ភ្នំពេញៈ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បង្គាប់​ឲ្យ​ដោះលែង​លោក ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ពី​ពន្ធនាគារ ហើយ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការពិនិត្យ​របស់​តុលាការ​។

ឯកសារ​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ចន្ទ និង​ចេញ​ផ្សាយ​ដោយសារ​ព័ត៌មាន Fresh News បាន​បង្គាប់​ឲ្យ​ពន្ធនាគារ PJ ដោះលែង​ជន​ត្រូវ​ចោទ​ឈ្មោះ​ ញឹក ប៊ុនឆៃ​»​។

លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​សីហា​ឆ្នាំ​មុន ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​គ្រឿងញៀន​តាំងពី​ឆ្នាំ​​ ២០០៧ និង​សំណុំ​រឿង​មួយ​ទៀត​ឆ្នាំ ២០១២ ​ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន​។ ការចាប់​ខ្លួន​លោក ប៊ុនឆៃ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាច្រើន​ជឿ​ថា ជា​រឿង​នយោបាយ​។

ជំនួយការ​ររបស់​លោក ប៊ុនឆៃ លោក​ ម៉ក់ ឈា ថ្លែង​កាលពី​យប់មិញ​ថា លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​លើ​បញ្ហា​នេះ​។ «​ខ្ញុំ​កំពុង​បើកឡាន​យ៉ាង​លឿន​ដើម្បី​ទៅ​ទទួល​គាត់​»​។

ប៉ុន្តែ​លោក ពេជ្រ យន់ ប្រធាន​ពន្ធនាគារ PJ បាន​ថ្លែង​ថា វា​មិនមែន​ជា​ម៉ោង​រដ្ឋបាល​ដែល​ត្រូវ​ដោះលែង​លោក ប៊ុនឆៃ ​នោះ​ទេ​។ លោក យន់ បាន​ថ្លែង​ថា លោក​បាន​ដឹង​អំពី​លិខិត ហើយ​ថា «​មនុស្ស​ម្នាក់​» ​បាន​យក​លិខិត​នេះ​មក​ឲ្យ​លោក ប៉ុន្តែ​វា​មិន​អាច​ទៅរួច​ទេ​លុះត្រា​តែ​លោក​ទទួល​វា​ជា​ផ្លូវការ​។

លោក​ថ្លែង​ថា​៖ «​មាន​ដីកា ប៉ុន្តែ​វា​មិន​ទាន់​មក​ដល់​ខ្ញុំ​នៅ​ឡើយ​ទេ​»​។ «​វា​មិនមែន​ស្ថិត​នៅ​ក្នុង​ម៉ោង​រដ្ឋបាល​ទេ [​ដូច្នេះ​] ​ខ្ញុំ​អនុវត្ត​វា​នៅ​ព្រឹកស្អែក​»​។​ លោក​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​។

លោក សន កែវ អ្នក​នាំពាក្យ​នាយកដ្ឋាន​ពន្ធនាគារ​មិន​បាន​ដឹង​អំពី​ករណី​នេះ ហើយ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​។

អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន បាន​បញ្ជាក់​អំពី​ភាពត្រឹមត្រូវ​នៃ​ដីកា​បង្គាប់​ឲ្យ​ដោះលែង​នេះ ប៉ុន្តែ​លោក​បាន​បដិសេធ​ផ្តល់​សេចក្តី​លម្អិត​បន្ថែម​។ លោក​បាន​ថ្លែង​ថា​៖ «​លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​សម្រេច​ដោយ​ចៅក្រម ឲ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​ការតាមដាន​របស់​តុលាការ​»​។ «​គាត់​ត្រូវ​ធ្វើ​តាម​លក្ខខណ្ឌ​មួយ​ចំនួន​។ ការដោះលែង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​សំណើ​របស់​មេធាវី​របស់​គាត់​»​។

ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បច្ចុប្បន្ន​លោក​ ស៊ីង គិរី ​ថ្លែង​ថា លោក​បាន​ឮ​អំពី​ករណីនេះ ប៉ុន្តែ​មិន​បាន​ដឹង​អំពី​សេចក្តី​លម្អិត​ទេ​៕ PS