ភ្នំពេញៈ សាលា​​ឧទ្ធរណ៍​នៅ​ថ្ងៃ៦ កុម្ភៈ នេះ​បាន​ជំនុំ​ជម្រះ​ជន​ជាប់​ចោទ​ម្នាក់​ពាក់ព័ន្ធ​​គាស់​ទ្វារ​ផ្ទះ​លួច​ម៉ូតូ​នៅ​សង្កាត់​ស្រះចក​ខណ្ឌ​ដូន​ពេញ​កាល​ពី​ឆ្នាំ ​២​០​១​៥ ​ខណៈ​តុលា​ការ​​ថ្នាក់​ក្រោម​ផ្តន្ទា​ទោស​​ដាក់​ពន្ធនា​គារ​៣​ឆ្នាំ​កន្លះ​។

តាម​​អង្គ​ហេតុ​កាល​ពី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​ ៣១​ ខែ​ធ្នូ​ឆ្នាំ ​២​០​១​៥ ​ជន​ជាប់ចោទ​ឈ្មោះ​ទិត្យ សុវណ្ណា​ អាយុ​ ​៣៥​ ឆ្នាំ​និង​ឈ្មោះ​ទិត្យ​បាន​នាំ​គ្នា​គាស់​ទ្វារ​ផ្ទះ​បុរស​​ឈ្មោះ​សន​សុវណ្ណារ៉ា​​ចូល​លួច​ម៉ូតូ​១គ្រឿង​។​

លុះ​ព្រឹក​ឡើង​ជនរងគ្រោះ​​បាន​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្រះចក​ហើយ​សមត្ថកិច្ច​​សង្ស័យ​ឈ្មោះ ​ទិត្យ​ សុវណ្ណា ​ដែល​រស់​នៅ​ក្នុង​ភូមិ ​២​ សង្កាត់​ខាង​លើ​។ ​ពេល​នោះ​គេបាន​នាំ​សមត្ថ​កិច្ច​​ទៅ​ផ្ទះ​​ឈ្មោះទិ​ត្យ​ ប៉ុន្តែ​ជន​នោះ​គេច​ខ្លួន​បាត់​ហើយ​សមត្ថ​កិច្ច​ប្រ​គល់​ម៉ូតូ​ឲ្យ​ម្ចាស់​វិញ​។

សំណុំ​រឿង​នេះ ​ត្រូវ​សាលា​​ដំបូង​រាជធា​នី​ភ្នំពេញ ​ផ្ដន្ទា​ទោស ​កាលពី​ថ្ងៃ​ទី​ ២១​ កញ្ញា ​ឆ្នាំ​ ២​០​១​៦​​ ឲ្យ​ឈ្មោះ ទិត្យ​សុវណ្ណា ​ជាប់​ពន្ធនា​គារ​ ៣ ​ឆ្នាំ​កន្លះ​ ចោទ​បទ ​«​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​គាស់​​ទម្លុះទម្លាយ​»​។

នៅក្នុ​ង​បន្ទប់​សវនា​ការ​​មុន​ដំបូង​ជន​ជាប់​ចោទ​ខំ​បដិ​សេធ​ប៉ុន្តែ​នៅ​ពេល​ចៅក្រម​អាន​ចម្លើយ​សារ​ភាព​កាល​ពី​នៅ​តុលា​ការ​ថ្នាក់​ក្រោម​ឲ្យ​ស្តាប់​​ទើប​គេ​ឆ្លើយ​សារ​ភាព​ ​ប៉ុន្តែ​បាន​សុំ​ឲ្យ​តុលា​ការ​បន្ថយ​ទោស​​។

លោក​ព្រះ​រាជ​អាជ្ញា​ ង៉ែត ​សារ៉ាត ​តំណាង​មហា​អយ្យការ​សន្និ​ដ្ឋាន​ថា​៖ ​«​ជន​ជាប់ចោទ​​ដំបូង​ប្រកែក​តែ​ពេល​ក្រុម​ប្រឹក្សា​អាន​ចម្លើយ​ឲ្យ​ស្តាប់​ទើប​សារ​ភាព​ហើយ​ជន​ជាប់​ចោទ​បាន​គាស់​ទម្លុះ​ទម្លាយ​ផ្ទះ​គេ​មែន​។ ​តាម​ពិត​ទោស​នេះ​ត្រូវ​ដាក់​ពន្ធ​នាគារ​ពី​៣​ទៅ​៥​ឆ្នាំ​។​តែ​តុលា​ការ​ថ្នាក់​ក្រោម​ដាក់​៣​ឆ្នាំ​កន្លះ​គឺ​ត្រឹម​ត្រូវ​ហើយ​ដូច្នេះ​ខ្ញុំ​សូម​តម្កល់​សាល​ក្រម​ទុក​ជា​បាន​ការ​»​។​

លោក​ នូ ចន្ថា​ មេធាវី​​ការពារ​ជន​ជា​ប់ចោទ​សន្និដ្ឋា​ន​ថា ​តាម​ពិត​រឿង​នេះ​កូនក្តី​លោក​បាន​បញ្ជាក់​​ហើយ​ថា​ពុំ​បាន​គាស់​ផ្ទះ​ជន​រង​គ្រោះ​ទេ​ប៉ុន្តែ​គាត់​គ្រាន់​តែ​យក​ដៃ​បាំង​កា​មេរ៉ា​សុវត្ថិភាព​​​។ ​

យ៉ាង​ណា​គាត់​ក៏​មាន​កំហុស​ដែរ​ដូច្នេះ​សូម​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​មេត្តា​ផ្តល់​ស្ថាន​សម្រាល​ទោស​ដល់​គាត់​ផង​។ ក្រោយ​ជំនុំ​ជម្រះ​លោក​ចៅ​ក្រម​ប៉ាក ​ច័ន្ទ​សំបូរ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថ្លែង​ថា​សា​ល​ដីកា​នេះ​ប្រ​កាស​នៅ​ថ្ងៃ​ទី​ ១ ​ខែ​មីនា ខាង​មុខ​នេះ៕​