ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​បាន​ធ្វើ​បទបង្ហាញ​ប្រាប់​ដល់​ក្រុមហ៊ុន​ឯកជន​ជាង ៣០ ពី​នីតិវិធី​នៃ​ការដាក់​ដេញថ្លៃ​ក្នុងការ​ទទួលបាន​សិទ្ធិ​លើ​ការផ្ដល់សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម​សំណល់​រឹង​នៅ​ភ្នំពេញ​ ខណៈ​គិត​ត្រឹម​ថ្ងៃទី​ ១២ ខែមីនា​មាន​ក្រុមហ៊ុន​ចំនួន​ ២០ បានមក​ទទួល​ពាក្យ​។

សន្និសីទ​ដែល​ចាប់ផ្តើម​កាលពី​ម្សិលមិញ ហើយ​នឹង​បន្ត​មក​ធ្វើ​នៅថ្ងៃនេះ​ទៀត​គឺ​ក្នុង​គោលបំណង​ផ្តល់នូវ​ព័ត៌មាន​សំខាន់ៗ​ជុំវិញ​ស្ថានភាព និង​បច្ចុប្បន្នភាព​នៃ​ការគ្រប់គ្រង​សំរាម នីតិវិធី និង​កាលវិភាគ​នៃ​ដំណើរ​ការដេញ​ថ្លៃ​តាម​ដំណាក់កាល​នីមួយៗ​រួមទាំង​ការណែនាំ​ពី​បច្ចេកទេស និង​លក្ខខណ្ឌ​នៃ​ការចូលរួម​ដេញថ្លៃ​ផងដែរ​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ថ្លែង​ក្នុង​សន្និសីទ​បង្ហាញ​ពី​នីតិវិធី​នៃ​ការដេញថ្លៃ​ការប្រមូល​សំរាម​ក្នុង​រាជធានី​ដែល​ធ្វើឡើង​នៅ​សាលា​រាជធានី​ថា បញ្ហា​សំរាម សំណល់​រឹង គឺជា​បញ្ហា​ប្រឈម​សំខាន់​មួយ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ចំនួន ៣ ដែល​រាជធានី​ភ្នំពេញ​កំពុង​ជួបប្រទះ ដូចជា បញ្ហា​ស្ទះ​ចរាចរណ៍ លូ និង​សំរាម​។

លោក​បាន​បន្តថា​៖ «​រាជធានី​ភ្នំពេញ​បាន​និង​ធ្វើការ​បែងចែក​ជា ៣ ​តំបន់​សម្រាប់​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​ជ្រើសរើស​ក្នុង​ការផ្តល់​សេវា​ប្រមូល​សំរាម និង​ដឹក​ជញ្ចូន​សំរាម សំណល់​រឹង​ទៅតាម​តំបន់​ទាំង ៣ ​នេះ​ផ្សេងៗ​គ្នា ហើយ​ចំពោះ​ដំណើរការ និង​នីតិវិធី​លទ្ធកម្ម​នេះ​នឹងត្រូវ​ឆ្លងកាត់​ជា​ ២ ​ដំណាក់កាល​។ ទី​ ១ ​ការវាយតម្លៃ​លើ​បុរេ​សមត្ថភាព និង​លក្ខណសម្បត្តិ​របស់​ក្រុមហ៊ុន​។ ទី​ ២ ​គឺ​ការវាយតម្លៃ​ជ្រើសរើស​ក្រុមហ៊ុន​ចំនួន ៣ ក្នុង​ការផ្តល់សេវា​តាម​តំបន់​ដែល​បានកំណត់​»​។

បន្ថែម​ពីនេះ​លោក​បន្តថា​បញ្ហា​អនាម័យ​ជា​បញ្ហាសំខាន់​មួយ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​យកចិត្ត​ទុកដាក់​ ប៉ុន្តែ​ចំពោះ​បញ្ហា​ចន្លោះប្រហោង​នៅតែមាន​ដោយ​ចៀស​មិន​ផុត ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ទទួល​យក​ការលើកឡើង​របស់​សមាជិក​ក្រុមប្រឹក្សា​រាជធានី ដើម្បី​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត​លើ​ការធ្វើ​អនាម័យ​នេះ​។

លោក​ថា​៖ «​ការដាក់​ដេញថ្លៃ​គឺ​ចាប់ផ្តើម​ទទួល​ពាក្យសុំ​ចាប់ពី​ពេលនេះ​តទៅ​រហូតដល់​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ​ ២០២០ វេលា​ម៉ោង​ ១៦:០០​។ ដូច្នេះ​សូម​បណ្តា​ក្រុមហ៊ុន​ដែល​មាន​ចំណាប់អារម្មណ៍​ចូលរួម​ដេញថ្លៃ​ទាំងអស់​មេត្តា​រួសរាន់​បំពេញ​រាល់​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ដែល​បានកំណត់​»​។

លោក ហួត ហៃ អភិបាលរង និង​ជា​ប្រធាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថ្លែង​នៅក្នុង​សន្និសីទ​ថា បន្ទាប់ពី​បើក​ដំណើរការ​ការទទួល​ពាក្យ និង​ផ្តល់​ពាក្យ​ដាក់ដេញ​ថ្លៃ​ការប្រមូល​សំរាម​មកត្រឹម​ថ្ងៃទី​ ១២ ខែមីនា​ម្សិលមិញ​មាន​ក្រុមហ៊ុន​ចំនួន ២០ ហើយ​ដែល​បានមក​យកពាក្យ​ដេញថ្លៃ​ប្រមូល​សំរាម​។ លោក​ថា​៖ «​នៅពេល​ខាងមុខ​យើង​រៀបចំ​ការប្រមូល​សំរាម​ជា​ ៣ ​តំបន់​ក្នុង​ខណ្ឌ​ទាំង ១៤ ​ក្នុង​រាជធានី​ដោយ​ក្នុង​ ១ ​តំបន់​មាន​ ១ ​ក្រុមហ៊ុន​ជា​អ្នកទទួល​ខុសត្រូវ​»​។

យោងតាម​ឯកសារ​របស់​សាលា​រាជធានី​បាន​ឲ្យ​ដឹងថា តំបន់​ដែល​ត្រូវ​បែង​ចែក​ជា​ ៣ នោះ រួមមាន​តំបន់​ទី​ ១ មាន​ខណ្ឌទួលគោក ឫស្សីកែវ សែនសុខ ជ្រោយចង្វារ និង​ខណ្ឌ​ព្រែកព្នៅ​។ តំបន់​ទី​ ២ មាន​ខណ្ឌដង្កោ ពោធិ៍សែនជ័យ កំបូល ដូនពេញ ខណ្ឌ​៧​មករា​។ ចំណែក​តំបន់​ទី​ ៣ មាន​ខណ្ឌចំការមន មានជ័យ ច្បារអំពៅ និង​ខណ្ឌ​បឹងកេងកង​។

កាលពី​ថ្ងៃទី​ ២២ ខែ​តុលា​ឆ្នាំមុន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បានប្រកាស​ដកសិទ្ធិ​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ស៊ិនទ្រី​ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុង​ការប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​មក​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​គ្រប់គ្រង​បណ្តោះអាសន្ន​មុន​នឹង​រក​ក្រុមហ៊ុន​ថ្មី​មក​ជំនួស ក្រោម​ហេតុផល​ថា ក្រុមហ៊ុន​ស៊ិនទ្រី​មិនមាន​សមត្ថភាព​ក្នុង​ការប្រមូល​សំរាម​។

សំរាម​ដែល​បាន​បង្កើតឡើង​នៅ​កម្ពុជា​ក្នុង​ ១ ​ថ្ងៃៗ​មាន​ជាង ១ ​ម៉ឺន​តោន បើ​សរុប​គឺ​ស្មើនឹង​ជិត​ ៤ ​លាន​តោន​ក្នុង ១ ​ឆ្នាំ​។

ក្នុងចំណោម​សំរាម​ទាំងនោះ​មាន ៦៥ ​ភាគរយ​ជា​សំណល់​សរីរាង្គ ២០ ​ភាគរយ​ជា​សំណល់​ថង់​ប្លាស្ទិក និង​នៅ​សេសសល់​គឺជា​សំណល់​រឹង និង​សំណល់​ផ្សេងទៀត​។

សម្រាប់​រាជធានី​ភ្នំពេញ​សំរាម​ត្រូវបាន​បង្កើតឡើង​ប្រមាណ​ជា​ ៣ ​ពាន់​តោន​ក្នុង ១ ថ្ងៃ​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រសួងបរិស្ថាន ផ្សព្វផ្សាយ​កាលពី​ចុងឆ្នាំ​មុន​៕