ភ្នំពេញៈ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​រឿងក្តី​ជួញដូរ​មនុស្ស​បាន​ប្រកាស​សាលក្រម​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ដោយ​កាត់ទោស​ស្ត្រី​ឈ្មោះ​ ផៃ ចន្ថា អាយុ​ ៣៤ ​ឆ្នាំ​ឲ្យ​ជាប់​ពន្ធនាគារ​ ៧ ​ឆ្នាំ​ និង​តម្រូវ​ឲ្យ​ជន​ជាប់ចោទ​សង​ជំងឺ​ចិត្ត​ ៣ ​ពាន់​ដុល្លារ​ឲ្យ​ជនរងគ្រោះ​ជា​ដើម​បណ្ដឹង​ឈ្មោះ ន.ម.ន.ក ដែល​បាន​ទៅ​រៀបការ​ប្តី​ចិន​។

ជន​ជាប់ចោទ​រូប​នេះ​ត្រូវ​បាន​ចោទ​ពី​បទ​ «​ការ​នាំ​ចេញ​ដោយ​មិន​ស្រប​ច្បាប់​សម្រាប់​នាំ​ឆ្លង​​ដែន​» ​តាម​មាត្រា​ ១១ នៃ​ច្បាប់​ស្តីពី​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​​ដែល​កំណត់​ដាក់​ទោស​ជនល្មើស​ពី​ ៧ ​ទៅ​ ១៥ ​ឆ្នាំ​។

សាលក្រម​ចេញ​ដោយ​ចៅក្រម លោក ម៉ុង វិមានសោភា ធ្វើ​ឡើង​ក្រោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ជំនុំជម្រះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។

ក្នុង​សវនាការ​នោះ​ជន​ជាប់ចោទ ផៃ ចន្ថា បាន​សារភាព​ថា​​ខ្លួន​ពិត​ជា​បាន​នាំ​ជនរងគ្រោះ​​ទៅ​ការ​ប្តី​ចិន​មែន​កាលពី​ ២ ​ឆ្នាំ​មុន ប៉ុន្តែ​ការ​នាំ​ទៅ​នោះ​មិន​បាន​​បង្ខំ​ ឬ​លួងលោម​អ្វី​ទេ​គឺ​ខ្លួន​បាន​ជួយ​ទៅ​វិញ​ទេ​តាម​ការ​ស្នើ​ពី​ម្តាយ​ជនរងគ្រោះ​ដែល​មាន​លំនៅ​​ក្នុង​ស្រុក​កៀនស្វាយ​ជាមួយ​គ្នា​។

លោក កែវ វ៉ាន់នី មេធាវី​ការពារ​ជន​ជាប់ចោទ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា​លោក​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​នៅ​សប្តាហ៍​នេះ​ដោយ​បញ្ជាក់​ថា​៖ «​យើង​មើល​ក្នុង​សាច់​រឿង​ទៅ​កូនក្តី​ខ្ញុំ​អត់​បាន​ចូល​ក្នុង​បទល្មើស​ទេ​ខាង​ជន​រងគ្រោះ​គាត់​យល់​ព្រម​ទៅ​ទាំងអស់​គ្នា​ហើយ​បាន​ការ​បាន​អី​ត្រឹមត្រូវ​។ ដូច្នេះ​ថា​គាត់​ (​ជន​ជាប់ចោទ​) ​នាំ​គាត់​ (​ជនរងគ្រោះ​) ​ទៅ​ជួញដូរ​អី​អត់​មាន​សោះ​»៕