ភ្នំពេញៈ គណៈកម្មការ​បោះពុម្ពផ្សាយ​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ​បាននិង​កំពុង​សើរើ​សៀវភៅ ដែល​ត្រូវបាន​បោះពុម្ព​នៅក្នុង​ទសវត្សរ៍​ ៦០ ដល់​ ៧៥ ចំនួន​ ៤ ​ចំណងជើង​ធ្វើការ​បោះពុម្ព​ឡើងវិញ ដើម្បី​ចូលរួម​លើកកម្ពស់​អក្សរសាស្ត្រ​ជាតិ និង​ជំរុញ​ការអាន​។

លោក ​ឡឹក ជំនោរ ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៩ ​មីនា​ថា សម្រាប់​ឆ្នាំនេះ សមាគម​នឹង​បោះពុម្ព​សៀវភៅ ៤ ​ចំណងជើង គឺ​រឿង «​នាង​រ៉ែនណែន​» ប្រលោមលោក​ពានរង្វាន់​ឥន្ទ្រ​ទេវី ឆ្នាំ​ ១៩៧២ និពន្ធ​ដោយ អ៊ឹម ឆុំ បោះពុម្ព​ជា​ភាសា​ខ្មែរ និង​រឿង «​មាលាដួងចិត្ត​» និពន្ធ​ដោយ នូ ហាច (​ជា​ភាសា​ខ្មែរ ថៃ​)​។ ក្រៅពីនេះ​ក៏​មាន​កម្រង​កំណាព្យ «​អនិច្ចា​ជីវិត​» ជា​ពានរង្វាន់​កវីនិពន្ធ អាស៊ីអាគ្នេយ៍ S.E.A. Write Award, 2019 និពន្ធ​ដោយ​កវីនិពន្ធ វ៉ែន សុន និង​ប្រលោមលោក​ពាក្យកាព្យ រឿង​ «​អប្សរា​» ពានរង្វាន់​ព្រះសីហនុរាជ ឆ្នាំ​ ២០០១ និពន្ធ​ដោយ ប៉ុល ពិសី​។ សមាគម​ក៏​នឹង​បន្ត​បោះពុម្ព​សៀវភៅ​ដែល​ទទួលបាន​ពានរង្វាន់ និង​ស្នាដៃ​ផ្សេងៗ​ទៀត​ដែល​បានជ្រើសរើស​យក​មក​បោះពុម្ព​បន្ថែម​ដើម្បី​ប្រយោជន៍​រួម​ផងដែរ​។

លោក​ថ្លែងថា​៖ «​គោលបំណង​នៃ​ការបោះពុមុ្ព​នេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​សា្នដៃ​ឆ្នើម​ឱ្យ​សាធារណជន​បានដឹង និង​ជ្រួតជ្រាប និង​លើកស្ទួយ​ចូលរួម​ជំរុញ​ការអាន​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យបាន​ទូលំទូលាយ​ជាមួយ​នឹង​សៀវភៅ​ដែលមាន​ស្តង់ដា​មួយ​សម្រាប់​អ្នកអាន​ទូទៅ​»​។

លោក ឡឹក ជំនោរ ថ្លែង​បន្ត​ថា មួយវិញទៀត​ការបោះពុម្ព​សៀវភៅ​ឡើងវិញ​នេះ​អាស្រ័យ​លើ​ធនធាន​មនុស្ស​ត្រូវការ​អាន​ជា​ចាំបាច់ ហើយ​កន្លងមកនេះ​គ្រប់​ស្ថាប័ន និង​គ្រឹះស្ថាន​បោះពុម្ព​បាន​ជំរុញ​ការបោះពុម្ព​សៀវភៅ​ដើម្បី​លើកកម្ពស់​ដល់​ការអាន​នៅ​កម្ពុជា​ឱ្យ​បាន​ច្រើន​។

បើតាម​លោក ឡឹក ជំនោរ សៀវភៅ​ដែល​បាន​បោះពុម្ព​នេះ​នឹង​ត្រូវ​ចែកចាយ​តាមរយៈ​ការលក់​នៅ​តាម​បណ្ណាគារ និង​ចែកចាយ​នៅតាម​បណ្ណាល័យ​សាធារណៈ និង​ស្ថាប័ន​ជាតិ​ឱ្យបាន​ទូលំទូលាយ​។

លោក ឡឹក ជំនោរ រំពឹង​ថា​ការបោះពុម្ព​ស្នាដៃ​សៀវភៅ ដែល​ធ្លាប់​បោះពុម្ព​ពី​ទសវត្សរ៍​ឆ្នាំ​ ៦០ មកដល់ ៧៥ និង​ស្នាដៃ​ថ្មីៗ​ដែល​នឹងត្រូវ​បោះពុម្ព​ឡើងវិញ​នេះ​នឹង​មាន​ការគាំទ្រ​ច្រើន ព្រោះ​ស្នាដៃ​មួយចំនួន​បានដាក់​បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​រួចហើយ​ដែរ​។ ក្រៅតែពី​ជំរុញ​ការអាន សមាគម​បាន​បំពេញភារកិច្ច​មួយ​ក្នុង​ការរៀបចំ​សៀវភៅ​ដែលមាន​ស្តង់ដា និង​​ក្បួនខ្នាត​ត្រឹមត្រូវ​ក្នុង​គោលដៅ​លើកកម្ពស់​អក្សរសាស្ត្រ​ជាតិ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ថ្លែង​ថា ក្រសួង​អប់រំ ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន​គណៈកម្មការ​បោះពុម្ព​ផ្សាយ​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ​ក្នុង​ការចូលរួមចំណែក​លើកកម្ពស់​អក្សរសាស្ត្រ​ជាតិ និង​ជំរុញ​ការអាន​ដែល​ស្រប​នឹង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ឆ្នាំ​ ២០-១៩-២០២៣ និង​គោលបំណង​នៃ​ទិវាជាតិ​អំណាន​។

លោក​ថ្លែងថា​៖ «​ការសើរើ​ស្នាដៃ​ដែល​ធ្លាប់​បោះពុម្ព​នៅ​ទសវត្សរ៍ ៦០ ដល់ ឆ្នាំ​ ១៩៧៥ ដើម្បី​បោះពុម្ព​ឡើងវិញ​ជា​ការដាស់​ព្រលឹង​មួយ​ដើម្បី​ចូលរួម​ជំរុញ​វប្បធម៌​អំណាន​នៅ​កម្ពុជា​»៕