ភ្នំពេញៈ សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​ ២៧ ​មីនា​នេះ​ បាន​តម្កល់​ការ​សម្រេច​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​ដែល​ពន្យា​រកា​រ​ឃុំ​ខ្លួន​លោក កឹម សុខា​ រយៈ​ពេល​ ៦​ ខែ​ទៀត ដោយ​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​បន្ថែម​​ទេ ​បន្ទាប់​ពី​សវ​នា​ការ​ដែល​មាន​ការ​រឹត​បន្ដឹង​ខ្លាំង​អស់​រយៈ​ពេល​ជាង​ ២​ ម៉ោង​ ដោយ​គ្មាន​វត្ត​មាន​ លោក​ កឹម​ សុខា ។

លោក សំ សុ​គង់ មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេ​ធាវី​ទាំង​៦​រូប​ដែល​បាន​ចូល​រួម​ការ​ពារ​នៅ​ព្រឹក​នេះ បាន​ថ្លែង​ថា៖ «សា​លា​ឧទ្ធរ​ណ៍​គេ​សម្រេច​តម្កល់​ការ​សម្រេច​ការ​ពន្យារ​ពេល​ឃុំ​ខ្លួន​ទុក​ជា​បាន​ការ​ បាន​ន័យ​ថា​គេ​បន្ត​ឃុំ​ខ្លួន​ទៀត»​។

ចំពោះ​អវត្ត​មាន​របស់​លោក ​កឹម ​សុខា ​លោក​ ទូច​ ថារិទ្ធិ​ ថ្លែង​ថា​សាលា​​ឧទ្ធរណ៍​បាន​ចេញ​លិខិត​កោះ​ហៅ​តាម​នីតិ​វិធី​ហើយ​។

សវនា​ការ​នៅ​ព្រឹក​មិញ​នេះ​ ជា​សវនា​ការ​ប្រឆាំង​នឹង​ការ​សម្រេច​របស់​លោក ​គី ឫទ្ធី ចៅ​ក្រម​ស៊ើប​សួរ​នៃ​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដែល​បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ កឹម ​សុខា​រយៈ​ពេល​ ៦​ ខែ​ទៀត​ដើម្បី​បន្ត​ការ​ស៊ើប​អង្កេត ​ប៉ុន្តែ​ក្រុម​មេធាវី​លោក​បាន​ប្តឹង​ជំទាស់​នឹង​ការ​ឃុំ​ខ្លួន​បន្ត​នេះ​។

ការ​សម្រេច​បន្ដ​ឃុំ​ខ្លួន​លោក កឹម សុខា នេះ ថ្វី​បើ​សា​លា​ឧទ្ធរ​ណ៍​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​ប​ន្ថែម​ក្ដី ប៉ុន្តែ​បាន​កើត​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្ដែង​ការ​មិន​មាន​ជំនឿ​ថា​នឹង​មាន​ការ​ដោះ​លែង​មេ​ក្បត់​ជាតិ​ ខណៈ​លោក​កំពុង​ធ្វើ​ជា​អធិ​បតី​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​សា​កល​វិទ្យា​ល័​អាស៊ី​អឺរ៉ុប​ ​កាលពី​ព្រឹក​មិញ​ដូចគ្នា​ នៅ​វិ​ទ្យ​ស្ថាន​ជាតិ​អប់រំ​ ។

លោក​ ហ៊ុន​ សែន ​ថ្លែង​ថា​៖​«ខ្ញុំ​មិន​ជឿថា​ព្រឹក​នេះ​ សា​លា​ឧ​ទ្ធរណ៍​នឹង​ដោះ​លែង​អា​មេ​ក្បត់​ជាតិ​ ព្រោះនេះ​ជា​អំពើ​ក្ប​​ត់​ជាតិ​ ប៉ុន្តែ​ខ្ញុំ​គោ​រព​សេច​ក្ដី​សម្រេច​របស់​តុលា​ការ​ ប្រសិន​បើ​តុលាការ​ដោះ​លែង​ឲ្យ​វា​នៅក្រៅ​ឃុំ អា​ហ្នឹ​ង​ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ម៉េច​ ប៉ុន្តែ​ខ្ញុំ​មិន​ជឿ​ទេ​ថា​ តុលា​ការ​នឹង​ដោះលែង​អា​មេ​ក្បត់​ជាតិ​ហ្នឹង​ទេ ហើយ​អ្នក​ដែល​ចាប់ខ្លួន​ដំបូង ​បញ្ជា​ចាប់ខ្លួន​ដំបូង​ គឺ​ហ៊ុន​ សែន​ អ្នក​បញ្ជា​ គ្មាន​​អ្នក​ណា​ផ្សេង​ទេ បើ​គ្មាន​បទ​ប​ញ្ជា​ពី​ ហ៊ុន​ សែន ​គ្មាន​អ្នក​ណា​ហ៊ាន​ចាប់​ទេ»។​

លោក​ បានបន្ត​ថា​ ​៖​«ប៉ុន្តែ​ឥឡូវ​វា​នៅ​ក្នុ​ង​ដៃ​តុលាកា​រ​ បើ​ព្រឹក​នេះ​តុលាការ​ដោះ​លែង​ក៏​ដោះ​លែង​ទៅ​ ដោះ​នៅ​ក្រៅ​ឃុំ ​ក៏​ អា​ហ្នឹង​ជា​រឿង​តុលា​ការ​អា​ហ្នឹង​ខ្ញុំ​ត្រូ​វ​តែ​គោរព​ ប៉ុន្តែ​ខ្ញុំ​មិន​ជឿថា​តុលា​ការ​ ដើរ​ទៅ​ដល់​ដំ​ណាក់​ការ​ហ្នឹង​ទេ»។ ​

យ៉ាង​ណា​ក្ដី ទិដ្ឋ​ភាព​នៅ​ខាង​ក្រៅ​បរិវេ​ណ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​នេះ ​មាន​ការ​រឹត​បន្តឹង​សន្តិ​សុខ​យ៉ាង​ខ្លាំង សូម្បី​អ្នក​សារព័​ត៌មា​ន​ក៏​មិន​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​ចូល​ទៅ​ជិត​របង​សា​លា​ឧទ្ធរណ៍​ដែរ​។

វីដេអូ ថត​បាន​អ្នក​គាំទ្រ​​លោក កឹម សុខា ដែល​មក​រង់​ចាំខាងក្រៅសវនាការសាលា​​ឧទ្ធរណ៍​ព្រឹក​មិញ ត្រូវ​បាន​ប្រធាន​សន្តិសុខ​ទះ​កំភ្លៀង ក្រោយ​បុរស​រូប​នេះ សរសេរលេខ​​នៅ​លើ​ផ្ហូវថ្នល់ 0+0=8 ។

លោក គឹម វុត្ថា ប្រធានសន្តិសុខខណ្ឌដូនពេញ ទះកំភ្លៀងអ្នកគាំទ្រលោក កឹម សុខា ក្រោយ​អ្នក​គាំទ្រ​រូប​នេះ គូររូប 0+0=8 លើ​ផ្លូវ​ថ្នល់ ខាង​ក្រោយ​តុលាការ​កំពូល កាល​ពី​ព្រឹក​មិញ។ រូបថត ប៉ាន់ រចនា

លោក​ កឹម សុខា ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​ ៣ ខែកញ្ញា ឆ្នាំ​មុន ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ ​«សន្និដ្ឋិ​ភាព​ជា​មួយ​បរទេស» តាម​មាត្រា​ ៤៤៣ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ដែល​ប្រឈម​ជាប់​ពន្ធនា​គារ​ពី​ ១៥​ ទៅ ​៣០ ​ឆ្នាំ៕