ភ្នំពេញៈ សាលា​ដំបូង​ខេត្ត​ព្រះ​សី​ហនុ​ បាន​ចេញ​ដី​កា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ មឿង ស្រី​ទូច និង​បក្ខ​ពួក​២​នាក់​ពាក់​ព័ន្ធ​ នឹងករណី​​ប៉ងធ្វើឃា​ត​កម្ម​មន្ត្រី​ កង​រាជ​អាវុ​ធហ​ត្ថខេ​ត្ត​ព្រះ​សីហ​នុ​ម្នាក់​ កាល​ពី​ថ្ងៃ​ទី​ ៩​ ខែ​មិថុនា​ថ្មីៗ​​នេះ។ នេះ​បើ​តាម​លោក​ស្រី ​ចាត ​សូរ​ស្មី ​ព្រះ​រាជ​អាជ្ញា​អម​សា​លា​​ដំបូង​ខេត្ត​ព្រះ​សី​ហនុ​នៅ​ថ្ងៃ​ទី ​២៨​ ខែ​មិថុនា​នេះ​។​ ​

ខណៈ​ចុះ​បំពេញ​ការងារ​នៅ​តំបន់​ពយ​ម៉ា​ចូវ​ស្ថិត​ក្នុង​ឃុំ​បិត​ត្រាំង​ស្រុក​ព្រៃ​នប់​ជា​ទី​ទាក់​ទងនឹង​​វិវាទ​ដី​ធ្លី​ដែលមាន​ហិង្សា កាល​ពី​ថ្ងៃ​ទី​៩ខែ​មិថុនា​ លោក​អនុ​សេនី​យ៍​ឯក​ ញ៉ា ​ពិសិទ្ធ​ មន្ត្រី​កង​រាជ​អាវុ​ធ​ហត្ថ​ខេត្ត​ព្រះសី​ហនុ​បាន​រង​របួស​ធ្ងន់ បន្ទាប់​ពី​លោក​បាន​ព្យា​យាម​លោត​ចេញ​ពី​រថ​យន្ត​​ស្រ្តី​ម្នាក់​ ឈ្មោះ ​មឿង ​ស្រី​ទូច ​និង​បក្ខ​ពួក​ដែល​បាន​ចាប់​បង្ខាំង​រូប​លោក​ក្នុង​រថ​យន្ត មិន​ឲ្យ​ទាក់​ទង​ជា​មួយ​ក្រុម​ការ​ងារ​និង​ក្រុម​គ្រួសារ​​ហើយ​បាន​បើក​ចេញ​យ៉ាង​លឿន​ចេញ​ពី​កន្លែង​កើត​ហេតុ​សំដៅ​រាជ​ធានី​ភ្នំ​ពេញ​។

លោក​ស្រី​ សូរ​ស្មី បាន​ថ្លែង​ថា​៖ «បទ​ល្មើស​ខាង​លើ​នេះ​ជា​ករណី​ជាក់​ស្តែង ​ហើយ​ ក្រុម​ជន​សង្ស័យ​ត្រូវបាន​តំណាង​អយ្យ​ការ​និង​ចៅ​ក្រម​សាក​សួរ​នៃ​សាលា​ដំបូង​ខេត្ត ​ព្រះ​សី​ហនុ​ យើង​សម្រេច​ចោទ​ប្រ​កាន់​ពីបទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​និង​បាន​ចេញ​ដីកា​បង្គាប់​បញ្ជា​ឲ្យ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​នាំ​ខ្លួន​ស្ត្រី​ឈ្មោះ ​មឿង ​ស្រីទូច​និង​បក្ខ​ពួក​មក​តុលា​ការ​ដើម្បី​ដោះ​ស្រាយ​សំណុំ​រឿង​ខាង​លើ​នេះ​ទៅ​​តាម​នីតិ​វិធី​ច្បាប់​»។

ប៉ុន្តែ​ លោក​ស្រី ​មិន​បាន​បញ្ជាក់​ពី​ថ្ងៃ​ចេញ​ដីកា​នោះ​ទេ​។​

លោក​ស្រី​បាន​ថ្លែង​ថា រហូត​មក​ទល់​ពេល​នេះ​ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​គ្នា​៤នាក់​ដែល​សមត្ថ​កិច្ច​​ចាប់​ខ្លួន​បាន​មួយ​ថ្ងៃ​ក្រោយ​អំពើ​ប៉ុន​ប៉ង​ឃាត​កម្ម​នោះ​ត្រូវ​បាន​តុលា​ការ​ខេត្ត​ព្រះ​សី​ហនុ​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​បណ្ដោះអា​សន្ន​​ដើម្បី​រង់​ចាំ​ការ​ជំនុំ​ជម្រះ​ជា​ក្រោយ​។

គិត​រហូត​មក​ទល់​ពេល​នេះ ​មាន​រយៈ​ពេល ​២០ ​ថ្ងៃ​មក​ហើយ ​ប៉ុន្តែ​ កម្លាំង​សមត្ថ​កិច្ច​នៅ​ពុំទាន់​​ចាប់​ខ្លួន​ស្ត្រី​សង្ស័យ​ និង ​បក្ខ​ពួក​ផ្សេង​ទៀត​បាន​នៅ​ឡើយ​ទេ ​ខណៈ​ជន​រង​គ្រោះ​ជា​ច្រើន​និង​មន្ត្រី​កង​រា​ជអាវុធ​ហត្ថ​ម្នាក់​ផង​កំពុង​រង់​ចាំ​យុត្តិ​ធម៌ ​​។

ជុំវិញ​ករ​ណី​នេះ ​លោក ​អេង ហ៊ី អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេស​ បាន​ថ្លែង​ថា​ ពេល​នេះ​សមត្ថ​កិច្ច​ជំនាញ​កំពុង​បន្ត​ស្រាវ​ជ្រាវ​ដើម្បី​ឈាន​ទៅរ​ក​ការ​ឃាត់​ខ្លួន​ស្ត្រី​សង្ស័យ​និង​បក្ខ​ពួក​ឲ្យខាន​តែ​បាន​ដើម្បី​ផ្ដល់​យុត្តិ​ធម៌​ដល់​ជន​រង​គ្រោះ។

លោក​បាន​បញ្ជាក់​ថា៖​«បច្ចុប្បន្ន​សមត្ថ​កិច្ច​យើង​បាន​ទទួល​ដីកា​បញ្ជា​ឲ្យ​នាំ​ខ្លួន​ក្រុម​ជន​សង្ស័យ​ពី​តុលា​កា​[ខេត្ត​ព្រះ​សីហនុ]​ហើយ។​ ព្រម​ជា​មួយ​គ្នា​នេះ ​សមត្ថ​កិច្ច​យើង​កំពុង​បន្ត​អនុវត្ត​នីតិ​វិធី​លើក​រណី​នេះ​ផង​ដែរ»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៨​ ស្ត្រី​សង្ស័យ​ឈ្មោះ​ មឿង ​ស្រីទូច និង​បក្ខ​ពួក​ ក៏ធ្លាប់​ត្រូវ​បាន​លោក​ កែ ផា ប្រធាន​មន្ទី​រក​សិ​កម្ម​រុក្ខា​ប្រមាញ់​និង​នេ​សា​ទ​ដាក់​ពាក្យ​បណ្តឹង​ទៅ​សា​លា​ដំបូ​ងខេត្ត​ព្រះសី​ហនុ​ផង​ដែរ​ដោយ​ចោទប្រ​កាន់​ពី​បទ​«ទន្ទ្រាន​ហ៊ុម​ព័ទ្ធ​កាន់​កាប់​ដី​ព្រៃ​ឈើ​របស់​រដ្ឋ​ខុស​ច្បាប់​នៅ​តំបន់​ពយ​ម៉ា​ចូវ ស្ថិត​ក្នុង​ភូមិ​គគីរ ​ឃុំបិ​តត្រា​ង ស្រុក​ព្រៃ​នប់»​ ។

ក្នុង​បណ្តឹង​នោះ ​លោក កែ ផា ​បាន​រៀប​រាប់​ថា​ កាលពី​​​អំឡុង​ឆ្នាំ ​២០១៥-​២០១៦​ កើត​មាន​ចលនា​ទិញ-​លក់​ដី​ក្នុង​ដែន​គម្រប​ព្រៃ​ឈើ​ក្នុង​ភូមិ​សាស្រ្ត​ខាង​លើយ៉ា​ង​​ផុស​ផុល​​។ ស្រប​ពេល​ជាមួ​យគ្នា​នេះ​ស្រា​ប់តែ​មាន​វត្ត​មាន​របស់​ស្ត្រី​ឈ្មោះ​ មឿង​ ស្រី​ទូច បាន​ធ្វើស​កម្ម​ភាពហ៊ុ​មព័ទ្ធ​កាន់​កាប់​ដីព្រៃ​ឈើ​ក្នុង​តំបន់​នោះ​ជា​ចំហ​និង​បាន​ធ្វើ​ឲ្យ​កាន់​តែ​ស្មុគ​ស្មាញ​ថែម​ទៀត​។

មិ​នតែ​ប៉ុណ្ណោះ​ស្ត្រីរូ​បនេះ​បាន​យក​ឈ្មោះថ្នា​ក់ដឹក​​នាំ​រាជរដ្ឋា​ភិបាល​និង​ថ្នាក់​ដឹ​កនាំ​ខេត្ត​មក​ប្រើជា​មធ្យោ​បាយ​ដើម្បី​គំរាម​កំហែង​ពលរដ្ឋ​ស្លូត​ត្រង់​រំលោ​ភ​យក​ដីធ្លី​ពី​ពួក​គា​ត់​។

បច្ចុប្បន្ន​សំណុំ​រឿង​ពាក់​ព័ន្ធ​ការរំ​លោភ​បំពាន​កាន់​កាប់​ដី​គម្រប​ព្រៃ​ឈើរ​បស់​រដ្ឋ​នៅ​ពយ​ម៉ា​ចូវ​នេះ​នៅ​មិន​ទាន់​មាន​ចំណាត់​ការ​នៅ​ឡើ​យ​ទេ​៕