ភ្នំពេញៈ សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី ៩​ ខែ​កក្កដា ​បានជំនុំជម្រះ​​ជនជាប់ចោទ​ចំនួន ៨ នាក់ ​ក្នុង​ចំណោម ១១ នាក់ ​ពាក់ព័ន្ធ​ប្លន់​ផ្ទះអ្នក​​លក់ស្រូវ ​និង​បាញ់​ស្លាប់​មនុស្ស​ម្នាក់ នៅ​ភូមិ​ព្រៃក្រាយ ​សង្កាត់ស្នោរ ​ខណ្ឌ​ពោធិសែនជ័យ ​រាជធានី​ភ្នំ​ពេញ​កាល​ពី​ឆ្នាំ ២០១៧ ​ដែល​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទា​ទោស​ម្នាក់​ៗពី ​២០ ​ទៅ ​​២៣ ឆ្នាំ​​។​

លោក​ស្រី​​ចៅក្រម​ គឹម​ ដានី​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បានអាន​អង្គហេតុ​នៅ​ចំពោះមុខ​ជនជាប់ចោទ​ទាំង ៨ នាក់​ និង​​​នៅ​ចំពោះមុខ​មេធាវី​ ជនជាប់ចោទ​ក្នុង​បន្ទប់​សវនាការ​ ​នៅ​ថ្ងៃ​ទី ៩​ ខែ​កក្កដា​ ថា​​ ជនជាប់ចោទ​ដែលបាន​​ប្តឹងទាស់ ​មកសាលា​ឧទ្ធរណ៍​មាន​ទី​ ១​-​ឈ្មោះ​ អ៊ី ​សុភ័ណ្ឌ ទី​២​-​ឈ្មោះ​ ស៊ុន​ ប៊ុនធឿន​,​ ទី​៣​-​ឈ្មោះ​ សាត​ ធឹម​​ ​ទី​៤​-​ឈ្មោះ​ អឿន​ សុផា, ​ទី​៥​-​ឈ្មោះ​ ហម​ ហាន ទី​៦​-ឈ្មោះ ​ស៊ុន សុភ័ណ, ​ទី​៧​-​ឈ្មោះ​ ស្វាយ​ តាក់​ និង​ទី​៨​-​ឈ្មោះ​ មាស​ ធី ​ ​។

លោក​ស្រី​អាន​តាម​អង្គហេតុ​ថា​ មុនពេល​ធ្វើ​​សកម្មភាពប្លន់​​ផ្ទះ​​ជនរងគ្រោះ​ខាងលើ​ ក្រុមជនសង្ស័យ​បានប្រមូលផ្តុំគ្នា​ផឹកស៊ី​នៅ​ភ្នំពេញ​ ហើយ​ក្រោយ​ពី​ផឹកស៊ី​​ចប់គ្នីគ្នា​ជនជាប់ចោទ​មួយចំនួន ​បាន​ជិះម៉ូតូ​ឌុបគ្នា​ដើរ​មើល​ភូមិសាស្រ្ត​ ដើម្បី​កំណត់​គោលដៅទុក​​ធ្វើសកម្មភាពប្ល​ន់​។​

លុះដល់​វេលា​ម៉ោង​ជាង ៧​ យប់​ថ្ងៃ​ទី​ ២៦ ​ខែ ​​ធ្នូ​ ឆ្នាំ​​ ២០១៦​ មានក្រុម​ជនជាប់ចោទ​មានគ្នា​​ចំនួន ១១ នាក់​ បាន​​ធ្វើសកម្មភាព​ចូលប្លន់​ផ្ទះ​អ្នករក​ស៊ីកិន​ស្រូវលក់ ដែល​​​ប្ដី​ឈ្មោះ ​កែម ​កន ​អាយុ ៤២ ឆ្នាំ ​និង​ប្រពន្ធ​ ឈ្មោះ ​ភី ធឿន​ អាយុ ៣៨ ឆ្នាំ​ ស្ថិត​នៅក្នុង​ភូមិព្រៃ​ក្រាយ ​សង្កាត់​ស្នោរ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជ​ធានី​ភ្នំ​ពេញ​។​

លោក​​ស្រី​អាន​បន្តថា​​ ក្នុង​សកម្មភាព​ប្លន់​នោះ ​ក្រុម​​ជនជាប់ចោទ​​ បាន​ចាប់​ជនរងគ្រោះ​ទាំង ២ នាក់​​ប្ដី​ប្រពន្ធ ​និង​​កូន​ប្រុស​-​ស្រី​ ២​ ចង​ស្លាបសេក ​និង​យក​ស្កុត​​បិទមាត់​មិន​ឲ្យ​ស្រែក​ រួច​យកកាំភ្លើង​ភ្ជង់​ក​​កូនស្រី​របស់​ជនរងគ្រោះ ​ឲ្យ​នាំ​ពួកគេ​ដើរ​ ប្រមូល​យក​ទ្រព្យសម្បត្តិ ​​មាន​លុយ​ចំនួន​ ៤០០​ ដុល្លារ​ ខ្សែ​​ក​ប្លាទីន​ចំនួន​ ៥​ ជី​កន្លះ ​ក្រវិល ១ ជីកន្លះ ​និង​កងដៃ ២​ ​តម្លៃ​ ១៥០ ដុល្លារ​ ហើយ​ក្រុម​ជនជាប់ចោទ​​បាន​បាញ់​ចំនួន​ ៥​ គ្រាប់ ហើយ​បានត្រូវ​​ប្រជា​ពលរដ្ឋ​​ស្លាប់​ម្នាក់នៅ​ក្បែរ​ផ្ទះ​​កើត​ហេតុ។​

បន្ទាប់​មក​បាន​ប៉ុន្មាន​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី ​២​ ខែ​ មករា​ ឆ្នាំ ២​០១៧ ក្រុម​ជនជាប់​ចោទបាន​រៀបចំ​គម្រោង​ប្លន់ផ្ទះ​ដូរលុយវីង​មួយ​កន្លែង​ទៀត ​​នៅ​ម្តុំវត្តស្លែង​​ក្នុង​សង្កាត់​ពងទឹក​​ តែ​ត្រូវ​បែកការណ៍​​ដល់​សមត្ថកិច្ច​នគរបាល​តាម​រយៈទូរស័ព្ទ​ដែល​​ក្រុមជន​ជាប់ចោទ ​​និយាយ​ទាក់​ទង​គ្នា​ និ​ង​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ជា​​បន្តបន្ទាប់​។​

សំណុំរឿង​នេះ​ ត្រូវ​បាន​សាលា​ដំបូងរាជ​​ធានី​ភ្នំពេញ​ប្រកាស​សាលក្រម​​នៅ​ថ្ងៃ​ទី ​៣១​ តុលា ​ឆ្នាំ ​២០១៧ ​ផ្តន្ទាទោស​​ឈ្មោះ​ ហ​ម​ ហាន ​និង​ឈ្មោះ អឿ​ន​​ សុផា​​ ជាប់​ពន្ធនាគារ​ ២០ ​ឆ្នាំ​។ ឈ្មោះ​សាត ​ធឹម​​, ស៊ុន សុភ័ណ ស្វាយ​ តាក់ និងឈ្មោះ មាស​ ធី​​ ​ជាប់​ពន្ធនាគារ​ម្នាក់​ៗ​ ២​៣ ​ឆ្នាំ​ និងឈ្មោះ អ៊ី​ ​សុភ័ណ្ឌ, និងឈ្មោះ ស៊ុន​ ប៊ុន​ធឿន​ ជាប់​ពន្ធនាគារ​ម្នាក់​ៗ​ ២​៥​ ឆ្នាំ​។ រីឯជន ​៣ ​នាក់​ទៀត ​តុលាការ​បង្គាប់​ឲ្យ​សមត្ថកិ​ច្ចតាម​ចាប់​ខ្លួន។

ជន​ជាប់​ចោទឈ្មោះ ​អ៊ី សុភ័ណ្ឌ,​ សាត​ ធឹម​, ស៊ុន​ ប៊ុនធឿន,​ ហម​ ហាន​,​ ​ឈ្មោះ ​ស៊ុន សុភ័ណ,​ ស្វាយ តាក់ ​​ទាំង ៦ នាក់​ បាន​និយាប្រាប់​ចៅក្រម​​សាលា​ឧទ្ធរណ៍​ដូចៗគ្នា​ថា​ នៅថ្ងៃកើ​ត​ហេតុ​នោះ​ ពួក​គេ​ពិត​ជា​បាន​ប្រព្រឹត្ត​មែន​។

ជនជាប់​ចោទ​ឈ្មោះ អ៊ី​ សុភ័ណ្ឌ​ និយាយ​ថា​ ពេល​ធ្វើសកម្មភាព​ខ្លួន​បាន​កាន់​កាំភ្លើង​ A​K​ ស្វាយ​បត់​ ១​ ដើម ​ប៉ុន្តែ​ខ្លួ​នមិន​បាន​បាញ់​ជនរងគ្រោះ​ស្លាប់​ទេ​ គឺ​គ្រាន់​តែ​ភ្ជង់​គំរាម​សមាជិក​គ្រួសារ​ជនរងគ្រោះ​ប៉ុណ្ណោះ។ ​ដូច្នេះ​សូម​តុលាការ​បន្ថយ​ទោស​ដល់​ពួក​គេ​ផង។

ជនជាប់​​ចោទឈ្មោះ​​ សាត ធឹម​ និយាយ​ថា​៖ «ខ្ញុំ​សូម​តុលាការ​​តម្រឹម​ទោសដល់​ខ្ញុំ​ត្រឹម​ ១៥ ​ឆ្នាំ​បាន​ហើយ​»​។

លោ​ក ​អ៊ឹម​ សុផាន​ តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា​ ករណី​​នេះ ​បើ​ពិនិត្យ​តាម​អង្គហេតុ​បង្ហាញ​ថា​ ម្ចាស់ផ្ទះ​ដែល​ក្រុម​ជន​សង្ស័យ​​ប្លន់នោះ​ មិន​បាន​ស្លាប់​ទេ​ តែជន​រងគ្រោះម្នាក់​ដែល​ក្រុមចោរ​បាញ់​ត្រូវ​នោះ​ជា​ពលរដ្ឋ​នៅក្បែរ​ផ្ទះ​រង​គ្រោះ​ទេ​។ ដូច្នេះ​តុលាការថ្នាក់​ក្រោម ចោទ​​បទ​លួច​មាន​ស្ថាន​ទម្ថន់​ទោស​ធ្វើ​ឲ្យ​មរណៈភាព​ជន​រងគ្រោះ​​មិនត្រូវ​ទេ​ ព្រោះ​ការ​ស្លាប់​នោះ​មិន​មែន​​ម្ចាស់​ផ្ទះ​។​

លោក​បន្ត​ថា​ ​ចំណែក​ឈ្មោះ​​ ហម​ ហាន​ ជា​អ្នក​ភូមិ​នៅក្បែរផ្ទះ​កើត​ហេតុ​​​គាត់ថា​​ ជា​ញឹកញាប់​គាត់ទៅទិញ​កន្ទក់​នៅ​ផ្ទះ​កើតហេតុ ​គាត់​មិន​បាន​ចូល​រួមប្ល​ន់​ទេ​។ ឯឈ្មោះ​ មាស​ ធី​ គាត់​ឆ្លើយ​ថា​ មិន​បាន​ចូល​រួម​ដែរ​តែ​គាត់​បាន​​ទូរស័ព្ទ​ខ្ចី​លុយ​ឈ្មោះ​ សាត ​ធឹម​ ​។

លោក​​ថ្លែង​ប្រាប់ចៅក្រម​​ប្រឹក្សា​ជំនុំជម្រះ​ថា​​៖ «ករណី​នេះ​សូមក្រុម​​ប្រឹក្សា​ជំនំជម្រះ​ពិ​ចារណា​ នៅក្នុង​ការ​សម្រេច​សេច​ក្តី​ពាក់​ព័ន្ធ​ជន​ជាប់​ចោទ​ទាំង​អស់​នេះ​»​។​

លោក ​លឹម​ អេង​រតនៈ ​ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ទាំង ៨ នាក់​ សន្និដ្ឋាន​ថា​ កូនក្តី​លោក​​ ៦ នាក់​បាន​សារ​ភាព​ថា​​ ពួកគាត់​បានចូលរួមប្លន់​។ ដូច្នេះ​​​សូម​តុលាការ​បន្ថយទោស​ដល់​ពួក​គាត់ផង​​ ហើយ​​សូម​តុលា​ការ ដោះ​លែង​កូនក្តី​ឈ្មោះ​ហម​ ហាន​ និង​​ឈ្មោះ ​មាស​​ ធី​​​។​

ក្រោយ​ជំនុំជម្រះ​ លោក​ស្រី​ចៅក្រម ​គឹម​ ដានី​ ថ្លែង​ថា​ សាលដីកា ​នេះ​​ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​ ២៧​ ខែ​កក្កដា​​៕