ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ៥ ខែមេសា ខាងមុខនេះនឹងចាប់ផ្ដើមស្ថាបនាផ្លូវ និងច្រាំងទន្លេធ្វើពីបេតុងនៅតាមទន្លេបាសាក់ត្រើយខាងកើត ក្នុងខណ្ឌច្បារអំពៅ ដើម្បីការពារការបាក់ច្រាំង និងលើកកម្ពស់សោភណភាពក៏ដូចជាជួយសម្រួលលំហូរចរាចរណ៍ផងដែរ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃ ២៦ មីនា។
បើតាមសេចក្ដីជូនដំណឹងនេះទីតាំងដែលត្រូវស្ថាបនានោះគឺចាប់ពីចំណុចគល់ស្ពានព្រះមុនីវង្សចាស់ក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់អភិវឌ្ឍន៍កោះនរាក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជាមួយគ្នានេះសាលារាជធានីភ្នំពេញបានបង្ហាញក្ដីរំពឹងថា ពលរដ្ឋដែលមានការពាក់ព័ន្ធនឹងដីចំណីទន្លេត្រង់ទីតាំងអនុវត្តគម្រោងនេះនឹងចូលរួមសហការល្អជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញដើម្បីឱ្យការអនុវត្តការងារស្ថាបនាផ្លូវ និងច្រាំងទន្លេនេះទទួលបានជោគជ័យ។
ពាក់ព័ន្ធនឹងការអនុវត្តគម្រោងនេះលោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅពេលនេះក្រុមមន្ត្រីបច្ចេកទេសរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌច្បារអំពៅបានចុះវាស់វែង និងបោះបង្គោលកំណត់ទីតាំងនៃព្រំប្រទល់ដីចំណីច្រាំងទន្លេចាប់ពីចំណុចគល់ស្ពានព្រះមុនីវង្សចាស់ក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី ២ រហូតដល់តំបន់អភិវឌ្ឍន៍កោះនរាក្នុងសង្កាត់និរោធ។
លោកបានបញ្ជាក់ថា៖ «ដើម្បីឱ្យការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈខាងលើដំណើរការទៅដោយរលូន ស្របតាមប្រតិទិនការងារដែលបានគ្រោងទុកនោះសូមបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនឹងដីចំណីទន្លេត្រង់ទីតាំងអនុវត្តគម្រោងត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហការល្អដល់ក្រុមមន្ត្រីជំនាញដែលចុះអនុវត្តការងារវាស់វែង»។
បើតាមលោក ណុប ផា ចាប់តាំងពីក្រុមមន្ត្រីជំនាញចុះវាស់វែងកំណត់ទីតាំងដីចំណីច្រាំងទន្លេរហូតមកទល់ពេលនេះពុំមានគ្រួសារពលរដ្ឋណាមួយក្នុងតំបន់ដែលត្រូវអនុវត្តគម្រោងនោះធ្វើការតវ៉ានោះទេ។ ជាមួយគ្នានេះរដ្ឋបាលខណ្ឌច្បារអំពៅបានស្នើឱ្យអ្នកភូមិ និងអាជ្ញាធរមូលដ្ឋានចូលរួមសហការជួយថែការពារបង្គោលដែលបានបោះរួចនោះឱ្យបានល្អ និងត្រូវរាយការណ៍ជាបន្ទាន់ក្នុងករណីមានជនណាម្នាក់មកដក ឬវាយបំផ្លិចបំផ្លាញបង្គោលតម្រុយនោះដើម្បីសមត្ថកិច្ចមានចំណាត់ការទៅតាមផ្លូវច្បាប់៕