ភ្នំពេញៈ ស្ត្រី​ជាប់ចោទ​ម្នាក់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ២៩ ​ឆ្នាំ ក្នុង​ ១៣ ​សំណុំ​រឿង​ ពាក់ព័ន្ធ​ការ​ឆបោក​ជួល​រថយន្ត​គេ​ចំនួន​ ៤២ ​គ្រឿង​។ រីឯ​សាលាឧទ្ធរណ៍​ពី​ម្សិលមិញ​ក៏​បាន​លើក​ ១ ​សំណុំ​រឿង​មក​ជំនុំជម្រះ ក្រោយពី​ជនជាប់ចោទ​ប្តឹង​ជំទាស់​មក ដែល​បទល្មើស​បាន​ប្រព្រឹត្ត​នៅ​អំឡុង​ឆ្នាំ​ ២០១៨​។

ក្នុង​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍​នៅ​ចំពោះមុខ​លោក​ចៅក្រម​ ស៊ិន វិសាល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នោះ​ស្ត្រី​ជាប់ចោទ​ឈ្មោះ​ ឃាម រដ្ឋា អាយុ​ ៣៨ ​ឆ្នាំ​បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ថា គាត់​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ១៨ កុម្ភៈ ឆ្នាំ​ ២០១៩ សម្រេច​ចោទ​បទ​រំលោភ​លើ​ទំនុកចិត្ត​ដោយ​ក្នុង​ ១ ​បទចោទ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​គាត់​ឱ្យ​ជាប់ពន្ធនាគារ​ ២ ​ឆ្នាំ និង​ ២ ​ឆ្នាំកន្លះ​ក្នុងចំណោម​ ១៣ ​បទចោទ​ដូចៗ​គ្នា ហើយ​គាត់​ត្រូវ​ជាប់ពន្ធនាគារ​សរុប​ ២៩ ​ឆ្នាំ​។

ស្ត្រី​ជាប់ចោទ​ប្រាប់​ចៅក្រម​ទៀត ថា រថយន្ត​ដែល​គាត់​ជួល​ពី​គេ​នោះ មានដូចជា រថយន្ត​ឡិចស៊ីស​ម៉ាក RX300 ​ចំនួន​ ២ ​គ្រឿង​ ក្នុង​រថយន្ត ១ ​គ្រឿង​ គាត់​ជួល​ពី​ម្ចាស់​ដើម​តម្លៃ​ ៥០០ ​ដុល្លារ​ ក្នុង​ ១ ​ខែ ហើយក៏​មិនបាន​ធ្វើលិខិត​ជួល​ដែរ​។ បន្ទាប់ពី​គាត់​ជួល​គេ​ហើយ គាត់​ក៏​យក​រថយន្ត​នោះ​ទៅ​ជួល​បន្ត​ឲ្យ អ្នក​ផ្សេងទៀត​ដោយ​រថយន្ត​ ១- ​គ្រឿង​ក្នុង​តម្លៃ​ ៦០០ ​ដុល្លារ​ ក្នុង​ ១ ​ខែ​តែ​អ្នក​ទី​ ២ ​បាន​បោក​គាត់​។

ស្ត្រី​ជាប់ចោទ​បន្តថា ពាក់ព័ន្ធ​បទចោទប្រកាន់​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ គាត់​ព្រម​ទទួលយក​ហើយ​គាត់​មាន​ទាំងអស់ ១៣ ​បទចោទ​។ រីឯ រថយន្ត​ឡិចស៊ិស​ចំនួន​ ២ ​គ្រឿង​ ដែល​ដើមបណ្តឹង​ចោទ​ថា​ឆបោក​នោះ គឺ​មិន​ពិត​ទេ ឯ​ការពិត​នោះ​គាត់​បាន​ជួល​រថយន្ត​គេ​មែន​ប៉ុន្តែ​អ្នក​ជួល​បន្ត​បាន​យក​រថយន្ត​នោះ​ទៅ​បាត់​។

ស្ត្រី​ជាប់ចោទ​ប្រាប់​ចៅក្រម​ថា​៖ «​ខ្ញុំ​ប្តឹង​មក​សាលាឧទ្ធរណ៍​ពេលនេះ គឺ​គ្រាន់តែ​សុំ​តុលាការ​បន្ថយទោស​ដល់​ខ្ញុំ ព្រោះ​ទាំង​ ១៣ ​បទ​ចោទ​នោះ ខ្ញុំ​ព្រម​ទទួលយក​ឆាប់​បាន​សាលដីកា​ស្ថាពរ​ដើម្បី​ខ្ញុំ​សុំ​ស្រូប​ទោស​ទាំង​ ១៣ ​សំណុំរឿង​បញ្ចូល​គ្នា​តែម្តង​»​។

កញ្ញា​ ទីវ គឹមកល្យាណ តំណាង​មហាអយ្យការ​បានធ្វើ​សេចក្តី​សន្និដ្ឋាន​ថា ស្ត្រី​ជាប់ចោទ​បាន​សារភាព​ទទួលកំហុស​ និង​ទទួលយក​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​។ កញ្ញា​ស្នើសុំ​ថា​៖ «​ដូច្នេះ​ខ្ញុំ​សូម​ស្នើ​ដល់​ក្រុមប្រឹក្សា​ជំនុំជម្រះ​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដដែល​»​។

ក្រោយ​ជំនុំជម្រះ​លោក​ចៅក្រម ស៊ិន វិសាល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​ថ្លែង​ថា សាលដីកា​នៃ​សំណុំ​រឿងនេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ៨ កុម្ភៈ ខាងមុខ​។

យោង​តាម​អង្គហេតុ​បង្ហាញថា ស្ត្រី​ជាប់ចោទ និង​បក្ខពួក​ ២ ​នាក់​ទៀត (​ស្រី​ប្រុស​) ​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ហើយ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ឃុំខ្លួន​ពួកគេ​កាលពី​ថ្ងៃទី​ ១៨ ខែមេសា ឆ្នាំ​ ២០១៨​។

ជនរងគ្រោះ​ដែល​សមត្ថកិច្ច​បាន​រកឃើញ​ចំនួន​ ១៦ ​នាក់​ដែល​ត្រូវបាន​ជន​ទាំង​ ៣ ​នាក់​ជួល​រថយន្ត​ឡិចស៊ិស​ និង​រថយន្ត​កាមរី​ហើយ​យកទៅ​បញ្ចាំ​បន្ត​ចំនួន​ ៣៤ ​គ្រឿង ។

កាលពី​ថ្ងៃ​ឃាត់ខ្លួន ស្ត្រី​ជាប់ចោទ​ប្រាប់​សមត្ថកិច្ច​ថា រថយន្ត​ដែល​ពួកគេ​ជួល​ទាំងអស់​មាន​ចំនួន​ ៤២ ​គ្រឿង​។ ចំពោះ​កន្លែង​ពួកគេ​ដាក់បញ្ចាំ គឺ​នៅ ម្តុំ​វិមានឯករាជ្យ ផ្សារកណ្តាល នៅ​សំណង់​ ១២ នៅ​អគារ​ផាកវេ និង​នៅ​កន្លែង​ផ្សេងទៀត​ក្នុង​រាជធានី​ភ្នំពេញ​៕