ភ្នំពេញៈ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពញ លោក សៀង សុខ បានចេញដីកាកោះហៅ អតីតប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី ឲ្យចូលខ្លួនទៅបំភ្លឺ នៅសាលាដំបូងរាជធានី នៅថ្ងៃទី ១២ កក្កដា ឆ្នាំ ២០១៨ ដើម្បីសាកសួរពីដំណើររឿងពាក់ព័ន្ធ «ការប្រមាថព្រះមហាក្សត្រ»។
នៅក្នុងដីកាចុះថ្ងៃទី ១៩ ខែមិថុនា ដែលទើបតែឃើញផ្សព្វផ្សាយកាលពីម្សិលមិញ លោក សៀង សុខ បានកោះហៅលោក សម រង្ស៊ី ក្នុងនាមជាជនសង្ស័យ ឲ្យចូលខ្លួនទៅបំភ្លឺ នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី ១២ កក្កដា ឆ្នាំ ២០១៨ ពីដំណើររឿង «ករណីពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមគណនីហ្វេសប៊ុក ឈ្មោះ Sam Rainsy ជាបន្តបន្ទាប់ចាប់ពីខែមិថុនាឆ្នាំ ២០១៨»។
ដីកាបញ្ជាក់ថា សាមីខ្លួនត្រូវអញ្ជើញតាមដីកានេះ ឲ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនិងរឿងខាងលើមកជាមួយផងប្រសិនបើមាន។
ការចេញដីកានេះ បានធ្វើឡើងតែជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញ «អធិបញ្ជា» (បញ្ជាដាច់ណាត់) ឲ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំង លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនដោយខ្លួនឯង នៅក្រៅប្រទេស ពីបទ «ប្រមាថ»ព្រះមហាក្សត្រ ចំពោះអ្វីដែលប្រធានចលាសង្គ្រោះជាតិរូបនេះ បានធ្វើអធិប្បាយជាសាធារណៈថា ព្រះរាជសាររបស់ព្រះមហាក្សត្រ ចុះថ្ងៃទី ១៨ ខែឧសភា ហើយទើបតែត្រូវបានផ្សព្វផ្សាយកាលពីដើមខែនេះ អំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺ «ក្លែងក្លាយ»៕