ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើការសិក្សាលើគម្រោងសាងសង់ផ្លូវឆ្លងកាត់ក្រោមដីចំនួន ៣ ទីតាំង ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ដោយគម្រោងទាំងនោះនឹងត្រូវសាងសង់នៅចំណុចផ្លូវជាតិលេខ ១ ផ្លូវសហព័ន្ធរុស្ស៊ីខាងមុខវិទ្យាស្ថាន IFL និងម្ដុំក្ដាន់ ២ ក្បែរក្រសួងការពារជាតិ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីថ្លែងពីម្សិលមិញថា គម្រោងធ្វើផ្លូវឆ្លងកាត់ក្រោមដីទាំង ៣ ទីតាំងនេះត្រូវបានមន្ត្រីជំនាញសាលារាជធានី បាននិងកំពុងសិក្សាពីផលប៉ះពាល់នានា និងដំណោះស្រាយមួយចំនួនដែលទាក់ទងនឹងគម្រោងផ្លូវក្រោមដី ដើម្បីឈានទៅវាយតម្លៃពីខ្នង់ចំណាយផ្សេងៗទៀត។
លោកបញ្ជាក់ថា៖ «កំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយដើម្បីដឹងថា តើយើងធ្វើផ្លូវហ្នឹងរបៀបម៉េច ដើម្បីឆ្លើយតបនូវអ្វីដែលយើងចង់បានមកដោះស្រាយការកកស្ទះចរាចរណ៍ព្រោះទីតាំងផ្សេងៗគ្នា យើងត្រូវរចនាប្លង់របៀបណាឲ្យស្អាត អស់លុយប៉ុនណា ហើយវាមានផលប៉ះពាល់ដែរឬទេ។ ពិសេសនៅក្រោមដីនោះមានទុយោទឹកធំ និងខ្សែកាប្លិ៍បង្កប់ដីឬអត់? ហើយបើសិនជាមានអ្វីទាំងអស់ហ្នឹង តើយើងគួរចៀសវាងយ៉ាងម៉េច ដើម្បីបន្តដំណើរការគម្រោងយើង។ ដូច្នេះយើងកំពុងសិក្សាបញ្ហាទាំងអស់ហ្នឹង»។
លោកបន្តថា នៅពេលដែលបញ្ចប់ការសិក្សាពីផលប៉ះពាល់ទាំងនេះរួចរាល់ទើបមន្ត្រីជំនាញចាប់ផ្ដើមវាយតម្លៃពីការចំណាយ ការទិញសម្ភារ និងពេលវេលាជាក់លាក់ក្នុងចាប់ផ្ដើមសាងសង់។ ម្យ៉ាងទៀតត្រូវគិតថា តើគួរប្រគល់ការងារនេះជូនទៅក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងមួយណាជាអ្នកទទួលសាងសង់។
លោក ម៉េត មាសភក្ដី បន្ថែមទៀតថា ផ្លូវឆ្លងកាត់ក្រោមដីទាំង ៣ ទីតាំងនោះរួមមាន គម្រោងផ្លូវក្រោមដីដែលឆ្លងកាត់ផ្លូវជាតិលេខ ១ ដែលរដ្ឋបាលរាជធានី និងក្រុមហ៊ុនបុរីប៉េងហួតបានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ ១ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ គម្រោងទី ២ ផ្លូវក្រោមដីនៅម្ដុំខាងមុខវិទ្យាស្ថានភាសាបរទេស (IFL) តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី និងគម្រោងទី ៣ ស្ថិតនៅម្ដុំក្ដាន់ ២ ជិតក្រសួងការពារជាតិ។
លោក លីម សុភា អភិបាលខណ្ឌ ៧ មករា និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីបញ្ហានេះបានទេ ដោយពួកលោកមិនលើកទូរស័ព្ទ។
គេហទំព័រក្រសួងព័ត៌មានកាលពីម្សិលមិញបានដកស្រង់សម្ដីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថា គម្រោងសាងសង់ផ្លូវក្រោមដីចំនួន ៣ ទីតាំងនេះដើម្បីឆ្លើយតបទៅនឹងបញ្ហាកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃដែលឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលបានស្នើមករដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលរំដោះចរាចរណ៍ដែលតែងតែកកស្ទះនៅតាមតំបន់ទាំងនោះ។
លោកបន្ដថា លោកបានស្នើទៅក្រុមហ៊ុនបុរី ប៉េង ហួត នូវគម្រោងស្ថាបនាផ្លូវក្រោមដីដែលឆ្លងកាត់ពីបុរីប៉េងហួត (បឹងស្នោ) មកផ្លូវជាតិលេខ ១ ដើម្បីកុំឲ្យមានការកកស្ទះដល់ពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ ១ និងប្រជាពលរដ្ឋរស់នៅក្នុងបុរីនេះផ្ទាល់ ដែលធ្វើដំណើរចេញ-ចូលរាជធានីភ្នំពេញ។
លោក គង់ រតនៈ នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍បានថ្លែងពីម្សិលមិញថា លោកគាំទ្រឲ្យមានការធ្វើផ្លូវបន្ថែមតាមដែលអាចធ្វើទៅបានតាមរយៈការធ្វើផ្លូវក្រោមដី ផ្លូវអាកាស ផ្លូវដែក និងផ្លូវផ្សេងៗទៀត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងការចង្អៀតណែននៅតាមដងផ្លូវនានា។
លោកបន្តថា បើទោះបីជាមានផ្លូវច្រើន ឬពង្រីកផ្លូវឲ្យធំប៉ុនណាក៏ដោយអ្នកបើកបរត្រូវតែប្រកាន់ខ្ជាប់ការគោរពច្បាប់ចរាចរណ៍ យោគយល់ និងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកក្នុងពេលបើកបរ ព្រោះវាជាកត្តាសំខាន់ដែលអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះផងដែរ។ លោកបញ្ជាក់ថា៖ «យើងមិនអាចមើលរំលងច្បាប់បានទេ បើយើងគោរពទាំងច្បាប់ ហើយបានទាំងផ្លូវល្អថែមទៀត គឺពិតជាល្អប្រសើរខ្លាំងណាស់សម្រាប់វិស័យចរាចរណ៍ស្រុកយើង»៕