ភ្នំពេញៈ សាលាឧទ្ធរណ៍ នៅថ្ងៃទី ២៧ ខែកក្កដា បានប្រកាសសាលដីកាកំបាំងមុខអតីតប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ឈ្មោះ លៀម ប៊ុនរឿន ឲ្យជាប់ពន្ធនាគារ ៨ ឆ្នាំដដែល ពាក់ព័ន្ធនឹងអំពើពុករលួយ ទាមទារប្រាក់ដោយខុសច្បាប់ចំនួន ១០ ម៉ឺនដុល្លារ ពីម្ចាស់ដីម្នាក់ ជាថ្នូរនឹងការចេញច្បាប់សាងសង់។
នៅក្នុងបន្ទប់សវនាការ នៅថ្ងៃទី ២៧ ខែកក្កដា លោក ប្លង់ សំណាង អនុប្រធានសាលាឧទ្ធរណ៍និងជាប្រធានចៅក្រមជំនុំជម្រះ បានអានសាលដីកាកំបាំងមុខជនជាប់ចោទ និងនៅចំពោះមុខក្រុមការងារ ថតវីដេអូរបស់អង្គភាពប្រឆាំងអំពើពុករលួយថា ក្រោយពីសាលាឧទ្ធរណ៍ បើកសវនាការជំនុំជម្រះលើបណ្តឹងរបស់ជនជាប់ចោទ ឈ្មោះ លៀម ប៊ុនរឿន មក ក្រុមប្រឹក្សាជំនុំជម្រះ យល់ឃើញថា កាលពីថ្ងៃជំនុំជម្រះថ្ងៃទី ២១ ខែកក្កដា ជនជាប់ចោទ បានស្នើសុំតុលាការ ឲ្យបន្ថយទោស ដល់ខ្លួនចំនួន ៤ ឆ្នាំ ខណៈដែលសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ៨ ឆ្នាំ និងសុំឲ្យតុលាការ សាលាឧទ្ធរណ៍លុបប្រាក់ពិន័យចូលថវិការដ្ឋចំនួន ៨ លានរៀល។
លោកចៅក្រមថ្លែងថា៖«ជនជាប់ចោទសុំបន្ថយទោស និងសុំលុបចោលការរឹបអូសទ្រព្យសម្បត្តិតែតុលាការ មិនអាចពិចារណាបានទេ ព្រោះជនជាប់ចោទជាប់ ៣ បទចោទ។ ដូច្នេះសាលាឧទ្ធរណ៍តម្កល់ទណ្ឌកម្មទោស និងការរឹបអូសទ្រព្យសម្បត្តិ តាមសាលក្រមតុលាការថ្នាក់ក្រោមនៅដដែល»។
នៅថ្ងៃទី ២៧ ខែកក្កដា ភ្នំពេញប៉ុស្តិ៍ មិនអាចស្វែងរកជួបមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទ ដើម្បីសុំការបកស្រាយពាក់ព័ន្ធនឹងការសម្រេចរបស់សាលាឧទ្ធរណ៍នេះបានទេ ដោយសារមេធាវីអវត្តមានក្នុងពេលប្រកាសសាលដីកា។
ប៉ុន្តែយ៉ាងណាក៏ដោយ លោកចៅក្រម ប្លង់ សំណាង បានមានប្រសាសន៍ថា ការសម្រេចសេចក្តីរបស់សាលាឧទ្ធរណ៍ពេលនេះ នឹងទុកសិទ្ធិឲ្យជនជាប់ចោទចំនួន ១ ខែ ចាប់ពីថ្ងៃប្រកាសសាលដីកានេះទៅ ដើម្បីប្តឹងសារទុក្ខទៅតុលាការកំពូលទៀតបាន។
តាមកំណត់ហេតុរបស់សាលាឧទ្ធរណ៍បង្ហាញថា ជនជាប់ចោទត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៩ តាមបណ្តឹងរបស់ជនរងគ្រោះម្នាក់ ពាក់ព័ន្ធនឹងអំពើពុករលួយ ទាមទារប្រាក់ដោយខុសច្បាប់ចំនួន ១០ ម៉ឺនដុល្លារ ពីម្ចាស់ដីម្នាក់ ជាថ្នូរនឹងការចេញច្បាប់សាងសង់។
បន្ទាប់មកសមត្ថកិច្ច បានឃាត់ខ្លួនឈ្មោះ ជាង វុទ្ធី ដែលកាលនោះ ជាអនុប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ និងឈ្មោះ តែ ប៊ុនថេង អតីតមន្រ្តីច្រកចេញចូលតែមួយ នៅសាលាខេត្តពោធិ៍សាត់។
សំណុំរឿងនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមនៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២០ សម្រេចផ្តន្ទាទោសឈ្មោះ លៀម ប៊ុនរឿន ដាក់ពន្ធនាគារ ៨ ឆ្នាំ ចោទពីបទវិតិក្រម បទរំលោភអំណាច និងបទសម្អាតប្រាក់ និងពិន័យប្រាក់ចំនួន ៨ លានរៀលចូលថវិការដ្ឋ។
ដោយឡែកឈ្មោះ ជាង វុទ្ធី ដាក់ពន្ធនាគាររយៈពេល ៣ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ លាន រៀល ឈ្មោះតែ ប៊ុនថេង ដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំ កន្លះ និងពិន័យជាប្រាក់ចំនួន ៥ លាន រៀលដែលពួកគេចោទពីបទវិតិក្រមដូចគ្នា។
កំណត់ហេតុបន្តថា ជនជាប់ចោទឈ្មោះលៀម ប៊ុនរឿន មានផ្ទះនៅបុរីប៉េងហួតប៉ុស្តិ៍វិទ្យុស្ទឹងមានជ័យ រាជធានីភ្នំពេញចំនួន ១ ផ្ទះ នៅខេត្តពោធិ៍សាត់ចំនួន ២ និងមានរថយន្តចំនួន ២ គ្រឿង ម៉ាក Lexus 570 ពណ៌មាស សេរីឆ្នាំ ២០១០ ១ គ្រឿង រថយន្តម៉ាក KIA Morning ពណ៌ស សេរីឆ្នាំ ២០១២ មួយគ្រឿង៕