ភ្នំពេញៈ អាជ្ញាធររាជធានី-ភ្នំពេញបានប្រកាសពីគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងឆ្លងផ្លូវចំនួន ២ ទីតាំងបន្ថែមទៀត លើមហាវិថីម៉ៅសេទុងនៅត្រង់ចំណុងសាលាបឋមសិក្សាសន្ធរម៉ុក និងនៅខាងលិចផ្សារដើមគ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងផ្លូវរបស់ប្រជាពលរដ្ឋ។
គម្រោងសាងសង់ស្ពាននេះត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ប្រកាសនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃសៅរ៍ថា ប្រទេសជាតិមានការអភិវឌ្ឍកាន់តែរីកចម្រើនទីក្រុងកាន់តែស៊ីវិល័យ។ រដ្ឋបាលរាជធានីមានគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន ២ ទីតាំងសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់តំបន់នោះប្រកបដោយសុវត្ថិភាព។
សាលារាជធានីបញ្ជាក់ថា៖ «ស្ពានថ្មើរជើងទាំង ២ នេះនឹងបង្កើនសម្រស់រាជធានីភ្នំពេញមួយកម្រិតទៀត ហើយស្ពាននេះក៏ជាកន្លែងផ្តល់សុវត្ថិភាពជូនអ្នកថ្មើរជើងបានល្អផងដែរ»។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា គម្រោងនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះហើយបើគំនូសប្លង់រចនានេះ គ្មានបញ្ហា ឬគ្មានការកែប្រែអ្វីនោះទេ។
តាមគណនីហ្វេសប៊ុកមួយចំនួនបានសរសេរគាំទ្រចំពោះការប្រកាសពីគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងនេះដោយពួកគេដែលបានចូលបញ្ចេញមតិក្នុងគេហទំព័រហ្វេសប៊ុករបស់សាលារាជធានីចង់ឲ្យរដ្ឋាភិបាលបង្កើតស្ពានទាំងនេះឲ្យបានច្រើនក្នុងតំបន់របស់ពួកគេជាពិសេសនៅក្បែរសាលារៀន។
គណនីមួយដែលមានឈ្មោះថា ចាន់ បណ្ឌិត សរសេរថា៖ «ខ្ញុំ និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌទួលគោកក៏ដូចជារស់នៅក្នុងរាជធានីភ្នំពេញសង្ឃឹមថានឹងបានស្ពានដ៏ល្អនេះនាពេលឆាប់ៗដើម្បីកាត់បន្ថយនូវបញ្ហាចរាចរណ៍នៅតំបន់នោះ»។
ចំណែកគណនីមួយទៀតដែលមានឈ្មោះ David Lim បានបញ្ចេញមតិថា៖ «សូមចូលរួមអបអរសាទរ និងគាំទ្រចំពោះគម្រោងនេះ។ ប៉ុន្តែទន្ទឹមនឹងនេះសូមប្រជាពលរដ្ឋយើងចូលរួមថែរក្សាព្រមទាំងការរក្សាអនាម័យឲ្យបានខ្ពស់ដើម្បីសុខភាព និងសោភណភាពទីក្រុង...»។
រហូតមកដល់បច្ចុប្បន្នកម្ពុជាមានស្ពានអាកាសថ្មើរជើងចំនួន ២ កន្លែងរួចមកហើយដោយទី ១ គឺស្ពានអាកាសថ្មើរជើងកាត់លើផ្លូវជាតិលេខ ៤ ចំនួន ២ កន្លែងត្រង់សាលាបឋមសិក្សាជម្ពូវ័ន និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យដោយបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០១៧។ រីឯស្ពានអាកាសថ្មើរជើងទី ២ គឺស្ពាននៅនាងគង្ហីង ជាប់ស្តាតអូឡាំពិកស្ថិតក្នុងខណ្ឌ៧មករាដែលបំពាក់ដោយជណ្តើរយន្តដ៏ទំនើបដោយបានប្រកាសឲ្យប្រើប្រាស់នៅឆ្នាំ ២០១៩ នេះ។
លោក គង់ សុវណ្ណ ជាទីប្រឹក្សាជំនាញ និងជាអនុប្រធានក្រុមកម្មវិធីសុវត្ថិភាពចរាចរណ៍សហគមន៍នៃគម្រោងអភិវឌ្ឍន៍ផ្លូវជនបទជំហានទី ២ របស់ក្រសួងអភិវឌ្ឍន៍ជនបទបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាតាមរយៈប្លង់ និងរចនាប័ទ្មរបស់គម្រោងថ្មីនេះគឺអាចទទួលយកបាន។ ប៉ុន្តែចំពោះបច្ចេកទេស និងការសាងសង់ជាក់ស្តែងយ៉ាងណានោះលោករំពឹងថាអាជ្ញាធររាជធានីនឹងធ្វើឲ្យស្ពានថ្មើរជើងនេះមានលក្ខណៈងាយស្រួល និងមានស្តង់ដាជាងមុនព្រោះអាជ្ញាធរធ្លាប់មានបទពិសោធរួចមកហើយក្នុងការសាងសង់ស្ពានប្រភេទនេះនាពេលកន្លងទៅ។
លោកថា៖ «តើការប្រើប្រាស់មានភាពងាយស្រួលកម្រិតណាមានឧបសគ្គអ្វីខ្លះហើយទាក់ទងនឹងការថែទាំ ឬមួយក៏ការធានាសុវត្ថិភាពអីហ្នឹងក្នុងការដើរឆ្លង? បទពិសោធដែលយើងទទួលបានលើកទី ១ ខ្ញុំជឿជាក់ថាសាលាក្រុងនឹងធ្វើការសិក្សាស្វែងយល់ហើយយកមកធ្វើការកែលម្អ ដើម្បីឲ្យគម្រោងលើកទី ៣ នេះអាចនឹងធ្វើទៅវាដូចទៅនឹងក្នុងប្លង់ហ្នឹង និងមិនមានបញ្ហា»។
បើតាមលោក សុវណ្ណ គម្រោងស្ពានថ្មើរជើងថ្មីនេះគួរតែបំពាក់ជណ្តើរយន្ត ភ្លើងបំភ្លឺផ្លូវ និងមិនគួរមានកម្ពស់ខ្ពស់ពេកនោះទេ ដើម្បីបង្កភាពងាយស្រួលដល់អ្នកថ្មើរជើងជាពិសេសសម្រាប់មនុស្សចាស់ ខណៈលោកចាត់ទុកស្ពានអាកាសថ្មើរជើងទាំងនេះពិតជាបានចូលរួមចំណែកកាត់បន្ថយនូវគ្រោះថ្នាក់ដល់អ្នកថ្មើរជើង។
លោកបន្តថាបើទោះជារបាយការណ៍មិនបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតមានលើអ្នកថ្មើរជើងច្រើនដូចទៅអ្នកបើកបរម៉ូតូ ប៉ុន្តែវាបានបង្ហាញថាអ្នកថ្មើរជើងមានការប្រឈមខ្លាំងទៅនឹងការបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។
លោកថា៖ «កន្លែងដែលជាទីប្រជុំជន ឬផ្លូវធំមានមនុស្សច្រើនហ្នឹង គួរតែមានស្ពានហ្នឹងឲ្យច្រើនដែរ ព្រោះវាផ្តល់សុវត្ថិភាពដល់អ្នកថ្មើរជើងគ្រប់រូប។ ទម្លាប់អ្នកបើកបរនៅពេលផ្លូវធំ ផ្លូវស្មើ គ្រប់យានយន្តតែងតែបើកលឿន ដូច្នេះនៅពេលអ្នកថ្មើរជើង ដើរកាត់យានយន្តបែបនេះគឺគ្រោះថ្នាក់ណាស់»៕