ភ្នំពេញៈ លោក វិទិត ម៉ុនតារបន (Vitit Muntarbhorn) សាស្ត្រាចារ្យជនជាតិថៃ ត្រូវបានតែងតាំងជាផ្លូវការជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ជំនួសលោកស្រី Rhona Smith ដែលត្រូវបានចប់អាណត្តិកាលពីពេលថ្មីៗនេះ។ មន្ត្រីកម្ពុជាបានស្វាគមន៍ ដោយរំពឹងថា សាស្ត្រាចារ្យរូបនេះនឹងបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
អតីតអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី Rhona Smith បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកស្រីកាលពីម្សិលមិញថា៖ «សូមអបអរសាទរដល់សាស្ត្រាចារ្យ Vitit Muntarbhorn នៃប្រទេសថៃ ដែលត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេស អ.ស.ប ទី ៧ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា»។
លោកសាស្ត្រាចារ្យនឹងចាប់ផ្តើមបម្រើតួនាទីរបស់លោកនៅថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២១។ លោកស្រី Rhona Smith ថ្លែងថា លោកស្រីមានកិត្តិយសដែលបានជួបលោក វិទិត ម៉ុនតារបន ជាច្រើនលើកជាច្រើនឆ្នាំកន្លងមកហើយនឹងជួបពិភាក្សាគ្នាអំពីការប្រគល់អាណត្តិនៅប៉ុន្មានសប្តាហ៍ខាងមុខ។ លោកស្រីបានបញ្ជាក់ថា៖ «លោក (វិទិត ម៉ុនតារបន) គឺជាមេធាវីអន្តរជាតិដែលមានបទពិសោធខ្ពស់ ១ រូប និងជាអតីតអ្នករាយការណ៍ពិសេស អ.ស.ប និងជាសាស្ត្រាចារ្យមហាវិទ្យាល័យនៅអាស៊ីអាគ្នេយ៍»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានសម្តែងការស្វាគមន៍ចំពោះលោក វិទិត ម៉ុនតារបន ដោយរំពឹងថា អ្នករាយការណ៍ពិសេសរូបនេះនឹងអាចធ្វើកិច្ចសហការបានល្អប្រកបដោយភាពស្មោះត្រង់ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជារួមមានរដ្ឋាភិបាល គណបក្សនយោបាយ អង្គការសង្គមស៊ីវីល ព្រមទាំងក្រុមដែលមាននិន្នាការប្រឆាំងផងដែរ។
លោកសង្ឃឹមថា៖ «លោក វិទិត នឹងធ្វើការសិក្សា ស្រាវជ្រាវ វិភាគ វាយតម្លៃ ធ្វើរបាយការណ៍ និងផ្តល់អនុសាសន៍អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្រកបដោយវិជ្ជាជីវៈក្នុងនាមជាអ្នកស្រាវជ្រាវ និងជំនាញការឯករាជ្យជាជាងជាអ្នកនយោបាយ និងត្រូវផ្អែកទៅលើទិដ្ឋភាពបច្ចេកទេសនៃសិទ្ធិមនុស្ស ស្ថានភាពជាក់ស្តែង និងបរិបទរបស់កម្ពុជាផងដែរ ជាជាងផ្អែកលើរបៀបវារៈ និងនិន្នាការនយោបាយផ្ទាល់ខ្លួន»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោក គិន ភា លើកឡើងថាទោះជាបុគ្គលនោះជាជនជាតិណាក៏ដោយ ក្នុងឋានៈជាមន្ត្រីអង្គការសហប្រជាជាតិ គួរតែបំពេញតួនាទីដោយផ្អែកទៅលើអព្យាក្រឹត និងប្រកបដោយតម្លាភាព។
លោកថ្លែងថា៖ «តួនាទីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទោះនៅក្នុងប្រទេសណាក៏ដោយគាត់ត្រូវតែបំពេញតួនាទីរបស់គាត់ក្នុងនាមជាមន្ត្រីអង្គការសហប្រជាជាតិ ដោយប្រកាន់នូវជំហរអព្យាក្រឹត ត្រឹមត្រូវ ហើយគួរតែយកស្ថានការណ៍ពិតជាក់ស្តែងនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជារបាយការណ៍មួយដែលមានតុល្យភាព ហើយមិនត្រូវមានគំនិតលម្អៀងផ្ទុយពីស្ថានភាពជាក់ស្តែងនៅប្រទេសកម្ពុជានោះទេ»។
ទោះជាយ៉ាងណាលោកសង្ឃឹមថា អ្នករាយការណ៍សិទ្ធិមនុស្សថ្មីនឹងរាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដោយផ្អែកទៅលើស្ថានភាពជាក់ស្តែងចៀសវាងផ្អែកតែទៅលើរបាយការណ៍តែមួយជ្រុងតូច។
លោកបានបញ្ជាក់ថា៖ ដូចកន្លងមកលោកស្រី រ៉ូណាស្ម៊ីត មិនសូវមានកិច្ចសហប្រតិបត្តិការល្អជាមួយរដ្ឋាភិបាលទេ ដោយសាររបាយការណ៍ភាគច្រើនរបស់គាត់ហាក់ដូចជាឆ្លុះបញ្ចាំងតែទិដ្ឋភាពតែជ្រុងមួយមិនព្យាយាមបង្ហាញពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងបញ្ហាសិទ្ធិមនុស្សជាដើម»។ លោកបញ្ជាក់ថា ករណីនេះជាមេរៀនសម្រាប់អ្នកតំណាងទទួលបន្ទុកអ្នករាយការណ៍ពិសេសថ្មី ដែលគួរតែរៀនសូត្រ និងស្វែងយល់ពីស្ថានភាពពិតនៅកម្ពុជា។
អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ ធ្លាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ដោយសារលោក វិទិត ម៉ុនតារបន ជាជនជាតិថៃ ដែលមានចំណេះដឹងច្រើន អំពីវប្បធម៌ខ្មែរ ដែលស្រដៀងទៅនឹងវប្បធម៌ថៃ ជាពិសេសវប្បធម៌នយោបាយខ្មែរ លោកអាចនឹងទទួលបានការយកចិត្តទុកដាក់ពិចារណា និងកិច្ចសហការល្អប្រសើរពីរដ្ឋាភិបាលកម្ពុជា។
លោក វិទិត ម៉ុនតារបន បានសរសេរលើពាក្យសុំបំពេញមុខតំណែងនេះថា កម្ពុជាមានការរីកចម្រើនគួរឱ្យភ្ញាក់ផ្អើលនៅលើវិស័យជាច្រើនចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ដែលបានបញ្ចប់សង្គ្រាមស៊ីវិល ហើយប្រទេសនេះបានចុះហត្ថលេខាទទួលយកនូវសន្ធិសញ្ញាសំខាន់ៗជាច្រើនពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស។
លោកបញ្ជាក់ថា នៅពេលលោកកាន់តំណែងនេះលោកនឹងផ្ដោតការយកចិត្តទុកដាក់លើបញ្ហាជាច្រើន ពាក់ព័ន្ធនឹងសិទ្ធិមនុស្សក្នុងនោះរួមមានផលប៉ះពាល់បណ្ដាលមកពីជំងឺកូវីដ១៩លើទិដ្ឋភាពសិទ្ធិមនុស្ស លម្ហប្រជាធិបតេយ្យ ពហុបក្សនិយម និងគោលការណ៍ តុល្យភាពនៃអំណាច៕