ភ្នំពេញៈ ដើម្បី​បញ្ចៀស​កុំ​ឱ្យមាន​រថយន្ត​ធំៗ​បើកបរ​ចូល​ក្នុង​ក្រុង បង្ក​ការ​កក​ស្ទះ​ចរាចរណ៍ សាលា​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​គម្រោង​ឱ្យ​ឃ្លាំង​ផ្ទុក​ទំនិញ និង​រោងចក្រ​វាយន​ភណ្ឌ​ទាំង​អស់ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ក្រុង​ត្រូវ​ប្ដូរ​ទីតាំង​ទៅ​នៅ​តាម​បណ្ដោយ​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ វិញ បន្ទាប់​ពី​ផ្លូវ​នេះ​ត្រូវ​ស្ថាបនា​រួចរាល់។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ដោយ​ទទួល​ស្គាល់​ថា បច្ចុប្បន្ន​នៅ​មាន​រថយន្ត​ធុន​ធំ​មួយ​ចំនួន អាច​បើកបរ​ចូល​ក្នុង​ក្រុង​ស្ថិត​ក្នុង​ម៉ោង​ហាម​ឃាត់​ដដែល​ថ្វីបើ​មាន​បម្រាម​ក្ដី ប៉ុន្តែ​លោក​ថា ករណី​នេះ​កើត​ឡើង​តិចតួច​ប៉ុណ្ណោះ ហើយ​ក្នុង​នោះ​ក៏មាន​រថយន្ត​ធំ​មួយ​ចំនួន ត្រូវ​បង្ក្រាប​បាន​ជា​បន្ត​បន្ទាប់​ដែរ។

លោក​បន្តថា នៅពេល​ខាងមុខ អាជ្ញាធរ​អាច​នឹង​ទប់ស្កាត់បាន ១០០ ភាគរយ​ចំពោះ រថយន្ត​ដឹក​ទំនិញ​ធំៗ​ដែល​លួច​បើក​ចូល​ក្រុង ក្រោយ​ពី​មាន​ការ​រៀបចំ​ឱ្យ​ឃ្លាំង​ផ្ទុក​ទំនិញ និង​រោងចក្រ​វាយ​នភណ្ឌ​ទាំង​អស់ ប្ដូរ​ទីតាំង​ពី​ក្នុង​ក្រុង​ទៅ​នៅ​តាម​បណ្ដោយ​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣។

លោក​ថា៖ «ប៉ុន្តែ​ដើម្បី​កុំ​ឱ្យ (រថយន្ត​ធំ) ចូល​តែម្ដង លុះ​ត្រា​តែ​ផ្លូវ​ក្រវាត់​ក្រុង​ធ្វើ​ហើយ។ រាជ​រដ្ឋាភិបាល បាន​មើល​ទៅ​ទស្សនៈ​វែង​ឆ្ងាយ ហើយ​ក៏​បាន​រៀបចំ​ការ​អភិវឌ្ឍ​រួចហើយ មិន​មែន​ព្រងើយ​កន្ដើយ​បញ្ហា​ហ្នឹង​ទេ ឃើញ​សម្ដេច​រៀបចំ​ឱ្យ​មាន​ការ​សាង​សង់​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ ហ្នឹង គឺ​គោលដៅ​ឱ្យ​ឃ្លាំង​ទាំង​អស់​នេះ ទៅ​នៅ​ក្រៅ​ក្រុង​តាម​ដង​ផ្លូវ​ហ្នឹង ហើយ​មិនឱ្យ​រថយន្ត​ធុន​ធំ​ហ្នឹង​ចូល យើង​ធ្វើ អាហ្នឹង (ផ្លូវ​ក្រវាត់​ក្រុង) បាន យើង​នឹង​ប្រិត​ប្រៀង​ឱ្យ​បាន ១០០ ភាគរយ»។

សាលា​រាជធានី​ភ្នំពេញ បានចេញ​បម្រាម​ចំពោះ​រថយន្ត​ធុនធ្ងន់​ចូល​ក្រុង ចាប់ពី​ម៉ោង ៥ ព្រឹក​ដល់​ម៉ោង ៩ យប់ ចាប់​តាំង​ពី​ឆ្នាំ ២០១៣ មក ដែល​បម្រាម​នេះ​ធ្វើ​ឡើង​ក្នុង​បំណង​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ការ​កកស្ទះ​ចរាចរណ៍។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​គេ​នៅ​តែ​ឃើញ​រថយន្ត​ធុន​ធំ​នៅ​តែ​បន្ត​បើក​ចូល​ក្រុង​នៅ​ក្នុង​ម៉ោង​ហាម​ឃាត់​ជា​រៀង​រាល់​ថ្ងៃ​ដដែល។

ចំពោះ​បញ្ហា​នេះ លោក ឃួ​ង ស្រេង អះអាងថា មូលហេតុ​នៅតែមាន​រថយន្ត​ធំ​ខ្លះ​លួច​ចូល​ក្រុង​ខុស​ម៉ោង​ខុស​ពេល កើត​ឡើង​ដោយសារ​ភាព​ខ្វះ​ចន្លោះ​របស់​មន្ត្រី​ប៉ូលិស។ លោក​ថា៖ «ខ្ញុំ​ចង់​ជម្រាប​ជូន ប៉ូលិស និង​កងកម្លាំង​សមត្ថកិច្ច​ខ្ញុំ​ឈរ​ហ្នឹង​ប្រហែល​ជា​មាន​ខ្វះ​ចន្លោះ ព្រោះ​គ្នា​ជា​មនុស្ស​មិន​មែន​ជា​គ្រឿង​ម៉ាស៊ីន បើ ម៉ាស៊ីន បើ​យើង​ឱ្យ​ឈរ ២៤ ម៉ោង​ឈរ ២៤ ម៉ោង ដល់​មនុស្ស​ជួន​កាល​វា​ទៅ​បត់​ជើង​តូច ទៅ​ហូប​បាយ អ៊ីចឹង​វា​ចន្លោះ​ប្រហោង​ត្រង់​ហ្នឹង»។

កាលពី​ថ្ងៃទី ១៤ ខែមករា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ មាន​ប្រវែង​ជាង ៥២ គីឡូម៉ែត្រ។ ក្រសួង​សាធា​រណការ និង​ដឹក​ជញ្ជូន​បញ្ជាក់​ថា ផ្លូវ​នេះ​គឺជា​ផ្លូវ​ក្រវាត់​ក្រុង​ដ៏​ធំ បម្រើ​ដល់​ការ​ដឹក​ជញ្ជូន​ដែល​ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ ១ ផ្លូវជាតិ​លេខ ៥ ផ្លូវជាតិ​លេខ ៤ ផ្លូវជាតិ​លេខ ៣ ផ្លូវជាតិ​លេខ ២ ផ្លូវជាតិ​លេខ ២១ ផ្លូវជាតិ​លេខ ១ និង​តទៅ​ដល់​ចំណត​ផែ​កុងតឺន័រ​ថ្មី របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ នៅ​ក្នុង​ស្រុក​កៀន​ស្វាយ។ ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ នេះ គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​នៅ​ក្នុង​ខែធ្នូ ឆ្នាំ ២០២១។

លោក ​ស្រេង បញ្ជាក់ទៀតថា គោលបំណង​ពិតប្រាកដ​របស់​សាលា​រាជធានី​ក្នុង​ការ​ធ្វើ​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ គឺ​ដើម្បី​បញ្ចេញ​ឃ្លាំង​ទំនិញ និង​រោងចក្រ​វាយ​នភណ្ឌ​ពី​ក្នុង​ក្រុង​ទៅ​នៅ​ខាង​ក្រៅ។

លោក​ថា៖ «ខ្ញុំ​កំពុង​រៀបចំ​ប្រជុំ​កិច្ច​ការងារ​នេះ ហើយ​យើង​នឹង​រៀបចំ​លិខិត​ជូន​ដំណឹង ឬ​បើក​សិក្ខា​សាលា​មួយ​ជាមួយ​អ្នក​មាន​ឃ្លាំង រោងចក្រ​វាយន​ភណ្ឌ​នៅក្នុ​ង​ក្រុង​ឬ​អ្នក​ដែល​ត្រូវ​ដឹក​ជញ្ជូន​សម្ភារ​ចូល​ក្រុង​នេះ ដើម្បី​ឱ្យដឹង ចំពោះ​មុខ​រាជធានី​ត្រូវ​ការឱ្យ​អស់​លោក ចូល​ទៅ​ផ្លូវ​ក្រវាត់​ក្រុង ដើម្បី​កុំឱ្យ​ឡាន​ធំ​ចូល​ក្រុង ដើម្បី​កុំឱ្យ​ពិបាក​ដឹក​ជញ្ជូន​ចុះ​ឡើង»។

លោក គង់ រតនៈ អនុប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​បាន​គាំទ្រ​គម្រោង​នេះ។ លោក​ថា៖ «វា​ជា​វិធាន​ការល្អ ប្រសិន​បើ​ឃ្លាំង​ទំនិញ និង​រោងចក្រ​ធំៗ​មួយ​ចំនួន​អាច​ផ្ទេរ​ទៅ​ផ្លូវ​ក្រវាត់​ក្រុង ក៏ប៉ុន្តែ​ជាក់​ស្ដែង បម្រាម និង​បទ​ប្បញ្ញត្តិ​ផ្សេងៗ ច្រើន​តែ​មាន​រយៈពេល​ខ្លី​ឬក៏​គាត់​អាច​ពង្រឹង​ក្នុង​រយៈពេល​មួយ​ហើយ​បន្ទាប់​មក អត់​សូវ​មាន​ប្រសិទ្ធភាព​ទៅ​តាម​បទ​ប្បញ្ញត្តិ​ដែល​ចែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ឬ​ជូន​ដំណឹង​ហ្នឹង»។

លោក បន្តថា មូល​ហេតុដែល​សព្វថ្ងៃ នៅតែមាន​រថយន្ត​ធំ​បើកបរ​ចូល​ក្រុង​ក្នុង​ម៉ោង​ហាម​ឃាត់ អាច​ដោយ​សារ​ការ​ឃុប​ឃិត​គ្នា និង​ភាព​ព្រងើយ​កន្ដើយ​ពី​កងកម្លាំង​សមត្ថកិច្ច​មួយ​ចំនួន។

ប៉ុន្តែ លោក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា ចំពោះ​អ្នក​ចុះ​បង្ក្រាប​រថយន្ត​ធុន​ធំ​ចូល​ក្រុង គឺ​មិន​ដែល​អាច​បំពេញ​ចិត្តរ​បស់​អ្នក​ចាំមើល​ទាំង​អស់​បាន​ឡើយ ហើយ​លោក​ថា កង​កម្លាំង​តែង​ចុះ​ឃាត់​ទុក​ចំពោះ​រថយន្ត​ធុនធំ ដែល​តែង​បើក​ចូល​ក្រុង​ក្នុង​ម៉ោង​ហាម​ឃាត់ ហើយ​លោក​អះអាង​ទៀត​ថា កាល​ពី​ពេល​ថ្មី​នេះ ខាង​សមត្ថកិច្ច​ទើប​តែ​បង្កើត​កន្លែង​សម្រាប់​ទុក​រថយន្ត​ធំ​ដែល​ឃាត់​បាន​ផង​ដែរ។

លោក​ថា៖ «ទី២ វា​អ​ញ្ចេ​កវា​ខ្វះ​កន្លែង​ដាក់ ឥឡូវ​យើង​រកបាន​ទីតាំង​សម្រាប់​ឃាត់​រថយន្ត​ធំៗ​រួច​អស់​ហើយ នៅ​ខណ្ឌ​មានជ័យ ១ កន្លែង និង​ខណ្ឌ​សែន​សុខ មាន ១ កន្លែង។ ឥឡូវ​យើង​នៅ​តែ​អនុវត្ត​តឹង​រឹង​បំផុត ចំពោះ​ករណី​នេះ ប៉ុន្តែ​គាត់​ឃើញ​រថយន្ត​ធំ​ក្រែង​ក្រោយ​ម៉ោង ៩ យប់​ទេ​ដឹង បើ​ក្រោយ​ម៉ោង ៩ យប់​អនុញ្ញាត​ឱ្យ​គេ​ចូល»៕

(កែសម្រួល សូ វិសាល)