ភ្នំពេញៈ សាលា​ឧទ្ធណ៍​បាន​បើក​ជំនុំជម្រះ​កាលពី​ម្សិលមិញ​លើ​សំណុំរឿង​ឃាតកម្ម ក្រោយពី​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​សម្រេច​ផ្ដន្ទាទោស​ជនជាប់ចោទ​ឈ្មោះ រស់ សុខុន អាយុ​ ៣៤ ​ឆ្នាំ​ដាក់​ពន្ធនាគារ​ ១៥ ​ឆ្នាំ​កាលពី​ឆ្នាំ​ ២០០៧​។

លោកស្រី ចៅក្រម គឹម ដានី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ថ្លែង​ក្នុង​បន្ទប់​សវនាការ​កាលពី​ម្សិលមិញ​ថា ជន​ជាប់ចោទ​មិន​សុខចិត្ត​បាន​ប្តឹង​ទាស់​មក​សាលាឧទ្ធរណ៍​ហើយ​ត្រូវ​សាលាឧទ្ធរណ៍​បើក​សវនាការ​ជំនុំជម្រះ​ និង​ប្រកាស​សាលដីកា​កាលពី​ថ្ងៃទី​ ១ ខែ កក្កដា ​ឆ្នាំ​ ២០០៩ សម្រេច​បន្ថយទោស​នៅសល់​ ១៤ ​ឆ្នាំ​វិញ​។ ការបន្ថយ​ទោស​ ១ ​ឆ្នាំ​នេះ​ជនជាប់ចោទ​មិន​សុខចិត្ត​បាន​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ហើយ​ត្រូវ​តុលាការ​កំពូល​ជម្រះ​ និង​សម្រេច​បង្វិល​សំណុំរឿង​មក​ឲ្យ​សាលាឧទ្ធរណ៍​ជម្រះ​ជាថ្មី​ឡើងវិញ​។

លោកស្រី ចៅក្រម ថ្លែង​ថា​៖ «​តុលាការ​កំពូល​យល់ថា​សំអាង​ហេតុ​ និង​សេចក្តី​សម្រេច​បន្ថយទោស​ដល់​ជនជាប់ចោទ​របស់​សាលាឧទ្ធរណ៍​នៅមាន​ភាពខុសគ្នា​»​។

លោកស្រី ចៅក្រម បាន​ឲ្យ​ដឹង​ទៀត​ថា ជនជាប់ចោទ រស់ សុខុន បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការព្រួត​គ្នា​សម្លាប់​មនុស្ស ដែល​ជា​ពលករ​ខ្មែរ​ដូចគ្នា​នៅក្នុង​ប្រទេស​ថៃ ភូមិ​ភីដាន ស្រុក​សំរោង ខេត្ត​សាមុតប្រាកាន​កាលពី​ឆ្នាំ​ ២០០៧ ហើយ​បាន​គេច​ខ្លួន​ចូលមក​ស្រុក​ខ្មែរ​វិញ​។ ​ជនជាប់ចោទ​ថ្លែង​ក្នុង​សវនាការ​ថា​៖ «​ខ្ញុំ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​បាន​ ១០ ​ឆ្នាំ​ហើយ​។ ​ដូច្នេះ​ខ្ញុំ​សុំ​ឲ្យ​តុលាការ​តម្រឹម​ទោស​ខ្ញុំ​ត្រឹម​ ១០ ​ឆ្នាំ​នេះ​បាន​ហើយ​»​។

ក្រោយ​ជំនុំជម្រះ​លោកស្រី ចៅ គឹម ដានី ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែង​ថា សាលដីកា​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ៧ ​កក្កដា ខាង​មុខ​៕