ភ្នំពេញៈ សវនាការសំណុំរឿង ជួប សម្លាប់ ត្រូវបានលើកពេលទៅថ្ងៃក្រោយ ដោយសារមន្ត្រីពន្ធនាគារមិនបាននាំខ្លួនជនជាប់ចោទមកតុលាការតាមការបង្គាប់ដោយអះអាងថា មិនបានទទួលដីកាបង្គាប់។
នៅរសៀលថ្ងៃអង្គារសាលាឧទ្ធរណ៍បានលើកយកសំណុំរឿងឃាតកម្មលើលោក បណ្ឌិត កែម ឡី ដែលមានជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលសាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងបទចោទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែសវនាការនេះមិនអាចប្រព្រឹត្តទៅបានដោយសារអវត្តមានរបស់ជនជាប់ចោទ ជួប សម្លាប់។
លោក ចាយ ច័ន្ទតារាវណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចពន្យារសវនាការទៅថ្ងៃក្រោយ នៅពេលលោកមេធាវីការពារក្តីឲ្យ ជួប សម្លាប់ បានទាក់ទងទៅពន្ធនាគារព្រៃសហើយមន្ត្រីពន្ធនាគារអះអាងថាពន្ធនាគារ មិនបានទទួលដីកាបង្គាប់ឲ្យនាំខ្លួន ជួប សម្លាប់ ឡើយ។
លោក ច័ន្ទតារាវណ្ណ ថ្លែងថា៖ «កាលពីថ្ងៃទី ១៤ មីនាឆ្នាំ ២០១៨ ព្រះរាជអាជ្ញាបានចេញដីកាបង្គាប់ឲ្យនាំខ្លួនជនជាប់ចោទហើយដីកាបង្គាប់ត្រូវបានអនុរក្សពន្ធនាគារ ចុះហត្ថលេខាទទួលនៅថ្ងៃទី ១៥ មីនាឆ្នាំ ២០១៨។ ចំពោះដើមបណ្ដឹងរដ្ឋប្បវេណី យើងក៏បានបញ្ចូនដីកាដែរ ប៉ុន្តែមិនមានអ្នកទទួលហើយឮថាលោកស្រី (ប៊ូ រចនា) បានទៅដល់អូស្ត្រាលីហើយ»។
មេធាវី ជួប សម្លាប់ លោក ឡោ គីមហ្គិច ថ្លែងថាលោកបានទៅជួបកូនក្តីលោក នៅពន្ធនាគារកាលពីសប្តាហ៍មុនដោយកូនក្តីលោកថា «គាត់ថាគាត់ចង់ចូលរួមក្នុងសវនាការ»។
លោកបណ្ឌិត កែម ឡី អ្នកវិភាគល្បីឈ្មោះត្រូវបានឃាតករបាញ់សម្លាប់នៅព្រឹកថ្ងៃទី ១០ ខែកក្កដាឆ្នាំ ២០១៦ នៅហាងស្តាម៉ាតកាល់តិច ស្តុបបូកគោ។ ឈ្មោះ ជួប សម្លាប់ ត្រូវបានចាប់ខ្លួនភ្លាមៗ ហើយបានអះអាងថាខ្លួនជាអ្នកសម្លាប់លោក កែម ឡី ដោយសារតែលោក ឡី បានជំពាក់ប្រាក់ខ្លួន ៣ ពាន់ដុល្លារ។ ប៉ុន្តែភរិយាលោក កែម ឡី និងមជ្ឈដ្ឋានជាច្រើន មិនជឿថា ជួប សម្លាប់ ជាអ្នកសម្លាប់លោក កែម ឡី នោះទេ៕