ភ្នំពេញៈព្រះ​រាជ​អាជ្ញា​នៃ​​មហា​អយ្យការ​ អម​សាលា​ឧទ្ធរណ៍​ បាន​ចេញ​ដី​កា​កោះ​ហៅ អ្នក​ស្រី ប៊ូ រចនា ភរិយា​លោក​បណ្ឌិត​ កែម ឡី ដែល​ទើប​តែ​បាន​ទៅ​​រស់​នៅ​ប្រទេស​អូស្ត្រាលី ឲ្យ​ចូល​​ទៅ​សាលាឧទ្ធរណ៍​ ដើម្បី​ចូល​រួម​សវនាការ​ជំនុំជម្រះ​ ជន​ជាប់​ចោទ​ ជួប សម្លាប់ ដែល​នឹង​ធ្វើ​ឡើង​នៅ​​ថ្ងៃ​ទី​ ៣​ ខែ​មេសា​ខាង​មុខ។

ក្នុង​ដីកា​កោះ​ ចេញ​ដោយ​ព្រះ​រាជ​អាជ្ញា ហ៊ឹង​ ប៊ុនជា ចុះ​ថ្ងៃទី​ ១៤ មីនា ២០១៨ បាន​បង្គាប់​ឲ្យ​អ្នក​ស្រី​ ប៊ូ រចនា ដែល​ដីកា​នេះ​ដាក់​ថា​ ជា​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ ឲ្យ​ចូល​ទៅ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​ ០៣ ខែ​មេសា ឆ្នាំ​ ២០១៨ វេលា​ម៉ោង ​២ ​រសៀល នៅ​បន្ទប់​ទី​ ២ ជា​កំណត់។

ដីកា​នោះ​ ក៏​បាន​សរសេរ​​ដែរ​ថា បុគ្គល​ពាក់​ព័ន្ធ​ ត្រូវ​បាន​កោះ​ហៅ​ក្នុង​ឋានៈ​ជា​ជន​រងគ្រោះ ហើយ​ក្នុង​​វង់​ក្រចក​បាន​សរសេរ​​ថា «ការ​មិន​ចូល​​បង្ហាញ​ខ្លួន​ នៅ​ពេល​សវនាការ​ ការ​មិន​ព្រម​ឆ្លើយ​ឲ្យ​ព័ត៌មាន ក្នុង​ឋានៈ​សាក្សី ឬ​ ការ​ឆ្លើយ​ឲ្យ​ព័ត៌មាន​ក្លែង​ក្លាយ ​​ត្រូវ​ផ្តន្ទា​ទោស​តាម​ច្បាប់»។

ក៏ប៉ុន្តែ អ្នក​ស្រី ប៊ូ រចនា ដែល​បច្ចុប្បន្ន​ កំពុង​រស់​នៅ​ប្រទេស​អូស្ត្រាលី​ ក្នុង​នាម​ជន​ភៀស​ខ្លួន​ថ្លែង​ថា អ្នក​ស្រី​មិន​ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង ឬ ​ក៏​មាន​បំណង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ស្រុក​ខ្មែរ​ម្តង​ណា​នោះ​ទេ​។

អ្នក​ស្រី​បាន​សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​អ្នក​ស្រី​ថា៖ «នាង​ខ្ញុំ​សុំ​បញ្ជាក់​ថា តាំង​ពី​ស្វាមី​នាង​ខ្ញុំ​ត្រូវ​បាន​ឃាតករ​បាញ់​​សម្លាប់​ រហូត​មក​ដល់​ពេល​នេះ មាន​រយៈ​ពេល​ជិត​ ២​ ឆ្នាំ​ហើយ កុំ​ថា​ឡើយ​ចង់​ទៅ​ដាក់​ពាក្យ​បណ្តឹង សូម្បី​តែ​គិត​ថា​ ទៅ​ប្តឹង​ក៏​មិន​ដែល​គិត​ផង ពីព្រោះ​នាង​ខ្ញុំ​ដឹង​ច្បាស់​ហើយ​ថា​ តុលាកា​នៅ​ទី​ក្រុង​ភ្នំ​ពេញ ​គ្មាន​សមត្ថ​ភាព​ចាប់​ឃាតករ​ពិត និង​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​បាន​ឡើយ»។

លោកបណ្ឌិត ​កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​ បាញ់​សម្លាប់​ទាំង​កណ្ដា​ល​ថ្ងៃ នៅ​ក្នុង​ហាង​ស្តាម៉ាត​កាល់តិច ស្តុប​បូក​គោ ដែល​មាន​មនុស្ស​ច្រើន​កុះករ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ មាន​មនុស្ស​តែ​ម្នាក់​គត់ ដែល​អះអាង​ថា ​ខ្លួន​ឈ្មោះ ជួប សម្លាប់ ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ និង​កាត់​ទោស​ដាក់​ពន្ធនាគារ​មួយ​ជីវិត។ ប៉ុន្តែ​មជ្ឈដ្ឋាន​​ជា​ច្រើន​​រួម​ទាំង​ភរិយា​លោក​ កែម ឡី ផង មិន​ជឿថា ជួប សម្លាប់ គឺ​ជា​អ្នក​សម្លាប់​លោក កែម ឡី នោះ​ទេ៕