ភ្នំពេញៈ ​សាលាឧទ្ធរណ៍​ពី​ម្សិលមិញ​បាន​ជំនុំជម្រះ​ជនជាប់ចោទ ២ ​នាក់​ ដែល​ត្រូវ​សាលាដំបូង​ខេត្តរតនគិរី​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ​ ៨ ​ឆ្នាំ​ ពាក់ព័ន្ធ​ប្រើ​កាំភ្លើង AK ភ្ជង់​ប្លន់​ជនរងគ្រោះ ២ ​នាក់​ប្រព្រឹត្ត​នៅ​ភូមិ​ជ្រី សង្កាត់​បឹងយក្សឡោម ក្រុង​បានលុង ខេត្ត​រតនគិរី​កាលពី​ឆ្នាំ​ ២០១៧​។

លោក​ចៅក្រម អ៊ិន វ៉ាន់វិបុល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អាន​អង្គហេតុ នៅ​ចំពោះមុខ​ជនជាប់ចោទ​ក្នុង​សវនាការ​ពី​ម្សិលមិញ​ថា សំណុំ​រឿងនេះ​មាន​ជនជាប់ចោទ​ឈ្មោះ សេង សែម អាយុ​ ៥៦ ​ឆ្នាំ និង​ ប៉ាវ តឿន អាយុ ៤៧ ​ឆ្នាំ​។ កាលពី​វេលា​ម៉ោង​ ១២ ​យប់​ថ្ងៃទី​ ១០ ខែ​ មេសា ឆ្នាំ​ ២០១៧ ជនសង្ស័យ​​ ២ ​នាក់​នេះ ​រួម​ជាមួយ​បក្ខពួក​ម្នាក់ទៀត​បាន​យក​កាំភ្លើង AK 47 មួយ​ដើម​ភ្ជង់​ប្លន់​ ២ ​នាក់​ ប្តី​ប្រពន្ធ​នៅ​ភូមិ-សង្កាត់​ខាងលើ​ហើយ​យក​បាន​លុយ​ ២ ​លាន​ ១៥ ​ម៉ឺន​រៀល​។

លោក​បន្តថា ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​ប្តឹង​នគរបាល​ប៉ុស្តិ៍​សង្កាត់​បឹង​យក្សឡោម ហើយ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនល្មើស​តាម​ការប្រាប់​ពី​ជនរងគ្រោះ​ក្នុង​ពាក្យបណ្តឹង និង​ក្រោយ​មក​បាន​ចាប់​ជន​ ២ ​នាក់​នេះ ខណៈ​ជន​ឈ្មោះ និន ម៉ុន រត់គេចខ្លួន​។

សាលាដំបូង​ខេត្ត​រតនគិរី​កាលពី​ថ្ងៃទី​ ២១ ​ធ្នូ ឆ្នាំ ២០១៨ បាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ជន​ ២ ​នាក់​នេះ​ម្នាក់ៗ ៨ ​ឆ្នាំ​ ចោទ​ពី​បទ​កំហែង​យក​មាន​ស្ថានទម្ងន់ទោស​ដោយ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។

ជនជាប់ចោទ ប៉ាវ តឿន ​ឆ្លើយ​ប្រាប់​ចៅក្រម​ក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​ថា នៅមុន​ថ្ងៃ​កើតហេតុ​គាត់​បាន​អង្គុយ​ផឹកស្រា​ជាមួយ​ សេង សែម​។ ពេលនោះ និន ម៉ុន បាន​ជិះ​ម៉ូតូ​មក​ហៅ​ពួកគាត់​ឲ្យ​ទៅជា​មួយ​ហើយ​ពេល​ជិះ​ម៉ូតូ​ដល់​ព្រៃ​ចម្ការ​កៅស៊ូ​ចម្ងាយ​ប្រហែល ១៧០ ម៉ែត្រ​ពី​ផ្ទះ​ជនរងគ្រោះ​ឈ្មោះ និន ម៉ុន បាន​យក​កាំភ្លើង AK ១​ ​ដើមពី​ព្រៃ​កៅស៊ូ និង​ពិល​ ២ ហើយ​ជិះ​ម៉ូតូឌុប​គាត់ និង​ឈ្មោះ​ សេង សែម សំដៅ​ទៅ​ផ្ទះ​ជនរងគ្រោះ​។

ជនជាប់ចោទ ប៉ាវ តឿន បាន​និយាយ​ថា​៖ «​លុយ​ប្លន់​នោះ ឈ្មោះ​ និន ម៉ុន ​បាន​ឲ្យ​ខ្ញុំ​ ៦០ ​ម៉ឺន​រៀល​។ ខ្ញុំ​ប្តឹង​មក​សាលាឧទ្ធរណ៍​ចង់​សុំ​តុលាការ​បន្ថយទោស​បាន​ប៉ុន្មាន​ក៏​យក​ដែរ​។ ខ្ញុំ​ដឹង​កំហុស​ហើយ​»​។

ចំណែក​ជនជាប់ចោទ​ឈ្មោះ សេង សែម ឆ្លើយ​ក្នុង​សវនាការ​ដែរ​ថា គាត់​ធ្វើស្រែ​លំបាក​ពេក គាប់​ជួន​ឈ្មោះ និន ម៉ុន បបួល​គាត់​ក៏​ទៅតាម ហើយ​ពេល​ប្លន់​បាន​លុយ​ឈ្មោះ​ និន ម៉ុន ​ឲ្យ​គាត់ ៨០ ​ម៉ឺន​រៀល​ដែរ​។ «​ខ្ញុំ​ជាប់គុក​ ៣ ​ឆ្នាំ​ពិបាក​ណាស់​ហើយ​ខ្ញុំ​ប្តឹង​មក​ឧទ្ធរណ៍​ក៏​សុំ​តុលាការ​ឲ្យ​បន្ថយទោស​ដែរ​»​។

លោក ង៉ែត សារ៉ាត់ តំណាង​មហាអយ្យការ សន្និដ្ឋាន​ថា​តាម​ការសួរដេញដោល​ជនជាប់ចោទ​បាន​សារភាព​ពី​កំហុស​ដែល​ស៊ីចង្វាក់​នឹង​ចម្លើយ​របស់​សាក្សី​ជា​ជនរងគ្រោះ​។ ដូច្នេះ​សាលាដំបូង​ខេត្តរតនគិរី ផ្តន្ទាទោស​ម្នាក់ៗ​ ៨ ​ឆ្នាំ​នេះ​ត្រឹមត្រូវ​តាមច្បាប់​ហើយ​។ លោក​ថ្លែងថា​៖ «​តែ​យ៉ាងណា​ជនជាប់ចោទ​ទទួល​កំហុស ដូច្នេះ​សូម​ក្រុមប្រឹក្សា​ពិចារណា​។ ប៉ុន្តែ​ខ្ញុំ​សុំ​ក្រុមប្រឹក្សា​ជំនុំជម្រះ​បន្ថយទោស​តែ​ ៦ ​ខែ​ឲ្យ​ពួកគេ​បាន​ហើយ​»​។

លោក ឃុន លឹម សៀ មេធាវី ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ទាំង​​ ២ ​នាក់​សន្និដ្ឋាន​ថា កូនក្តី​លោក​បាន​សារភាព និង​ដឹង​កំហុស​ហើយ ប៉ុន្តែ​ពួកគាត់​សុំ​បន្ថយទោស​។ ដូច្នេះ​សូម​ចៅក្រម ពិចារណា​សម្រាលទោស​ដល់​គាត់​ទាំង​ ២ ​នាក់​ផង​។

ក្រោយពី​ជំនុំជម្រះ​លោក ចៅក្រម អ៊ិន វ៉ាន់វិបុល​ថ្លែងថា សាលដីកា​នេះ​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​ ២៣ ខែ​ធ្នូ​៕