កណ្តាលៈ សាលាដំបូងខេត្តកណ្ដាលកាលពីចុងសប្ដាហ៍សម្រេចឃុំខ្លួនមនុស្ស ១៣ នាក់ជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារខេត្ត រឿងប្រកបមុខរបរមិនមានភាពសុចរិត បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១២ នាក់ នៅក្នុងស្រុកល្វាឯម ខេត្តកណ្ដាល។
លោក សូ សារិន អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាលប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ ថា មនុស្សទាំង ១៣ នាក់ត្រូវបានចោទប្រកាន់ពីបទអំពើមិនសុចរិតទាក់ទងទៅនឹងទំនិញ ឬសេវា ឬការអះអាងដោយបំភាន់មានស្ថានទម្ងន់ទោស។ មនុស្សទាំង ១៣ នាក់ជាអ្នកលក់ និងបិតស្រាស និងស្រាត្រាំថ្នាំក្នុងចំណោមនោះមានស្រីចំនួន ៧ នាក់។
លោក សូ សារិន ថ្លែងថាជនប្រុសស្រីទាំង ១៣ នាក់នេះកំពុងស្ថិតនៅក្នុងដំណាក់កាលឃុំខ្លួនពីសំណាក់ចៅក្រមស៊ើបសួរ។ ចំពោះនីតិវិធីបន្តមិនទាន់ដឹងនៅឡើយទេ អាស្រ័យលើចៅក្រម បញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញាទៀត ឬយ៉ាងណា។
លោក ហេង សុផល អធិការស្រុកល្វាឯមបានឱ្យដឹងដែរថា ក្នុងចំណោមអ្នកដែលបានផឹកស្រាស និងស្រាត្រាំថ្នាំនៅក្នុងពិធីបុណ្យសពកាលពីថ្ងៃទី ១០ ខែឧសភា នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល មានមនុស្ស ១៩ នាក់ ក្នុងនោះ ១២ នាក់ស្លាប់ និង ៧ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ តាម មាត្រា ៤៣ នៃស្ថានទម្ងន់ទោសនៃអំពើមិនសុចរិតអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំទៅ ៥ ឆ្នាំនិងត្រូវពិន័យជាប្រាក់ពី ៤ លាន រៀលទៅ ១០ រៀល។
យោងតាមលទ្ធផលវិភាគបានបង្ហាញថា សំណាកស្រាមានសារធាតុមេតាណុលដែលជាសារធាតុពុលច្រើនហួសកម្រិតអនុញ្ញាតពី ១០ ដង ទៅ ១០០ ដង ដែលអាចបង្កឱ្យប្រជាពលរដ្ឋស្លាប់ ប្រសិនបើបរិភោគចាប់ពី ១០០ មិលី្លលីត្រឡើងទៅ៕