កំពង់ចាមៈ សិស្សស្រី អាយុ ១៥ ឆ្នាំ ២ នាក់បានស្លាប់នៅលើដងផ្លូវក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃសុក្រ ដោយសាររថយន្តធុនធំបើកបុកពីក្រោយទៅលើក្រុមសិស្សដែលកំពុងជិះកង់ចេញពីសាលារៀន ដែលស្ថិតនៅក្នុងឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ខណៈអ្នកបើកបររថយន្តបង្កហេតុ ត្រូវបានតុលាការ ខេត្តកំពង់ចាម សម្រេចឲ្យឃុំខ្លួនជាបណ្ដោះសន្ននៅពន្ធនាគារខេត្ត ដោយចោទប្រកាន់ពីបទបើកបរដោយធ្វេសប្រហែស បណ្ដាលឲ្យអ្នកដទៃស្លាប់ និងរបួស។
លោក សោម រស់ ប្រធានការិយាល័យចរាចរណ៍ជើងគោកខេត្តកំពង់ចាម បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃអាទិត្យថា កាលពីថ្ងៃសុក្រ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចក្បែរប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំក្រឡា ស្រុកកំពង់សៀម ដោយអ្នកបើកបររថយន្តធុនធ្ងន់ ១ គ្រឿង ពាក់ស្លាកលេខ កំពង់ចាម 3A-4058 បានបើកបុករះពីក្រោយ កង់សិស្សសាលា ១ ក្រុម មានគ្នា ៥ នាក់ ដែលកំពុងធ្វើដំណើរត្រឡប់ពីសាលាទៅផ្ទះវិញនាពេលថ្ងៃត្រង់។
លោក រស់ បានបន្តថា ក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យយុវតីម្នាក់ឈ្មោះ រុន ធារ៉ា អាយុ ១៥ ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ និងប្អូនស្រីជីដូនមួយរបស់នាងម្នាក់ឈ្មោះ រុន សុខចាន់ អាយុ ១៥ ឆ្នាំ ស្លាប់ពេលក្រុមគ្រួសារ ដឹកយកទៅកាន់មន្ទីរពេទ្យបានពាក់កណ្ដាលផ្លូវ ខណៈយុវតី ៣ នាក់ទៀត ដែលរួមមានឈ្មោះ ផែង ម៉ារីយ៉ា អាយុ ១៦ ឆ្នាំ, ផែង សុភ័ង អាយុ ១៦ ឆ្នាំ និងឈ្មោះ នូ ពីន អាយុ ១៧ ឆ្នាំ បានរងរបួសធ្ងន់ ដែលបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ដោយឡែក អ្នកបើកបររថយន្តបង្កហេតុឈ្មោះ មាស ម៉ារ៉ុន អាយុ ២៤ ឆ្នាំ មានលំនៅភូមិទួលពភ្លា ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានព្យាយាមបើករត់គេចខ្លួនពីកន្លែងកើតហេតុប្រមាណជាង ១០ គីឡូម៉ែត្រ ដើម្បីគេចវេះពីការទទួលខុសត្រូវ ប៉ុន្តែត្រូវបានក្រុមអ្នកភូមិដែលឃើញហេតុការណ៍នោះជិះម៉ូតូប្រដេញតាមពីក្រោយ និងរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ស្ទាក់ចាប់បាននៅស្រុកព្រៃឈរ។
លោក បានបញ្ជាក់ថា៖ «ជនសង្ស័យត្រូវបានសមត្ថកិច្ចយើងត្រួតពិនិត្យជាតិអាកុល និងរកឃើញមានកម្រិតជាតិអាល់កុលក្នុងខ្លួនរហូតដល់ ០,៩៣ មិល្លីលីត្រខ្យល់។ ក្រោយបញ្ចប់ការសាកសួរចម្លើយកាលពីព្រឹកថ្ងៃសៅរិ៍ សមត្ថកិច្ចយើងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការខេត្តកំពង់ចាម ហើយតុលាការបានសម្រេចចោទប្រកាន់ជនសង្ស័យពីបទបើកបរដោយធ្វេសប្រហែស បណ្ដាលឲ្យអ្នកដទៃស្លាប់ តាមបញ្ញត្តិមាត្រា ៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក»។
យោងតាមមាត្រាច្បាប់ខាងលើនេះ ជនសង្ស័យនឹងប្រឈមការផ្ដន្ទាទោសជាប់ពន្ធនាគារពី ៣ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ១០ លានរៀល ដល់ ២៥ លានរៀល។
កាលពីម្សិលមិញ ម្ដាយសិស្សស្រីរងគ្រោះឈ្មោះ រុន សុខចាន់ គឺអ្នកស្រី គី ទីន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គាត់ និងបងថ្លៃស្រីរបស់គាត់ឈ្មោះ នូវ ចិន្តា ដែលជាម្ដាយរបស់សិស្សឈ្មោះ រុន ធារ៉ា បានដាក់ពាក្យប្ដឹងរួចហើយកាលពីថ្ងៃសៅរ៍ដោយបានទាមទារសំណង [រដ្ឋប្បវេណី] ១៥ ០០០ ដុល្លារ ក្នុងម្នាក់ៗ និងសុំឲ្យផ្តន្ទាទោសអ្នកបើកបរនោះទៅតាមច្បាប់តែឲ្យធ្ងន់ធ្ងរបំផុត។
ចំណែកអ្នកស្រី សេង ផល្លា ដែលត្រូវជាម្ដាយយុវតីរងគ្រោះឈ្មោះ ផែង ម៉ារីយ៉ា ដែលឥឡូវនេះ នាងកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាក្នុងទីក្រុងភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អ្នកស្រីនៅមិនទាន់សម្រេចថា នឹងត្រូវទាមទារសំណងជំងឺចិត្តបែបណានៅឡើយទេ ប៉ុន្តែអ្នកស្រីសង្ឃឹមថា បងប្អូនសាច់ញាតិអ្នកបើកបររថយន្ត និងម្ចាស់រថយន្ត គប្បីចុះមកសួរសុខទុក្ខកូនស្រីរបស់គាត់នៅមន្ទីរពេទ្យ ដើម្បីពិនិត្យអំពីស្ថានភាពជំងឺកូនស្រីគាត់ និងសូមទោសចំពោះហេតុការណ៍ដែលបានកើតឡើង។
អ្នកស្រី ផល្លា ថ្លែងថា៖ «គ្រូពេទ្យប្រាប់ថា កូនខ្ញុំបាក់ឆ្អឹងថ្គាម ២ កំណាត់ ដែលត្រូវចំណាយពេលយូរនៅក្នុងការព្យាបាលដោយវះកាត់ ដើម្បីតអបឆ្អឹងឡើងវិញ ប៉ុន្តែវាអាចបាត់បង់ទ្រង់ទ្រាយដើមនៃទម្រង់មុខ។ ចំណែករបួសជើងដៃ គឺ មិនសូវជាធ្ងន់ធ្ងរទេ ដូច្នេះអ្វីដែលខ្ញុំចង់បានគឺសូមឲ្យភាគីជនបង្កទទួលខុសត្រូវព្យាបាលកូនស្រីខ្ញុំឲ្យជា ដើម្បីនាងបានចូលរៀនបន្តទៀត»។
លោក មៀច ស៊ាងរ៉េត នាយកវិទ្យាល័យសម្ដេចជួនណាត បានប្រាប់ភ្នំពេញប៉ុស្តិ៍ឲ្យដឹងថា សិស្សស្រីរងគ្រោះទាំង ៥ នាក់នោះ សុទ្ធតែរៀនថ្នាក់ទី៩ ដែលនឹងត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៩ ខាងមុខនេះ។ តែពួកគេត្រូវបាត់បង់ឱកាសទាំងស្រុងក្នុងការចូលរួមប្រឡង៕