ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញបានសម្តែងការសោកស្តាយចំពោះសេចក្តីថ្លែងការណ៍របស់គណបក្សខ្មែរឈ្នះ និងបានចាត់ទុកការចេញសេចក្តីថ្លែងការណ៍របស់គណបក្សនេះដែលថាសាលាក្រុងបានហាមឃាត់ការធ្វើបាតុកម្មទាមទារឲ្យដោះលែងលោក រ៉ុង ឈុនថា មានចេតនាបំភ្លៃការពិត។
ការសម្តែងការសោកស្តាយរបស់សាលារាជធានីនេះបានធ្វើឡើង បន្ទាប់ពីគណបក្សខ្មែរឈ្នះបានចេញសេចក្តីថ្លែងការណ៍មួយក្រោយពីបញ្ចប់កិច្ចប្រជុំមួយជាមួយរដ្ឋបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី ១០ ខែសីហា ដើម្បីជជែកពិភាក្សាទៅនឹងសំណើរបស់គណបក្សនេះដែលបានស្នើសុំធ្វើបាតុកម្មរយៈពេល ៤ ថ្ងៃគឺនៅថ្ងៃទី ១៦ ថ្ងៃទី ២០ ថ្ងៃទី ២៣ និងថ្ងៃទី ៣០ ខែសីហា នៅទីលានប្រជាធិបតេយ្យក្នុងខណ្ឌឫស្សីកែវ។
សេចក្តីថ្លែងការណ៍របស់គណបក្សនេះលើកឡើងថា ការហាមឃាត់ចំពោះការប្រកាសដឹកនាំការធ្វើបាតុកម្មទាមទារឲ្យដោះលែងលោក រ៉ុង ឈុន គឺជាការបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងដើរផ្ទុយពីគន្លងលទ្ធិប្រជាធិបតេយ្យ និងរំលោភច្បាប់។
រដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ១១ ខែសីហាថា សេចក្ដីថ្លែងការណ៍របស់គណបក្សខ្មែរឈ្នះ គឺមានខ្លឹមសារប្រាសចាកពីស្មារតីនៃកិច្ចប្រជុំដោយបានធ្វើការចោទប្រកាន់មកលើរដ្ឋបាលរាជធានីភ្នំពេញថា បានដាក់បម្រាមដោយហាមឃាត់ ចំពោះការប្រកាស ដឹកនាំធ្វើបាតុកម្មទាមទារដោះលែងលោក រ៉ុង ឈុន។
គណបក្សនេះថែមទាំងលើកឡើងខុសពីការពិតទាំងស្រុងថា អាចមានការប៉ះទង្គិច និងឈានទៅដល់ការចាប់ខ្លួនបាតុករពាក់ព័ន្ធការដាក់បម្រាមយ៉ាងតឹងរ៉ឹងនេះ។ រដ្ឋបាលរាជធានីអះអាងថា ការជូនដំណឹងនៃការធ្វើបាតុកម្មរបស់គណបក្សខ្មែរឈ្នះនេះគឺមានលក្ខណៈមិនសមស្របទៅនឹងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ ១៩ និងសេចក្តីសម្រេចនានារបស់ក្រសួងសុខាភិបាលស្ដីពីការជំរុញអប់រំសុខភាពជូនប្រជាជន និងពង្រឹងការងារតាមដានការអនុវត្តវិធានការការពាររលកទី ២ នៃការចម្លងជំងឺកូវីដ១៩រួមទាំងផ្ទុយនឹងច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ស្របពេលដែលគោលបំណងនៃការធ្វើបាតុកម្មទាមទារឱ្យមានការដោះលែងទៀតសោត មិនស្របតាមមាត្រាច្បាប់។ «ក្នុងន័យនេះរដ្ឋបាលរាជធានីភ្នំពេញសូមបដិសេធយ៉ាងដាច់អហង្ការ និងថ្កោលទោសចំពោះសេចក្ដីថ្លែងការណ៍របស់គណបក្សខ្មែរឈ្នះខាងលើដែលជាទង្វើឆ្លៀតបោកប្រាស់សាធារណមតិ ដើម្បីទទួលបានការចាប់អារម្មណ៍ពីសាធារណជន»។
រដ្ឋបាលរាជធានីភ្នំពេញបានស្នើឱ្យគណបក្សខ្មែរឈ្នះត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានាមុននឹងធ្វើសេចក្ដីថ្លែងការណ៍ ហើយត្រូវធ្វើការកែប្រែជាបន្ទាន់នូវខ្លឹមសារនៃសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០ ឱ្យស្របតាមកំណត់ហេតុប្រជុំចុះថ្ងៃទី ១០ ខែសីហា នៅសាលារាជធានីភ្នំពេញ ដើម្បីចៀសវាងការភាន់ច្រឡំពីសាធារណជន។
លោក យិន ឈឿន អ្នកនាំពាក្យគណបក្សខ្មែរឈ្នះប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា លោកមិនទាន់បានទទួលលិខិតរបស់រដ្ឋបាលរាជធានីនៅឡើយទេ។ លោកបន្តថា ដើម្បីចៀសវាងការឆ្លើយតបដែលនាំឲ្យមានការភាន់ច្រឡំបន្តទៀតរវាងគណបក្ស និងរដ្ឋបាលរាជធានីភ្នំពេញ លោកសុំពិនិត្យមើលខ្លឹមសារ និងពិភាក្សាជាលក្ខណៈផ្ទៃក្នុងជាមុនសិន។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនទាន់ទទួលបានខ្លឹមសារជាក់ស្តែងដែលសាលារាជធានីបានលើកឡើងអំពីការចោទប្រកាន់ ហើយក៏មិនទាន់ជជែកគ្នាផ្ទៃក្នុង ដូច្នេះខ្ញុំមិនទាន់អាចឆ្លើយតបបានទេ»។
យ៉ាងណាក្តីបើតាមទំព័រហ្វេសប៊ុករបស់លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះបានសរសេរកាលពីយប់ថ្ងៃអង្គារដោយមានអមជាមួយលិខិតពាក់ព័ន្ធជាច្រើនច្បាប់រួមទាំងសេចក្តីប្រកាសព័ត៌មានរបស់សាលារាជធានីផងដែរដោយចោទសួរថា៖ «តើនេះជារបៀបធ្វើការរបស់សាលារាជធានីភ្នំពេញ ឬយ៉ាងណា? ថ្ងៃជូនដំណឹង និងថ្ងៃបដិសេធក្នុងថ្ងៃតែមួយ កិច្ចប្រជុំផ្លូវការមិនទាន់ចាប់ផ្តើមផង លោកអភិបាលរាជធានីភ្នំពេញដាក់បម្រាមមិនឲ្យមានបាតុកម្មទាមទារដោះលែងលោក រ៉ុង ឈុន ជាមុនទៅហើយ»៕