​ខ្លួន​តាម​ការ​កំណត់​ខាង​លើ​ទាន់​ពេលវេលា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ផ្តល់​ការ​លើកលែង​ឱ្យ​រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ អនុ​លោម​តាម​មាត្រា ១៣ នៃ​ច្បាប់​ស្តីពី​វិធាន​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត។

ជាមួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​វិធានការ ៣ ការពារ និង ៣ កុំ" របស់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។ ទោះ​ជា​យ៉ាងណា រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​នឹង​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​សេចក្តី​ជូន​ដំណឹង​ខាង​លើ​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់៕