ភ្នំពេញៈ សាលារាជធានីភ្នំពេញ និងក្រសួងបរិស្ថានបំភ្លឺទៅក្រុមអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ៧ នាក់ ដែលចោទសួរពីការអភិវឌ្ឍតំបន់បឹងជើងឯក និងបឹងទំពុន ដោយក្រុមហ៊ុន ING Holdings ដែលថាធ្វើឱ្យប៉ះពាល់តំបន់ដីសើមនៅភាគខាងត្បូងទីក្រុងភ្នំពេញប្រឈមទឹកជំនន់ និងប៉ះពាល់ដល់សិទ្ធិមនុស្ស។
ការបំភ្លឺនេះធ្វើឡើងតាមរយៈស្ថានបេសកកម្មអចិន្រៃ្តយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំ UN នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ក្នុងលិខិត ២ ដាច់ដោយឡែកពីគ្នាចុះថ្ងៃទី ១៧ និងទី ១៨ កុម្ភៈ ២០២១ ឆ្លើយតបទៅអ្នករាយការណ៍ពិសេស ៧ នាក់របស់ UN ក្នុងនោះក៏មានលោកស្រីរ៉ូណា ស្ម៊ីត ផងដែរ។
ក្រុមអ្នករាយការណ៍សេសពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំមុនបានសរសេរលិខិតមួយផ្ញើឱ្យកម្ពុជាតាមរយៈយន្តការសិទ្ធិមនុស្សរបស់ UN ដែលមាន ១៣ ទំព័រ លើកឡើងពីសាវតារ និងផលប៉ះពាល់ ផ្នែកបរិស្ថាន អេកូឡូស៊ី និងសិទ្ធិមនុស្សដែលកើតមាន និងអាចកើតមានចេញពីការអភិវឌ្ឍនេះ។
អ្នករាយការណ៍ពិសេសថ្លែងថា បើតាមព័ត៌មាន តំបន់ដីសើមបឹងទំពុន និងបឹងជើងឯកគឺជាតំបន់មានពលរដ្ឋយ៉ាងហោចណាស់ ១ ០០០ គ្រួសាររស់នៅ ប្រកបរបរនេសាទ និងធ្វើកសិកម្ម។ ការអភិវឌ្ឍនេះធ្វើឡើងដោយមិនបានពិគ្រោះជាមួយគ្រួសាររងគ្រោះ។
គម្រោងនេះមិនត្រឹមតែប៉ះពាល់ដល់ជីវភាពរស់នៅ និងផ្ទះសំបែងរបស់គ្រួសារទាំងនេះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យខូចដល់ប្រព័ន្ធអេកូឡូស៊ីនៃតំបន់ដីសើមដែលមិនអាចស្ដារឡើងវិញបាន។
លើសពីនេះវាធ្វើឱ្យមនុស្សជាង ១ លាននាក់ប្រឈមគ្រោះថ្នាក់នៃទឹកជំនន់ និងធ្វើឱ្យកខ្វក់ដល់ទន្លេមេគង្គ និងទន្លេសាប។
ក្រុមអ្នករាយការណ៍ពិសេសថ្លែងថា ជារៀងរាល់ថ្ងៃមានទឹក ៣៧ ម៉ឺនម៉ែត្រគុប ត្រូវបានបង្ហូរចេញពីភ្នំពេញទៅតំបន់ដីសើមនេះដែលភាគច្រើនជាទឹកស្អុយមិនទាន់បានចម្រោះ។ ដើម្បីលុបបឹងនេះ ខ្សាច់ជាង ៧៧ លានម៉ែត្រគុបត្រូវបូមបញ្ចូលតាំងពីឆ្នាំ ២០០៤ មក។
ក្រុមអ្នករាយការណ៍ថ្លែងថា៖ «ប្រសិនបើតំបន់ដីសើមនេះនៅបន្តលុប វាអាចថា មនុស្សជិតពាក់កណ្ដាលនៃពលរដ្ឋក្នុងទីក្រុងភ្នំពេញ ឬប្រមាណ ១,២ លាននាក់ នឹងប្រឈមមុខកាន់តែខ្លាំងដោយសារគ្រោះទឹកជំនន់ដែលកើតចេញពីទឹកកខ្វក់....»។
ពួកគាត់លើកឡើងនូវសំណើសុំបំភ្លឺ និងព័ត៌មានបន្ថែមពីរដ្ឋាភិបាលលើចំនួន ១២ ចំណុច រួមមាន ផលប៉ះពាល់លើសិទ្ធិមនុស្ស បរិស្ថាន និងសង្គម, វិធានការរបស់រដ្ឋាភិបាលក្នុងការដោះស្រាយលើផលប៉ះពាល់នោះ និងសំអាងផ្លូវច្បាប់ក្នុងការជួលបឹងទាំងនេះទៅឱ្យក្រុមហ៊ុន ING Holdings។
ជាការឆ្លើយតប សាលារាជធានីភ្នំពេញបានថ្លែងថា គម្រោងអភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុនបឹងជើងឯក គឺជាគម្រោងអភិវឌ្ឍន៍ខ្នាតធំមួយដែលគ្របដណ្ដប់លើផ្ទៃដី ២ ៥៧២ ហិកតា ស្ថិតក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ និងខណ្ឌចំការមន។ ការសិក្សាវាយតម្លៃលើផលប៉ះពាល់ត្រូវបានធ្វើនៅឆ្នាំ ២០០៨ មុនពេលគម្រោងចាប់ផ្ដើម។
សាលារាជធានីបញ្ជាក់ថា គម្រោងនេះមិនស្ថិតក្នុងតំបន់ការពារធម្មជាតិ ឬតំបន់អភិរក្សទេ ហើយនៅតំបន់នេះក៏គ្មានវត្តមានសត្វព្រៃកម្រដែរ ចំណែកព្រៃ និងដើមឈើវិញមិនមានតម្លៃផ្នែកសេដ្ឋកិច្ចទេ។ សាលារាជធានីទទួលស្គាល់ថា ការអភិវឌ្ឍនេះធ្វើឱ្យបាត់បង់តួនាទីចម្រោះទឹកតាមធម្មជាតិ និងបន្ថយសមត្ថភាពផ្ទុកទឹកពី ៧៥ លានម៉ែត្រគុប មកនៅ ១៨,៧៦ លានម៉ែត្រគុប។ ប៉ុន្តែប៉ះពាល់តិចតួចបំផុតលើប្រព័ន្ធបង្ហូរទឹកបឹងត្របែក បឹងទំពុន ប្រឡាយទឹកភូមិមូល និងភូមិរលួស។
ការរំដោះទឹកពីទីក្រុងភ្នំពេញធ្វើឡើងតាមរយៈការសង់ស្ថានីយចម្រោះទឹកកខ្វក់ ការស្ដារប្រឡាយ និងអាងស្តុកទឹក ការសាងសង់ទ្វារទឹកនៅស្ទឹងជ្រោយ និងប្រឡាយព្រែកថ្មី ការដំឡើងម៉ាស៊ីនបូមទឹកដែលមានសមត្ថភាពបូម ១០ ម៉ែត្រគុប ក្នុង ១ វិនាទីនៅក្នុងស្ទឹង និងប្រឡាយនីមួយៗ។ ដូច្នេះទឹកជំនន់នៅទីក្រុងត្រូវបានដោះស្រាយ ហើយគ្មានអ្វីពាក់ព័ន្ធនឹងគម្រោងនេះទេ។ នេះជាការពន្យល់របស់សាលារាជធានីភ្នំពេញ។
សាលារាជធានីថា «គម្រោងអភិវឌ្ឍន៍នេះនឹងបង្កើតចំណូលសេដ្ឋកិច្ចជាតិជាង ៤ ពាន់លានដុល្លារ ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ តាមរយៈការកើនឡើងនៃតម្លៃអចលនទ្រព្យ ពន្ធលើអចលនទ្រព្យ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបង្កើតមុខរបរទាំងផ្ទាល់ និងប្រយោលសម្រាប់មនុស្សជាច្រើន»។
សាលារាជធានីបញ្ជាក់ថា ការងារជាង ១០ ម៉ឺនកន្លែង ត្រូវបានបង្កើតក្នុងដំណាក់កាលប្រតិបត្តិ ហើយនឹងមានការងារជាង ១១ លានទៀតក្នុងដំណាក់កាលសាងសង់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០៣៥ ដែលអ្នកធ្វើការងារទាំងនេះមានទាំងកម្មករ កម្មករជំនាញ ជាងជុសជុល អ្នកបច្ចេកទេស និងអ្នកជំនាញដែលអាចទទួលប្រាក់ខែពី ២៥០ ដុល្លារ ដល់ ១ ២០០ ដុល្លារ។
គម្រោងនេះនឹងបង្កើនសោភណភាពនៅខាងត្បូងទីក្រុងភ្នំពេញ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធសម្រួលចរាចរណ៍តាមរយៈការសង់មហាវិថីចំនួន ៣ ផ្លូវសំខាន់ៗ ៦១ ខ្សែ ដែលមានប្រវែងសរុបជាង ៩៥ គីឡូម៉ែត្រ ការសាងសង់លូក្រោមដីដែលទាំងអស់នេះមានទឹកប្រាក់ ៨៣៧ លានដុល្លារ ដើម្បីបម្រើប្រយោជន៍មនុស្សប្រហែល ៣ លាននាក់នៅទីក្រុងភ្នំពេញ និងផ្នែកខ្លះនៃទីក្រុងតាខ្មៅ។
សាលារាជធានីបញ្ជាក់ថា៖ «ការរីកចម្រើន និងសមិទ្ធផលសំខាន់នៃគម្រោងនេះបានលេចឡើងជាបណ្ដើរៗដែលនេះផ្ទុយស្រឡះពីការធ្វើវិទ្ធង្សនាបង្កការយល់ច្រឡំនៃសារព័ត៌មានបរទេស និងរបាយការណ៍នៃអង្គការសង្គមស៊ីវិលមួយចំនួនដែលបានបង្ហាញដោយគ្មានការសិក្សាច្បាស់លាស់ដោយជ្រើសរើសយកតែចំណុចខ្លះចេញពីគំនិតផ្ទាល់ខ្លួន មានលក្ខណៈមួលបង្កាច់ និងបំផុសបំផុល ដោយហេតុផលនយោបាយ»។
ស្រដៀងគ្នានេះ ក្រសួងបរិស្ថានក៏បានបំភ្លឺទៅនឹងសំណួររបស់អ្នករាយការណ៍ពិសេសផងដែរនូវផ្នែកដែលពាក់ព័ន្ធនឹងក្រសួងបរិស្ថាន។ ក្រសួងបញ្ជាក់ថា ផ្ទៃដីជាក់ស្ដែងដូចបានវាយតម្លៃលើផលប៉ះពាល់មានតែ ៨៦៣ ហិកតាប៉ុណ្ណោះ មិនមែន ១ ៥០០ ហិកតា ដូចក្រុមអ្នករាយការណ៍ពិសេសលើកឡើងនោះទេ។
ក្រសួងក៏ចោទសួរត្រឡប់ទៅវិញចំពោះការលើកឡើងដែលថា គ្រួសារចំនួន ១ ០០០ បានរងគ្រោះពីគម្រោងអភិវឌ្ឍន៍ ពីព្រោះជាក់ស្ដែងចំនួនគ្រួសារមានតិចជាងនេះ។ រាល់គម្រោងអភិវឌ្ឍន៍នៅតំបន់នេះសុទ្ធតែបានឆ្លងកាត់ការសិក្សាវាយតម្លៃពីផលប៉ះពាល់។
ក្រសួងបរិស្ថានបញ្ជាក់ថា៖ «ដូច្នេះការបំពុលដែលបានចោទប្រកាន់ថាបង្កដោយគម្រោងអភិវឌ្ឍន៍នេះមិនមានអ្វីជាសំអាងទេពីព្រោះតំបន់ដីសើមដែលនៅសេសសល់អាចទទួលទឹកកខ្វក់ពីគេហដ្ឋានពីតំបន់នានានៅជុំវិញបឹងទំពុន និងពីស្ថានីយបូមទឹកបឹងត្របែក»៕