
លោក គីម សុខ ពេលត្រូវនាំខ្លួនឡើងតុលាការ កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៨។ បច្ចុប្បន្ន លោកកំពុងរត់ភៀសខ្លួនទៅកាន់ប្រទេសទីបី ក្រោយត្រូវបានដោះលែង។ ផា លីណា
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញបានឲ្យដឹងជាសាធារណៈដោយបង្គាប់ឲ្យចាប់ និងឃុំខ្លួនលោក គឹម សុខ ពាក់ព័ន្ធបទចោទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍, បរិហារកេរ្តិ៍ជាសាធារណៈប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ ២០១៧ ដែលសំណុំរឿងនេះប្តឹងដោយរាជរដ្ឋាភិបាលកម្ពុជា។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនចុះថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៨ បានឲ្យដឹងថាចៅក្រមស៊ើបសួរសម្រេចចេញដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនលោក គឹម សុខ ដោយសារលោកបានគេចវេះមិនព្រមចូលបំភ្លឺនៅតុលាការកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៨។
លោក គឹម សុខ បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៧ ដោយចោទប្រកាន់លើរាជរដ្ឋាភិបាលថា បានបង្កើតប្រព័ន្ធមួយសម្លាប់មនុស្សរួចហើយរកមុខឃាតករមិនឃើញ។
ពាក្យបណ្តឹងនេះត្រូវបានដាក់ចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពី ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៧ កន្លងទៅហើយនៅពេលនេះត្រូវបានចៅក្រមចេញដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនតែម្តង។
កាលពីយប់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៧ លោក គឹម សុខ បាននិយាយក្នុងកិច្ចសម្ភាសន៍មួយនៅវិទ្យុអាស៊ីសេរីយ៉ាងដូច្នេះថា៖ «គេនេះគឺសំដៅទៅលើប្រព័ន្ធ.... ប្រព័ន្ធមួយក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលបច្ចុប្បន្នហ្នឹង វាបណ្តោយឲ្យមានប្រព័ន្ធមួយដែលមានការសម្លាប់មនុស្សហើយរួចហើយរកមុខឃាតករមិនឃើញ មិនត្រឹមតែលោកបណ្ឌិត កែម ឡី ទេ អ្នកតស៊ូមតិមុនៗ....»។
នៅក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរលោក លាង សំណាត់ ចុះថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៨ នេះបានសរសេរបញ្ជាក់ថា៖ «សម្រេចបញ្ជាដល់កម្លាំងសាធារណៈឲ្យស្រាវជ្រាវរកចាប់ និងឲ្យនាំខ្លួនឈ្មោះ គឹម សុខ ភេទប្រុស អាយុ ៣៨ ឆ្នាំ (កើតថ្ងៃទី ១៣ ខែតុលា ឆ្នាំ ១៩៨០) ទៅក្នុងមណ្ឌលអប់រំកែប្រែនៃក្រសួងមហាផ្ទៃ និងបញ្ជាដល់ប្រធានមណ្ឌលអប់រំកែប្រែនៃក្រសួងមហាផ្ទៃឲ្យទទួល និងឃុំខ្លួនបុគ្គលនោះ»។
លោក គឹម សុខ ត្រូវបានអនុវត្តទោស ១ ឆ្នាំ ៦ ខែ ពីបទញុះញង់ និងបរិហារកេរ្តិ៍ដែលប្ដឹងដោយលោក គី តិច តំណាងគណបក្សប្រជាជនកម្ពុជា។
លោកត្រូវបានអនុរក្សពន្ធនាគារដោះលែងកាលពីថ្ងៃសុក្រ ទី ១៧ ខែសីហា ក្រោយអនុវត្តទោសរយៈពេល ១ ឆ្នាំកន្លះ។
លោកត្រូវបានឃុំខ្លួនកាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៧ បន្ទាប់ពី CPP ប្ដឹងថា លោកបាននិយាយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាតាមរយៈវិទ្យុអាស៊ីសេរីថានៅពីក្រោយខ្នងការសម្លាប់អ្នកវិភាគនយោបាយលោក កែម ឡី។
លោក គឹម សុខ ត្រូវបានតុលាការផ្តន្ទាទោស ២ ករណីផ្សេងគ្នាកាលពីខែសីហា ឆ្នាំ ២០១៧ ចោទពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ» ដាក់ពន្ធនាគាររយៈពេល ១៨ ខែ ពិន័យ ៨ លានរៀល និងត្រូវសងសំណងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ចំនួន ៨០០ លានរៀល ឬប្រហាក់ប្រហែល ២០ ម៉ឺនដុល្លារ ខណៈដែលលោកធ្លាប់ព្រមានរួចហើយ បើមិនសងចាប់៕