ភ្នំពេញ: យ៉ាង​ហោច​ណាស់​មាន​សិស្ស​ដែល​បាន​ចូល​ប្រឡង​បាក់ឌុប​កាលពី​ខែ​សីហា​ចំនួន​ ៥០០ ​នាក់​បាន​ប្ដឹង​ក្នុង​រយៈពេល​ ២ ថ្ងៃ​ ដើម្បី​ជំទាស់​នឹង​លទ្ធផល​ដែល​ក្រសួង​អប់រំ​បាន​ប្រកាស​នៅ​ក្នុង​ខែ​កញ្ញា​​នេះ​ ខណៈ​សិស្ស​មួយ​ចំនួន​កំពុង​បន្ត​ដាក់​ពាក្យ​បណ្ដឹង​ជា​បន្ត​បន្ទាប់​ទៀត។​ នេះ​បើ​យោង​តាម​លោក ឌី ខាំបូលី អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ។

ក្រសួង​អប់រំ​បាន​ប្រកាស​​បើក​ចំហ​កាលពី​ថ្ងៃ​ទី ៩ ​និង​ ១០ ខែ​កញ្ញា​ដល់​សិស្ស​ដែល​មិន​ពេញ​ចិត្ត​លទ្ធផល​ប្រឡង​ព្រោះ​សង្ស័យ​ថា​ធ្លាក់​ដោយ​មាន​ភាព​មិន​ប្រក្រតី ហើយ​ផ្ទុះ​​ការតវ៉ា​ទើប​ក្រសួង​បើក​ទទួល​ពាក្យ​បណ្ដឹង​ពី​សិស្ស​ក្នុង​រយៈពេល​ ៣០ ​ថ្ងៃ។

លោក ខាំបូលី បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​ គណៈកម្មការ​កោសល្យវិច័យ​នៃ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​បាន​រៀបចំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​ប្រឡង​នេះ​ហើយ​។

លោក​បន្ដ​ថា​៖ ​«មក​ដល់​ម៉ោង​ប្រហែល​ ៣ ​រសៀល​​ថ្ងៃ​ពុធ​នេះ​ក្រសួង​អប់រំ​បាន​ទទួល​ពាក្យ​បណ្ដឹង​ប្រមាណ​ជាង​ ៥០០ ​ពាក្យ​បណ្ដឹង​ហើយ​ពី​បេក្ខជន​នៅ​ទូទាំង​ប្រទេស»​។

លោក​បាន​បន្ថែម​ថា​៖ ​«​សម្រាប់​​គណៈកម្មការ​កោសល្យវិច័យ​នឹង​ចាប់ផ្ដើម​ធ្វើ​ការងារ​ចាប់​ពី​ថ្ងៃ​នេះ (ថ្ងៃ​ពុធ​ ទី ១២ ​ខែ​កញ្ញា)​ តទៅ​ហើយ​ក្នុង​រយៈពេល​ ១ ​សប្ដាហ៍​នឹង​មាន​លទ្ធផល​បឋម​មួយ​ចំនួន​ ដើម្បី​ជូន​បេក្ខជន​ និង​សាធារណជន​ឲ្យ​បាន​ដឹង​អំពី​អ្វី​​ជា​លទ្ធផល​ដែល​គណៈកម្មការ​រកឃើញ​»​។

យុវសិស្ស វង្ស សារ៉ាវុធ ជា​សិស្ស​ថ្នាក់​ទី ១២ ​នៃ​វិទ្យាល័យ សុវណ្ណភូមិ ២​ រាជធានី​ភ្នំពេញ​ដែល​ជា​បេក្ខជន​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​នៅ​មណ្ឌល​ប្រឡង ​វិទ្យាល័យ​ឥន្ទ្រទេវី​បាន​មក​ដាក់​ពាក្យ​ប្ដឹង​នៅ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ថ្លែង​ថា​ រូបគេ​មិន​អស់​ចិត្ដ​ចំពោះ​​លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​ប្រឡង​បាក់ឌុប​នេះ ​ព្រោះ​រូបគេ​បាន​ធ្លាក់​ចំ​មុខវិជ្ជា​ដែល​ទុកចិត្ដ​ជាង​គេ​។

យុវជន សារ៉ាវុធ និយាយ​ថា៖ «​ពេល​ប្រកាស​លទ្ធផល​ដំបូង​ឃើញ​ធ្លាក់​មុខ​វិជ្ជា​គណិតវិទ្យា​ ខ្ញុំ​គិត​ថា​ប្រហែល​ជា​ខ្ញុំ​បាន​បង្កើត​កំហុស​អ្វី​មួយ​ក្នុង​ពេល​ប្រឡង​របស់​ខ្ញុំ​ ប៉ុន្ដែ​ក្រោយ​ពេល​ដែល​ខ្ញុំ​បាន​ផ្ទៀងផ្ទាត់​ជាមួយ​អត្រា​កំណែ​ដែល​បាន​បង្ហោះ​ដោយ​ក្រសួង​អប់រំ​ផ្ទាល់​រួមផ្សំ​ជាមួយ​លោកគ្រូ​អ្នកគ្រូ​គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ​ថែម​ទៀត​លទ្ធផល​នេះ ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ»។

យុវជន​រូប​នេះ​បាន​អះអាង​ថា​កាលពី​រៀន​នៅក្នុង​​សាលា​ គេ​ជា​សិស្ស​ម្នាក់​ដែល​ពូកែ​ទៅលើ​មុខវិជ្ជា​គណិតវិទ្យា​ជាង​មុខ​វិជ្ជា​ដទៃ​ទាំងអស់។

សិស្ស​សរសេរ​ពាក្យ​បណ្ដឹង​កាលពី​ម្សិលមិញ​នៅ​ក្រសួង។ ហេង ជីវ័ន

យុវជន សារ៉ាវុធ បាន​ថ្លែង​ថា​៖ «​បើ​ទាក់ទង​ជួយ​អាហារូបករណ៍​នៅ​ក្នុង​ប្រទេស​មាន​អាហារូបករណ៍​មួយ​ចំនួន​បាន​ចាប់ផ្ដើម​ទទួល​សិស្ស​រួច​ទៅ​ហើយ​ ចំណែកឯ​ការ​ដាក់​អាហារូបករណ៍​របស់​ខ្ញុំ​ទៅ​ក្រៅ​ប្រទេស​គឺ​ទៅ​ប្រទេស​ជប៉ុន​ក៏​នឹង​មាន​ផលប៉ះពាល់​ផង​ដែរ ​ដែល​នឹង​ត្រូវ​ឆ្លងកាត់​វគ្គ​សម្ភាសន៍​នៅ​ថ្ងៃទី​ ១៨ ខែ​កញ្ញា​ខាង​មុខ​នេះ។ ​អ៊ីចឹង​បើ​លទ្ធផល​របស់​ខ្ញុំ​ មុខវិជ្ជា​គណិត​នៅ​តែ​ធ្លាក់​លទ្ធផល​របស់​ខ្ញុំ​ប្រហែល​ជា​អាច​បាត់បង់​ឱកាស​អាហារូបករណ៍​មួយ​នេះ»។

យុវជន​រូប​នេះ​បន្ដ​ថា​៖ ​«​បើ​តាម​រាល់​ឆ្នាំ​ អ្វី​ដែល​ខ្ញុំ​ឮ​គឺ​មិនសូវ​ទទួល​បាន​លទ្ធផល​តាម​អ្វី​ដែល​ពួកគេ​ស្នើសុំ​ទេ​ ប៉ុន្ដែ​ឆ្នាំ​នេះ​ខ្ញុំ​គិត​ថា​ក្រសួង​ប្រហែល​ជា​ធ្វើការងារ​ជាង​រាល់​ឆ្នាំ ដោយសារ​កំហុស​បែប​នេះ​កើតឡើង​ច្រើន​កន្លែង​»​។

យុវសិស្ស ចាន់ ផាន់ណារ៉ា មកពី​វិទ្យាល័យ​អង្គស្នួល​ ខេត្ដ​កណ្ដាល​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​ដែរ​នោះ​បាន​ថ្លែង​ថា​៖ ​«​ខ្ញុំ​ធ្លាក់​មុខ​វិជ្ជា​គណិតវិទ្យា​ដែល​មិន​អាច​ទទួល​យក​បាន​និទ្ទេស​ផ្សេងៗ​ខ្ញុំ​ជាប់ B និង C ៗ ដល់​ពេល​ធ្លាក់​មុខវិជ្ជា​គណិត​នាំ​ឲ្យ​លទ្ធផល​សរុប​តែ​ម្ដង​ទាញ​មក​ឲ្យ​ខ្ញុំ​បាន​និទ្ទេស ​E»​។

យុវជន ផាន់ណារ៉ា ក៏​បាន​អះអាង​ដូច​គ្នា​ដែរ​ថា រូបគេ​ជា​សិស្ស​ពូកែ​គណិត​ និង​ចំណាយ​ពេល ១ ថ្ងៃ ៤-៥​ ម៉ោង ដើម្បី​សិក្សា​លើ​មុខវិជ្ជា​នេះ​តាំងពី​ដើម​រហូត​មក។ គួរ​បញ្ជាក់​ថា​រហូត​មក​​ដល់​រសៀល​ថ្ងៃទី​ ១២ ខែ​កញ្ញា​​ម្សិលមិញ​មាន​បេក្ខជន​ប្រឡង​បាក់ឌុប​ជាច្រើន​នាក់​បាន​បន្ត​ប្រមូលផ្តុំ​គ្នា​មក​ដាក់​ពាក្យ​ប្ដឹង​នៅ​​ក្រសួង​អប់រំ​ យុវជន និង​កីឡា។​

ការ​ប្រមូលផ្តុំ​តវ៉ា​របស់​សិស្ស​នេះ​បាន​ផ្ដើម​កើតឡើង​តាំងពី​រសៀល​ថ្ងៃ​ចន្ទ ទី​ ១០ ខែ​កញ្ញា​មក​ម្ល៉េះ។​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ក្រសួង​អប់រំ​កំពុង​បន្ត​ទទួល​បណ្តឹង​តវ៉ា​របស់​សិស្ស​ និង​បង្កើត​គណៈកម្មការ​កោសល្យវិច័យ​ដឹកនាំ​ដោយ​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ក្នុង​ការ​ដោះស្រាយ​លើ​បណ្តឹង​ទាំង​នេះ៕