បន្ទាយមានជ័យៈ សិស្សសាលា​ ២០ ​នាក់​ នៃ​វិទ្យាល័យ​ភ្នំ​ធំ​ក្នុង​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ​មាន​អាការ​ថប់ដង្ហើម​ហើយ​បាន​សន្លប់​​តគ្នា​ជា​បន្តបន្ទាប់ ខណៈ​អាកាសធាតុ​នៅក្នុង​តំបន់​នោះ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​មាន​ភាពស្អុះស្អាប់ និង​ហប់ខ្យល់​ខ្លាំង​។ នេះ​បើតាម​លោក ឆែម ម៉ូដែល នាយក​វិទ្យាល័យ​ភ្នំធំ​។

លោក ម៉ូដែល បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា នៅវេលា​ម៉ោង ១០:០៥ ​នាទី​ព្រឹក​ថ្ងៃទី​ ១៧ ខែ មីនា ឆ្នាំ​ ២០២១ សិស្ស​ទាំងអស់​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញលេង ពេល​នោះ​សិស្សស្រី​ថ្នាក់ទី​ ១០ ​ម្នាក់​បាន​ដើរមក​អង្គុយលេង​នៅលើ​បង់ ក្រោម​ម្លប់​ដើមឈើ​នៅមុខ​ថ្នាក់រៀន​របស់គាត់​។

ប្រមាណ​ជា​ ៣ ​នាទី​ក្រោយមក​សិស្សស្រី​នោះ​ក៏​ស្រែកប្រាប់​ឱ្យ​មិត្តភក្ដិ​ជួយ​គក់​ខ្នង​ និង​ច្របាច់​ញី​ក្បាល​របស់​នាង ដោយ​នាង​បាន​ប្រាប់​ទៅ​មិត្តភក្តិ​របស់​នាង​ថា​នាង​ «​ថប់ដង្ហើម​ខ្លាំងណាស់​»​។

លោក​បាន​បញ្ជាក់ថា​៖ «​បន្ទាប់មក​នាង​ក៏បាន​ទន់ដៃ​ទន់ជើង ហើយ​ដួលសន្លប់​តែម្ដង​។ ឃើញ​ដូច្នោះ មិត្តភក្តិ​របស់​នាង​មួយ​ចំនួន​មាន​អាការ​ភ័យតក់ស្លុត ហើយ​ក៏​បាន​ដួលសន្លប់​តាម​គ្នា​ជា​បន្តបន្ទាប់​រហូត​កើន​ដល់​ ២០ ​នាក់​»​។

បើតាម​លោក ម៉ូដែល ក្រោយ​មាន​ករណីនេះ​កើតឡើង រូបលោក និង​លោកគ្រូ​អ្នកគ្រូ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ជួយ​អន្តរាគមន៍ ហៅ​រថយន្ត​សង្គ្រោះ ដឹក​សិស្ស​ទាំងនោះ​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន មណ្ឌល​សុខាភិបាល​ភ្នំ​តូច មណ្ឌល​សុខភាព​អូរប្រាសាទ និង​តាម​គ្លីនិក​មួយចំនួន​ទៀត ក្នុងស្រុក​មង្គលបុរី ដើម្បី​ពិនិត្យ​ព្យាបាល​។

លោក​បាន​បន្ថែមថា​៖ «​គិត​ត្រឹម​ម៉ោង​ ៣ ​រសៀល​ថ្ងៃ​ពុធ [​ម្សិលមិញ​] ​នេះ សិស្ស​ទាំង​នោះ​បាន​ធូរស្រាល និង​ត្រឡប់​ទៅកាន់​ផ្ទះ​របស់​ពួកគេ​វិញ​អស់ហើយ​មិនមាន​បញ្ហា​អ្វី​នោះទេ​»​។

ទោះយ៉ាងណា​កាលពី​ម្សិលមិញ សិស្ស​ដែល​ត្រូវ​ចូលរៀន​វេន​ថ្ងៃ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ឈប់សម្រាក ដើម្បី​ការពារ​មាន​ករណី​ដួលសន្លប់​បែបនេះ​កើតឡើង​ជាថ្មី​ម្ដងទៀត​។ នេះ​បើតាម​លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុក​មង្គលបុរី​។

លោក​បាន​ថ្លែងថា​៖ «​យោងតាម​ការចុះ​ពិនិត្យ​ជាក់ស្ដែង បន្ទប់រៀន​មាន​លក្ខណៈ​តូចចង្អៀត បើ​ធៀប​ទៅនឹង​ចំនួន​សិស្ស ដែល​មាន​រហូតដល់ ៥៥ ​នាក់​ក្នុង ​១ ​បន្ទប់​។ អាកាសធាតុ​នៅ​ម៉ោង​ ១០ ​ព្រឹក​ ក្នុង​តំបន់​នោះ​បាន​កើន​កម្តៅ​ដល់​ ៣៥ ​អង្សាសេ ហើយ​ហប់​ខ្យល់ ទើប​ជា​ហេតុ​ធ្វើឱ្យ​សិស្ស​ដួលសន្លប់​។ ក្នុង​ស្ថានភាព​នេះ​ខ្ញុំ​បាន​ស្នើឱ្យ​លោកនាយក​សាលា​ផ្អាក​ការសិក្សា​សម្រាប់​សិស្ស​វេន​ថ្ងៃ​ ១ ​ពេល​សិន ដើម្បី​សម្រួល​ស្ថានការណ៍​កុំឱ្យ​កើតមាន​ជា​បន្តទៀត​»​។

លោក​បាន​បន្តថា ក្នុង​ចំណោម​សិស្ស​ទាំង​ ២០ ​នាក់ ​មាន​ ៥ ​នាក់​មាន​អាការ​ធ្ងន់ធ្ងរ ក្រៅពី​នោះ​ គឺ​មាន​អាការ​តិចតួច​ប៉ុណ្ណោះ​៕