ភ្នំពេញ: ដើម្បី​ការពារ​ការឆ្លង​រាលដាល​កូវីដ១៩​ក្នុង​សហគមន៍ សាលាក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​សម្រេច​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ផ្អាក​ការទទួល​អតិថិជន​ឲ្យ​ចូលមក​ទទួលទាន​ក្នុង​ភោជនីយដ្ឋាន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវកម្មដ្ឋាន​ផ្នែក​អាហារ ភេសជ្ជៈ​គ្រប់​ប្រភេទ​ក្នុង​រយៈពេល ២ សប្តាហ៍។

សេចក្តី​ជូនដំណឹង​បាន​ឲ្យ​ដឹងថា គ្រប់​ផ្សាររដ្ឋ ផ្សារទំនើប ផ្សារ​ម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវកម្ម​ផ្នែក​អាហារ ភេសជ្ជៈ​គ្រប់​ប្រភេទ​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការលក់​គ្រឿង​ស្រវឹង គ្រប់​ប្រភេទ​រយៈពេល ២ សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១ នេះ​រហូត​ដល់​ថ្ងៃទី ២៤ ខែ​មេសា ឆ្នាំ ២០២១។

សេចក្តី​ជូនដំណឹង​បាន​សរសេរ​ថា៖ «ភោជនីយដ្ឋាន អាហារដ្ឋាន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវកម្ម​ផ្នែក​អាហារ​ភេសជ្ជៈ គ្រប់​ប្រភេទ ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​ការទទួល​អតិថិជន​ឲ្យ​ចូល​មក​ទទួលទាន​ក្នុង​បរិវេណ​អាជីវកម្ម​របស់​ខ្លួន ប៉ុន្តែ​អាច​ប្រកប​អាជីវកម្ម​លក់ដូរ​ជា​លក្ខណៈ​វេចខ្ចប់​បាន»។

ការដាក់ចេញ​នូវ​វិធានការ​ថ្មី​នេះ បន្ទាប់ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បានកត់សម្គាល់​ឃើញថា ក្រោយពី​ដាក់ចេញ​ការណែនាំ​ជា​បន្តបន្ទាប់​នូវ​វិធានការ​ការពារ​ជំងឺ​កូវីដ១៩ មាន​បងប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​មួយចំនួន នៅតែ​បន្ត​បំពាន​គោលការណ៍​ណែនាំ ដូចជា​មិន​អនុវត្ត​កាតព្វកិច្ច​រក្សា​គម្លាត លួចលាក់​ប្រមូលផ្តុំ​កំបាំង​ភ្នែក​ពី​សមត្ថកិច្ច និង​ណាត់​ជួបជុំ​ទទួលទាន​គ្រឿង​ស្រវឹង ដែល​នាំឲ្យ​បាត់បង់​ស្មារតី​ភ្លេច​ការពារ​ខ្លួន និង​ធ្វេសប្រហែស​ជាមួយ​ជំងឺ​កូវីដ១៩។ នេះ គឺជា​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​សង្គម​ជាតិ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ឲ្យ​សហការគ្នា ដើម្បី​ចុះ​ត្រួតពិនិត្យ​តាម​បណ្តោយ​គោលដៅ​ផ្សារ​រដ្ឋ ផ្សារ​ទំនើប ផ្សារ​ម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវកម្ម​ផ្នែក​អាហារ ភេសជ្ជៈ​គ្រប់​ប្រភេទ ដើម្បី​អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​នេះ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​គូសបញ្ជាក់​ថា៖ «ក្នុងករណី​រកឃើញថា គណៈ​គ្រប់គ្រង​ផ្សារ ឬ​ម្ចាស់​អាជីវកម្ម​ណាមួយ មិន​ព្រម​អនុវត្ត ត្រូវ​ធ្វើ​កិច្ចសន្យា​ណែនាំ​លើក​ទី ១ ហើយ​ប្រសិនបើ​នៅតែ​បន្ត​បំពាន​ត្រូវអនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​គ្មាន​ការលើកលែង​ឡើយ»៕