ភ្នំពេញៈសភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈនេះ បានបើកសវនាការលើបណ្តឹងទាស់របស់បុរសជនជាតិ ប៉ាគីស្ថាន ម្នាក់ពាក់ព័ន្ធលួចដកលុយពីម៉ាស៊ីន A.T.M នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តកាលពីឆ្នាំ ២០១៤។
លោកស្រីចៅក្រម ទិត្យ សុធីបូរ៉ាលក្ខណ៍ ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថា បុរសជាប់ចោទនោះឈ្មោះ KHANA ZHARHAMEED អាយុ ៤៨ ឆ្នាំ (២០១៤) និងមានមិត្តភ័ក្ដិម្នាក់ទៀតឈ្មោះ RANATA RIQMAHMOOD ជាជនជាតិប៉ាគីស្ថានដូចគ្នា។ពួកគេបានចេញពីរាជធានីភ្នំពេញទៅលួចដកលុយក្នុងទូ A.T.M នៅក្នុងកាស៊ីណូហូលីដេនៅទីក្រុងប៉ោយ ។
លោកស្រីបន្តថា លុយដែលពួកគេលួចបានមានចំនួនជាង ១ លានបាតប្រាក់ថៃ ប៉ុន្តែដោយសារម្ចាស់កាស៊ីណូដឹងក៏ប្តឹងឲ្យនគរបាលចាប់ខ្លួន ខណៈឈ្មោះ RANATA RIQMAHMOOD រត់គេចខ្លួនបាត់។
សំណុំរឿងនេះត្រូវសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសកាលពីឆ្នាំ ២០១៥ ដាក់ពន្ធនាគារ ៦ ឆ្នាំពីបទ «លួចនិងក្លែងឯកសារសាធារណៈ»។
ជនជាប់ចោទឆ្លើយក្នុងសវនាការនៅថ្ងៃនេះថា គាត់ពិតជាបានលួចដកលុយក្នុងទូ A.T.M ប្រាកដមែន តែលុយទាំងនោះត្រូវមិត្តភ័ក្ដិគាត់យករត់បាត់ហើយ។
លោក KHANA ZHARHAMEED ថ្លែងថា៖ «ខ្ញុំសុំឲ្យតុលាការជួយបន្ថយទោសដល់ខ្ញុំ ព្រោះខ្ញុំមានម្តាយចាស់និងមានកូនតូចអាយុ៧ឆ្នាំនៅប្រទេសប៉ាគីស្ថាន»។
លោក គិន វិបុល មេធាវីការពារសិទ្ធិឲ្យលោក KHANA ZHARHAMEED បានសន្និដ្ឋានថា កូនក្តីលោក សារភាពហើយ ដូច្នេះសូមក្រុមប្រឹក្សាជំនុំជម្រះអនុញ្ញាតបន្ថយទោសខ្លះដល់គាត់ផង។
បើតាមលោកស្រីចៅក្រម សំណុំរឿងនេះនឹងត្រូវប្រកាសសាលដីកានៅថ្ងៃទី ២ ខែមីនា ខាងមុខនេះ៕