ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​នឹង​បោះពុម្ព​លិខិត​ណែនាំ​ពី​យន្តការ​ថ្មី​នៃ​ការគ្រប់គ្រង​សំរាម​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ចែកជូន​ពលរដ្ឋ​ប្រមាណ​ជាង​ ៤០ ​ម៉ឺន​ខ្នង​ផ្ទះ ដែល​ជាប់​កាតព្វកិច្ច​បង់ថ្លៃ​សេវា​ប្រមូល​សំរាម ខណៈ​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​បម្រើសេវា​នេះ​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​រួមសហការ​។

កាលពី​ថ្ងៃ​ ៥ កុម្ភៈ ឆ្នាំ​ ២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ពិធី​ប្រគល់​ទទួល​កិច្ចសន្យា​ស្ដីពី​ការផ្ដល់សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅ​ភ្នំពេញ ដល់​ក្រុមហ៊ុន​ចំនួន​ ៣ ដែល​ឈ្នះ​ការដេញថ្លៃ​។ ​ក្នុង​នោះ​រួមមាន ក្រុមហ៊ុន ស៊ីនទ្រី សហការ​ជាមួយ​ក្រុមហ៊ុន អេវើប្រាយ ​(EverbrigthChina) ​ក្រុមហ៊ុន​ 800 ​ស៊ូភើរ​ (SUPER/GAEA) ​របស់​សិង្ហបុរី និង​ក្រុមហ៊ុន​មិស៊ូដា​គ្រុប​ (Mizuda Group Co.,Ltd ) ​របស់​ចិន ដែល​ធ្វើការ​ផ្តល់ជូន​ការ​បម្រើសេវា​បច្ចេកទេស និង​សមត្ថភាព​ក្នុង​តំបន់​ចំនួន​ ៣ ចាប់ពី​ខែឧសភា​ឆ្នាំ​នេះ​តទៅ​។

តាម​មន្ត្រី​ជាន់ខ្ពស់​សាលា​រាជធានីភ្នំពេញ​បាន​ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍​ ក្នុងន័យ​សុំ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ខែកុម្ភៈ​ថា ក្រុមហ៊ុន​ទាំង​ ៣ គ្រាន់តែ​ផ្តល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម​តាម​ខ្នង​ផ្ទះ​ពលរដ្ឋ​តែប៉ុណ្ណោះ​។ រីឯ​នីតិវិធី និង​ការប្រមូល​តម្លៃ​សេវា គឺ​ធ្វើ​ឡើង​ដោយ​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​ និង​សំណល់​រឹង រាជធានី​ភ្នំពេញ​។

លោក​ថា​៖ «​ការប្រមូល​លុយ​ពី​អតិថិជន គឺ​រដ្ឋាករ​ស្វយ័ត​ជា​អ្នកប្រមូល​ហើយ​នៅពេល​ប្រមូលបាន​គឺ​យើង​យកលុយ​នោះ​ទៅ​បង់​ឱ្យ​ក្រុមហ៊ុន​។ ភាសា​សាមញ្ញ គឺ​មានន័យថា ក្រុមហ៊ុន​ទាំង​ ៣ ​នេះ​គឺ​ដូច​ស៊ីឈ្នួល​ឱ្យ​យើង​អ៊ីចឹង​...»​។

មន្ត្រី​រូបនេះ​បាន​អះអាង​ថា ដើម្បី​គ្រប់គ្រង​វិស័យនេះ​ឱ្យបាន​ល្អ​នា​ថ្ងៃ​អនាគត គឺត្រូវធ្វើ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដោយ​ពលរដ្ឋ​អាច​ពិនិត្យ​បាន​តាមរយៈ​ប្រព័ន្ធ​ App នៃ​ពេលវេលា​ប្រមូល​សំរាម និង​បង់ថ្លៃ​សេវា​ផងដែរ​។ ​ដើម្បី​ឈានដល់​ដំណាក់កាល​នេះ​សាលារាជធានី​ភ្នំពេញ​នឹងធ្វើ​បច្ចុប្បន្នភាព​រួមទាំង​ចែក​ខិត្តប័ណ្ណ ឬ​សេចក្តី​ណែនាំ​ដល់​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​សាលា​រាជធានី​ភ្នំពេញ​នឹងធ្វើ​សេចក្តីណែនាំ​ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ទៅតាម​ខ្នង​ផ្ទះ​ដោយ​ត្រូវ​បោះពុម្ព​លិខិត​នេះ​ប្រមាណ​ជាង​ ៤០ ​ម៉ឺន​ខ្នង​ផ្ទះ ​ដែល​ជា​ផ្ទះ​ជាប់​កាតព្វកិច្ច ត្រូវ​បង់​សេវា​សំរាម​នេះ​។ ​យើង​ក៏​ជូនដំណឹង​គាត់​ពី​ការ​ទុកដាក់​សំរាម​យ៉ាង​ដូច្នេះ​? ​គាត់​ត្រូវ​ញែក​សំរាម​យ៉ាងម៉េច​?

ព្រោះ​ប្រព័ន្ធ​គ្រប់គ្រង​ថ្មី​គឺ​តម្រូវឱ្យ​គាត់​ញែក​រវាង​សំរាម​សើម និង​សំរាម​ស្ងួត​»​។

លោក AndrewDurke ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន GAEA បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រុមហ៊ុន GAEA និង​ក្រុមហ៊ុន​ដៃគូ​ឈ្មោះ​ 800Super រីករាយ​ចំពោះ​ការជួយ​គ្រប់គ្រង​សំរាម​នៅ​ភ្នំពេញ​។ លោក​ជឿថា ក្រុមហ៊ុន​មាន​ជំនាញ​បច្ចេកទេស​រួមគ្នា និង​បទពិសោធ​ជាក់ស្ដែង​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ជាច្រើន​។

លោក​ថា​៖ «​ភ្នំពេញ​គឺជា​ទីក្រុង​ដែលមាន​មនុស្ស​ច្រើន​កុះករ និង​រីក​ធំ​យ៉ាង​លឿន​។ ​លើសពី​នេះ​ទៀត​ប្រាក់ចំណូល​របស់​ពលរដ្ឋ​ក៏​បន្ត​កើនឡើង ដែល​ទាំងនេះ​ស្ទើរតែ​នាំឱ្យមាន​ការបង្កើត​សំរាម​កាន់តែច្រើន​។ ​ការផ្ដល់សេវា​ប្រកប​ដោយ​ប្រសិទ្ធភាព​លើផ្លូវ​ដែល​ពោរពេញ​ដោយ​រថយន្ត​តូចៗ និង​មនុស្ស​កាន់តែច្រើន​ដែល​បង្កើត​សំរាម​នោះ​គឺជា​បញ្ហា​ប្រឈម​»​។

បើតាម​លោក Andrew Durke ក្រុមហ៊ុន​ GAEA និង​ក្រុមហ៊ុន​ដៃគូ​ឈ្មោះ 800Super កំពុង​វិនិយោគ​លើ​ការទិញ​រថយន្ត​ដឹក​សំរាម​ថ្មី​ក៏​ដូចជា​ទៅលើ​បច្ចេកវិទ្យា និង​កម្មវិធី​ថ្មី​បំផុត​ដែល​នឹង​ជួយ​ក្នុង​ការផ្ដល់​សេវា​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ប្រកប​ដោយ​ផ្លែផ្កា​។ ​ក្រៅពីនេះ​ក្រុមហ៊ុន​ក៏​នឹង​ត្រូវការ​ជួល​បុគ្គលិក​ជាច្រើន​រយ​នាក់ ហើយ​ដោយ​គ្រោង​នឹង​ទិញ​រថយន្ត​ដឹក​សំរាម​បន្ថែមទៀត ព្រោះ​ទីក្រុង​ភ្នំពេញ​នឹង​បន្ត​រីកលូតលាស់​តទៅទៀត​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​បម្រើសេវា​សំរាម​ចំនួន​ ២ ​ទៀត​បាន​នោះទេ ដោយសារ​ក្រុមហ៊ុន​ស៊ីនទ្រី​បាន​បដិសេធ​ឆ្លើយតប ខណៈ​ក្រុមហ៊ុន​មិស៊ូដា​​គ្រុប​របស់​ចិន មិន​ឆ្លើយតប​អ៊ីមែល​។

ប៉ុន្តែ​លោក សេង សាវី អគ្គនាយក​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី​ធ្លាប់បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កន្លងមក​ថា ក្រុមហ៊ុន​លោក​ឈ្នះ​ការដេញថ្លៃ​ប្រមូល​សំរាម​នៅ​ខណ្ឌ​ចំនួន​ ៤ រួមមាន បឹង​កេងកង ចំការមន មានជ័យ និង​ច្បារអំពៅ ដែល​ស្ថិតនៅ​តំបន់​មួយ​នៃ​តំបន់​ ៣ ដែល​បែងចែក​ដោយ​សាលា​រាជធានី​ភ្នំពេញ​។

លោក​បញ្ជាក់ថា ក្រុមហ៊ុន​លោក​នឹង​ខំ​ធ្វើ​ទៅតាម​លក្ខខណ្ឌ និង​កិច្ចសន្យា ស្រប​ពេលដែល​ក្រុមហ៊ុន​ចិន និង​សិង្ហបុរី​ក៏​បាន​ឈ្នះ​ក្នុង​តំបន់​ទី​ ១ និង​ទី​ ២ ដែរ​។ លោក​ថា​៖ «​ក្រុមហ៊ុន​នឹង​បញ្ជា​ទិញ​រថយន្ត​ដឹក​សំរាម និង​សម្ភារ​បម្រើឱ្យ​ការប្រមូល​សំរាម​បន្ថែមទៀត ដើម្បី​បំពេញតម្រូវការ​ជាក់ស្តែង​ក្នុង​តំបន់​របស់ខ្លួន​។ យើង​នឹងធ្វើ​ទៅតាម​ជាក់ស្តែង​ទៅតាម​តំបន់​របស់​យើង​»​។

លោក សន ជ័យ ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​លើកឡើងថា ការគ្រប់គ្រង​វិស័យ​សំរាម​ក្នុង​ទីក្រុង​នេះ គឺមាន​កត្តា​ ២ ដែល​សំខាន់​។ ក្នុង​នោះ ទី​១ គឺ​ពលរដ្ឋ​ដែលមាន​ផ្ទះ ហើយ​អ្នកខ្លះ​ក៏​បាន​បំពេញ​កាតព្វកិច្ច និង​អ្នកខ្លះ​មិន​បាន​បំពេញ​កាតព្វកិច្ច ដូច្នេះ​ពលរដ្ឋ​ទាំងអស់​ត្រូវតែ​ចូលរួម​បំពេញ​កាតព្វកិច្ច​ឱ្យ​បាន​គ្រប់ៗ​គ្នា​ក្នុង​ការទុកដាក់​សំរាម ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម​។

ចំណែក​កត្តា​ទី​២ ​លោក សន ជ័យ បាន​លើកឡើង​ថា អាជ្ញាធរ​ត្រូវតែ​ធ្វើ​ទិន្នន័យ​គ្រប់​ពលរដ្ឋ​ទាំងអស់​ដែល​សេវា​ប្រមូល​សំរាម​នេះ​មិនអាច​បាន​ប្រមូល​សំរាម​ទៅដល់​ផ្ទះ​របស់​ពួកគាត់​​ដែលជា​ហេតុនាំឱ្យ​ពលរដ្ឋ​មួយចំនួន​បាន​យក​សំរាម​ពី​ផ្ទះ​របស់ខ្លួន​មក​ចោល​នៅតាម​ទីសាធារណៈ​យ៉ាង​អនាធិបតេយ្យ​ហើយ​កត្តា​នេះ​ក៏​បណ្តាល​មកពី​ពលរដ្ឋ​ខ្លួនឯង​ផងដែរ​។

លោក​ថា​៖ «​យើង​ឃើញ​មាន​បុរី​ ឬ​ផ្ទះ​ថ្មី​ដែលមាន​មនុស្ស​នៅ​ហើយ ប៉ុន្តែ​សំណួរ​សួរថា មនុស្ស​ទាំងនោះ គាត់​មិន​ចោល​សំរាម​នៅ​កន្លែង​គាត់​រស់នៅ​ទេ​? ​គាត់​យកមក​ចោល​ពេញ​ផ្លូវ​។​សួរថា ចំណុច​នេះ​គឺ​មកពី​កំហុស​ពលរដ្ឋ ឬក៏​កំហុស​ជា​ប្រព័ន្ធ​តែម្តង​។ ចំណុច​នេះ​ក៏​ជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ដែរ​»៕

វីដេអូ៖