ភ្នំពេញៈ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បានសម្រេចចោទប្រកាន់លោក សម រង្ស៊ី អតីតមេបក្សប្រឆាំងពីបទ "ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ និងធ្វើឱ្យខូចទឹកចិត្តកងទ័ព " និងបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរបន្ទាប់ពីមេធាវីកងយោធពលខេមរភូមិន្ទបានដាក់បណ្ដឹងប្រឆាំងរូបលោកកាលខែធ្នូឆ្នាំមុន។
កាលពីថ្ងៃទី ៥ ខែធ្នូឆ្នាំមុនលោក សម រង្ស៊ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកហើយអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធឈប់ស្ដាប់បញ្ជាមេដឹកនាំរបស់ពួកគេ។
លោកថ្លែងនៅពេលនោះថា៖ «សូមកងកម្លាំងប្រដាប់អាវុធ ពលទាហាន និងនគរបាលកុំធ្វើតាមបញ្ជាពីមេដឹកនាំផ្តាច់ការ បើគេបញ្ជាឲ្យបាញ់ប្រហារ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់»។
លោក សៀង សុខ ព្រះរាជអាជ្ញារងដែលកាន់សំណុំរឿងនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញ ប៉ុន្តែលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានប្រាប់អ្នកសារព័ត៌មានតាមតេឡេក្រាមថា៖ «ក្រោយពីបានពិនិត្យឯកសារសំណុំរឿងស៊ើបអង្កេតតាមនីតិវិធី និងមានភ័ស្តុតាងគ្រប់គ្រាន់តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់លើឈ្មោះ សម រង្ស៊ី ពីបទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ និងបទធ្វើឲ្យខូចទឹកចិត្តកងទ័ពប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៧ តាមមាត្រា ៤៧១ និងមាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌហើយបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត»។
យោងតាមមាត្រាទាំងនេះបទល្មើសនីមួយៗកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី ២ ឆ្នាំទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀលទៅ ១០ លានរៀលប្រសិនជារកឃើញពិរុទ្ធភាព។
លោក វង្ស ភក្តី មេធាវីតំណាងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបដិសេធមិនធ្វើអត្ថាធិប្បាយលើករណីនេះទេដោយសារលោកមិនទាន់បានទទួលដំណឹងអំពីបទចោទប្រឆាំងលោក សម រង្សី នៅឡើយ។
លោក សំ សុគង់ មេធាវីតំណាងលោក សម រង្ស៊ី ថ្លែងថាក្រុមមេធាវី «មិនអាចទទួលយកបាន» ឡើយចំពោះបទចោទប្រឆាំងលោក សម រង្ស៊ី ហើយអះអាងថាក្រុមមេធាវីនឹងដាក់ភ័ស្តុតាងបន្ថែមដើម្បីដោះបន្ទុកឲ្យលោក សម រង្ស៊ី ។
ឆ្លើយតបនឹងបទចោទប្រកាន់នេះលោក សម រង្ស៊ី ថ្លែងពីប្រទេសបារាំងកាលពីម្សិលមិញថា៖ «បទចោទដែលគេបានចោទប្រកាន់ខ្ញុំពីបទ “ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ និងធ្វើឱ្យខូចទឹកចិត្តកងទ័ព ”បង្ហាញថាខ្ញុំបានវាយចំចំណុចទន់ខ្សោយរបស់ពួកគេមានន័យថាភាពភ័យខ្លាចដ៏សម្បើមរបស់ពួកគេនឹងត្រូវផ្តួលរំលំដោយកងកម្លាំងផ្ទៃក្នុងដែលមិនពេញចិត្តដូចក្នុងរបបផ្តាច់ការជាច្រើនថ្មីៗនេះនៅជុំវិញពិភពលោក»៕
រាយការណ៍បន្ថែមដោយ៖ Andrew Nachemson