ខេត្ត​សៀមរាប៖ រដ្ឋបាល​ខេត្ត​សៀមរាប​បាន​សម្រេច​បិទ​ការចេញ-ចូល​ជា​បណ្តោះអាសន្ន​ក្នុង​ភូមិ​ចំនួន ២ ក្នុង​ក្រុង​សៀមរាប បន្ទាប់ពី​រកឃើញ​អ្នកមាន​វិជ្ជមាន​កូវីដ១៩ ក្នុង​តំបន់​នោះ​កាលពី​សប្តាហ៍​មុន។

សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​ខេត្ត​នេះ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃអាទិត្យ​នេះ​ថា ភូមិ​គោកតាចាន់ និង​ភូមិ​ខ្វៀន​ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប​ត្រូវ​បិទ​ការចេញ-ចូល​ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១។

រដ្ឋបាលខេត្ត​នេះ​បាន​អះអាង​ថា៖ «ចំពោះ​ការបិទ​ការចេញ-ចូល​បណ្តោះអាសន្ន​នេះ នឹង​ដំណើរការ​ឡើងវិញ ក្រោយពេល​ស្ថានភាព​ការរីក​រាលដាល​ជំងឺ​កូវីដ១៩ មាន​សភាព​ធូរស្រាល និង​វិល​មករក​ប្រក្រតីភាព​ឡើងវិញ ដោយ​រដ្ឋបាលខេត្ត​នឹង​ជូន​ដំណឹង​នាពេល​ក្រោយ»។

រដ្ឋបាល​ខេត្ត​សៀមរាប​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ការឈាន​ទៅ​បិទ​ភូមិ​នេះ ដោយសារ​ក្នុង​ព្រឹត្តិការណ៍ ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩​ចូល​ក្នុង​សហគមន៍ ២០ កុម្ភៈ បាន​រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូវីដ១៩ ចំនួន ០១ នាក់​កាលពី​ថ្ងៃទី ០៩ ខែ​មេសា ឆ្នាំ ២០២១ រស់នៅ​ភូមិ​គោកតាចាន់ សង្កាត់​គោកចក។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្ត​សៀមរាប​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ទំនាក់ទំនង​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ១៩ ឬ អ្នក​ដែល​បាន​ចូលទៅ​កាន់​ផ្សារ​ភូមិភាគបួន និង​មន្ទីរ​សម្រាក​ព្យាបាល​ ឆាយ លាង ​កាលពី​ថ្ងៃទី ០៤ ដល់​ថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២១ សូម​រួសរាន់​ធ្វើ​ចត្តាឡីស័ក្ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀងៗខ្លួន ដោយ​មិន​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត។

រដ្ឋបាលខេត្ត​នេះ​បញ្ជក់​ថា៖ «ប្រសិនបើ​មាន​ការប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ និង០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​បាត់​វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ»៕