
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ហ៊ាន រង្សី
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ម្ចាស់មជ្ឈមណ្ឌលអគារ ភោជនីយដ្ឋាន ទីតាំងសម្រាប់ជួលរៀបចំពិធីអាពាហ៍ពិពាហ៍ ឬកម្មវិធីកម្មវិធីផ្សេងៗ រួមទាំងម្ចាស់សម្អាងការផ្សេងៗ សូមកុំយកប្រាក់ពីម្ចាស់កម្មវិធី ដែលបានជួលឬកក់លុយរួច ហើយរំសាយកម្មវិធី ឬលើកពេលវិញ ដើម្បីការពារការរីករាលដាលជំងឺកូវីដ ១៩។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២ ខែ ធ្នូ ថា ការអំពាវនាវនេះ គឺជាការជាការចូលរួមចំណែកជាមួយគ្នា ក្នុងការការពារកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ ១៩។
លោក ភក្តីថ្លែងថា ៖«ពាក្យថា អំពាវនាវមិនមែនជាការចាប់បង្ខំទេ មិនមែនជាការតម្រូវទេ គ្រាន់តែយើងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ ហើយខ្ញុំជឿថា មិនមានបាតុភាពអ្វីទេ ក្នុងការអំពាវនាវនេះ ពោលគឺ មានតែអ្នកចូលរួមសាទរ» ។
សេចក្តីអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១ ខែធ្នូ បានឲ្យដឹងថា ការអំពាវនាវកុំឲ្យកាត់លុយ ឬទាមទារសំណង ពីម្ចាស់សំអាងការ ឬអគារភោជនីយដ្ឋាន គឺដើម្បីជាការលើកទឹកចិត្តដល់បងប្អូន ប្រជាពលរដ្ឋដែលជាម្ចាស់កម្មវិធីទាំងអស់ ដែលបានគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមការណែនាំរបស់នាយករដ្ឋមន្ត្រី។
រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំម្ចាស់មជ្ឈមណ្ឌលអគារ ភោជនីយដ្ឋាន ទីតាំងសម្រាប់ជួលរៀបចំកម្មវិធី ទាំងអស់ ម្ចាស់សម្អាងការ ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អាជីវកម្មលក់ ភេសជ្ជៈ ផ្កា និងសម្ភារនានា ក៏ដូចជាក្រុមហ៊ុន ផ្តល់សេវាផ្សេងៗ ដល់ការរៀបចំកម្មវិធីទាំងអស់ យោគយល់អធ្យាស្រ័យ កុំកាត់លុយ ឬយកលេសទាមទា សំណងនៃការខាតបង់ពីម្ចាស់កម្មវិធីដែលបានកក់ប្រាក់ ព្រមទាំងចៀសវាងការយកឱកាសនេះ ដើម្បីកេងចំណេញពីប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចូលរួម ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃមេរោគកូរ៉ូណា ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅរាជធានីភ្នំពេញ ។
ម្ចាស់សំអាងការម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ យល់ឃើញថា ការអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញជារឿងល្អ ដើម្បីចូលរួមក្នុងការការពារការរីករាលដាលជំងឺកូវីដ១៩ ហើយសម្រាប់សំអាងការរបស់លោក គឺតែងតែមានការអធ្យាស្រ័យសល់ភ្ញៀវជានិច្ចមិនថា កូវីដ ១៩ ដែលកើតក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលទើបកើតឡើងនេះទេ។
ម្ចាស់សំអាងការរូបនេះបានថ្លែងថា៖«តាំងពីកូវីដកើតដំបូងមកម្លេះ ខ្ញុំអត់មានដកលុយកក់ពីភ្ញៀវទេ ប៉ុន្តែបើភ្ញៀវលើកពេលទៅណា ខ្ញុំលើកទៅដល់ពេលណា ខ្ញុំបន្តឲ្យពេលហ្នឹង លុយកក់ហ្នឹងណា៎ ហើយឥឡូវគាត់លើកទៀត ខ្ញុំលើកឲ្យគាត់ដដែលហ្នឹង អត់ដែលមានបញ្ហាអីជាមួយភ្ញៀវទេ» ។
លោក សែន ថារិទ្ធិ ម្ចាស់សំអាការអប្សារាទេវីហ្គោល បានគាំទ្រចំពោះការអំពាវនាវ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយលោកយល់ឃើញថា នេះជារឿងសមហេតុសមផល និងស្របតាមកាលៈទេសៈ ព្រោះបើសិនជាមានការជួបជុំអាចនាំឲ្យមានការចម្លងជាសហគមន៍កាន់តែធ្ងន់ធ្ងរ។ យ៉ាងណាក្តី លោក ថារិទ្ធិ បញ្ជាក់ថា មានបញ្ហាកើតឡើងខ្លះៗដែរ ចំពោះការលើកពេលក្នុងការរៀបអាពាហ៍ពិពាហ៍របស់ភ្ញៀវ។
លោកថ្លែងថា៖ «ធម្មតាយើងចេញរោងការអីចឹង តែងតែហៅខាងក្រុមផ្សេងៗមកចូលរួមដែរ ដូចជាតន្ត្រី ខាងចុងភៅ អីចឹងទៅ មានការលើកពេលធ្វើឲ្យពិបាកដែរ ក្នុងការប្រាប់គេវិញ» ៕
វីដេអូ៖